KPT+
មូលហេតុ ភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ចំណាយពេលផលិតជិត ១ ឆ្នាំ
ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ “ជីវិតក្មេងវត្ត” ត្រូវបានដាក់សម្ពោធផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ។ ខ្សែភាពយន្តចម្រៀងនេះ ត្រូវបាន សមាគមសិល្បករខ្មែរ ចំណាយថវិកាអស់ជាង ១២ ម៉ឺនដុល្លារ និងប្រើពេលផលិតអស់ជិត មួយឆ្នាំ។

លោក ហ្វៃ សំអាង អ្នកដឹកនាំសម្ដែង ខ្សែភាពយន្តចម្រៀង “ជីវិតក្មេងវត្ត មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា លោកសប្បាយរីករាយដែលបានដឹកនាំសម្ដែង ខ្សែភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ជាលើកទី២ ខណៈកាលពី ២២ ឆ្នាំមុន លោកបានការដឹកនាំសម្ដែងចម្រៀងនេះម្ដងរួចមកហើយ។ លោកបន្ថែមថា កាលពីមុន អ្នកដឹកនាំសម្ដែងចម្រៀងខារ៉ាអូខេ អាចផលិត បាន ៣ បទ ក្នុង ១ថ្ងៃ ប៉ុន្តែក្នុងសម័យនេះ ចំពោះវណ្ណកម្មភាពយន្តចម្រៀងនេះ គឺប្រើពេលជិតមួយឆ្នាំ។

លោក ហ្វៃ សំអាង បញ្ជាក់ថា៖ “ភាពយន្តចម្រៀងមានរយៈពេល ៣០ នាទី ប៉ុន្តែយើងប្រើពេលជិត មួយឆ្នាំ។ និយាយទៅ យើងចេញថត នៅខែមករា ឆ្នាំ២០២២នេះ រហូតបើកសម្ពោធនៅថ្ងៃនេះ មានរយៈពេលជិត ៩ខែ។ ប៉ុន្តែបើយើងរាប់តាំងពីរើសតួសម្ដែង រើសទីតាំងថត និងកិច្ចការផ្សេងៗទៀតនោះ មានរយៈពេលជិតមួយឆ្នាំ”។

លោក ហ្វៃ សំអាង បានឱ្យដឹងបន្តថា ការផលិតខ្សែភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” នេះ ជួបបញ្ហាលំបាកបន្ថែមមួយចំនួនទាក់ទងនឹងទីតាំងសាច់រឿងជាក់ស្ដែង ដែលមកដល់បច្ចុប្បន្ន ទីតាំងទាំងនោះមានការអភិវឌ្ឍខុសប្លែងគ្នាខ្លាំង។

លោក ហ្វៃ សំអាង មានប្រសាសន៍បន្តថា៖ “សាច់រឿងត្រូវផ្ដិតរូបភាពនៅ វត្តនាគវន្ត វិទ្យាល័យឥន្ទ្រទេវី ដោយសារបច្ចុប្បន្នមានការអភិវឌ្ឍ អ៊ីចឹងវត្តនាគវន្តបានប្រែប្រួល កុដិពីដើមដែលលោក (សម្ដេចតេជោ) ជាកុដិឈើ ប៉ុន្តែបច្ចុប្បន្ន គឺជាកុដិថ្មអស់ហើយ យើងអត់អាចផ្ដិតទិដ្ឋភាពនៅទីនោះ ដូចកាលពី ២២ ឆ្នាំមុនទេ។ អ៊ីចឹង យើងត្រូវស្វែងរកទីអារាមណា នៅតាមទីជនបទដែលមានកុដិ មានទិដ្ឋភាពប្រហាក់ប្រហែលនឹងវត្តនាគវ័ន្ត កាលពីឆ្នាំ១៩៦៥”។

