Connect with us

ព័ត៌មានជាតិ

ប្រកាសតែងតាំងប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ ៧ មករា

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃទី​ ០៨ ខែតុលា​ ឆ្នាំ​ ២០២៥ មាន​ពិធី​ប្រកាស​តែងតាំង​ប្រធាន​ទីចាត់ការ​ពន្ធដារ​រាជធានី​ភ្នំពេញ និង​ប្រធាន​សាខា​ពន្ធដារ​ខណ្ឌ​ ៧​ មករា ក្រោម​អធិបតីភាព​លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​និង​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ថ្មី ក្នុង​ខណ្ឌ​ជ្រោយចង្វា ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ត្រូវបានតែងតាំង​លោក សិញ សេង​ហោ ជា​ប្រធាន​ទីចាត់ការ​ពន្ធដារ​រាជធានី​ភ្នំពេញ និង ប្រកាស​តែងតាំង​លោក ស៊ុន វុទ្ធី ជា​ប្រធាន​សាខា​ពន្ធដារ​ខណ្ឌ​ ៧​ មករា។

លោក ឃួង ស្រេង បាន​មានប្រសាសន៍ថា ការប្រកាស​តែងតាំង​ប្រធាន​ទីចាត់ការ​ពន្ធដារ​រាជធានី​ភ្នំពេញ និង​ប្រធាន​សាខា​ពន្ធដារ​ខណ្ឌ​ ៧​ មករា​ នាពេលនេះ​ ធ្វើឡើង​ជាធម្មតា សម្រាប់​អាជីព​មន្ត្រី​រាជការ ទៅតាម​នីតិវិធី​កំណត់​ដោយ​ច្បាប់។ ជាក់ស្តែង​ចំពោះ​ការប្រកាស​តែងតាំង​អ្នក​ទាំង​ ២ នាពេលនេះ គឺ​ដើម្បី​បន្ត​អនុវត្ត​ការងារ​កាន់តែ​ល្អ​ថែមទៀត​ក្នុង​ការ​រក​ចំណូល​ថវិកា​ពី​អ្នក​ជាប់​ពន្ធ​ចូល​ជា​ថវិកា​រដ្ឋ។

លោក ឃួ​ង ស្រេង សូមឱ្យ​ប្រធាន​ទីចាត់ការ​ពន្ធដារ​រាជធានី​ភ្នំពេញ និង​ប្រធាន​សាខា​ពន្ធដារ​ខណ្ឌ ​៧​ មករា បញ្ចេញ​ឱ្យអស់​ចំណេះដឹង ក្នុងការ​ប្រមូល​ពន្ធ កែទម្រង់​ខាងក្នុង ធានា​អភិបាលកិច្ច​ល្អ​ និង​គ្មាន​កំហុស​ឆ្គង។

លោក ឃួង ស្រេង ក៏បាន​ផ្ដាំផ្ញើ​ផងដែរ​ថា ក្នុងនាម​ជា​មន្ត្រីរាជការ បម្រើ​សេវា អ្នក​ជាប់ពន្ធ ត្រូវ​បំពេញ​ការងារ​នេះ​ឱ្យបាន​ល្អ ឱ្យបាន​លឿន ​និង​មាន​តម្លាភាព។ ត្រូវ​ដឹងខ្លួន​ថា យើង​ជា​មន្ត្រី​បម្រើ​ពលរដ្ឋ មិនមែនជា​ចៅហ្វាយ​របស់​ប្រជាពលរដ្ឋ​នោះទេ​។ បន្ថែម​ពីនេះ​ លោក ឃួ​ង ស្រេង ក៏បាន​ស្នើ​ឱ្យ​ខណ្ឌ​ទាំង​ ១៤ ​ខណ្ឌ គាំទ្រ​ជាមួយនឹង​ការសហការ​ជាមួយ​សាខា​ពន្ធដារ​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​ការប្រមូល​ពន្ធពី​អ្នក​ជាប់ពន្ធបាន​រលូន​ស្របទៅតាម​ផែនការ​ដែល​បានកំណត់។

លោក គង់ វិបុល ក្នុងឱកាស​នោះ​ ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ប្រធាន​ទីចាត់ការ​ពន្ធ​ដារ​រាជធានី​ភ្នំពេញ និង​ប្រធាន​សាខា​ពន្ធដារ​ខណ្ឌ​ ៧ ​មករា ចាស់ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បំពេញ​ការងារ​បាន​យ៉ាង​ល្អជូន​អគ្គនាយកដ្ឋាន​ពន្ធដារ ,​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​រាជរដ្ឋាភិបាល។

បន្ថែម​ពីនេះ​ លោក គង់ វិបុល បាន​ណែនាំ​ឱ្យ​ប្រធាន​ទីចាត់ការ​ពន្ធដារ​រាជធានី​ភ្នំពេញ និង​ប្រធាន​សាខា​ពន្ធដារ​ខណ្ឌ​ ៧ ​មករា​ ដែល​តែងតាំង​ថ្មី​នេះ បន្ត​កិច្ចការងារ​នេះឱ្យបាន​កាន់តែ​ល្អ ស្របតាម​វិជ្ជាជីវៈ ធ្វើជា​មន្ត្រី​ស្អាតស្អំ​របស់​រាជរដ្ឋាភិបាល មាន​សាមគ្គីភាព​ផ្ទៃ​ក្នុង​ល្អ ដោយ​មិន​ត្រូវ​មើល​រំលង​ពី​កំហុស​ឆ្គង​របស់​ខ្លួន​ឯង។ ក្នុងនាម​ជា​មន្ត្រី​បម្រើ​រាស្ត្រ ត្រូវ​បម្រើ​សេវា​ជូន​អ្នក​ជាប់​ពន្ធ​ឱ្យ​បាន​ល្អ ទាំង​ពាក្យសំដី ទាំង​ការ​ផ្តល់