លោក ហ្វែ សំអាង មានប្រសាសន៍បន្តថា៖ “រឿងសំខាន់ខ្លាំងនោះ គឺជុំវិញវិទ្យាល័យ ឥន្ទ្រទេវី មានការអភិវឌ្ឍ មានអគារខ្ពស់ៗ ខុនដូខ្ពស់ៗ។ ពេលយើងចាប់ប្លង់ទៅ គឺខុសសម័យកាលពេលលោក (សម្ដេចតេជោ) មកសិក្សា។ អ៊ីចឹងយើងត្រូវប្រើបច្ចេកទេសក្រាហ្វិកកុំព្យូទ័រដើម្បីលុបដោយលំបាក ដែលយើងប្រើពេលយូរ”។

លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានឱ្យដឹងថា ខ្សែភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” មានរយៈពេល ៣១ នាទី ដែលមានអត្ថន័យ អត្ថរស និងខ្លឹមសារគ្រប់គ្រាន់ស្របតាមសាច់រឿងពិតរបស់សម្ដេចតេជោ។ លោកស្រី បញ្ជាក់ថា ភាពយន្តចម្រៀងនេះ ត្រូវផលិតឡើងដោយយកចិត្តទុកដាក់ និងសម្រិតសម្រាំងបំផុតពីគណៈគ្រប់គ្រងភាពយន្តដែលប្រើពេលថត និងកាត់តជិតមួយឆ្នាំ និងចំណាយអស់ទឹកប្រាក់ប្រមាណ ១២ ម៉ឺនដុល្លារ។

លោកស្រី ចន ច័ន្ទលក្ខិណា លើកឡើងបន្តថា៖ “ក្រុមផលិតបានជួបនូវឧបសគ្គមួយចំនួន ដូចជាការស្វែងរកទីតាំងថត ស្ថានភាពអាកាសធាតុក្ដៅ ភ្លៀង ស្ថានភាពធ្វើដំណើរ និងបញ្ហាមួយចំនួនទៀត ប៉ុន្តែក្រុមផលិតបានពួតដៃគ្នាធ្វើកិច្ចការងារប្រកបដោយជោគជ័យ។ តួយ៉ាងទីតាំងលក្ខណៈបុរាណ មួយចំនួនត្រូវបានអភិវឌ្ឍកែប្រែមុខមាត់ថ្មីដោយសារម្លប់សន្តិភាពក្រោមការដឹកនាំដ៏ឆ្លៀសររបស់សម្តេចពុក ម្ល៉ោះហើយយើងមានការលំបាកក្នុងការស្វែងរកទីតាំងថត ប៉ុន្តែយើងខ្ញុំជាកូនជាចៅសប្បាយចិត្តពេលឃើញ ប្រទេសយើងមានការរីកចម្រើន”។

គួរបញ្ជាក់ថា ចម្រៀង “ជីវិតក្មេងវត្ត” ជាស្នាដៃនិពន្ធ របស់សម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំ ១៩៩៦ សំនៀង ដើមលោក យិន សារិន និងច្រៀងឡើងវិញដោយលោក ជិន វឌ្ឍនា។ ភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” មានផលិតករ ៣ រូបគឺ លោកស្រី ចន ច័ន្ទលក្ខិណា ឧកញ៉ា ហេង ឡុង និង ឧកញ៉ា អ៊ឹង លីហេង។ ក្នុងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភបច្ចេកទេសថត និងសម្ភារៈបម្រើឱ្យការផលិត។ តួអង្គសម្តែងមានដូចជា អ្នកគ្រូ ឌី សាវ៉េត កញ្ញា ឌួង សូរីដា លោក ឈឹម សក្កដា លោក ប៉ាន់ មាឌូ កញ្ញ នីតា វររង្ស លោក ម៉េង ប៊ុនឡូ លោក ពៅ ពិសិដ្ឋ អ្នកនាង លី ម៉ារីណា និងមានតួអង្គជាច្រើនទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?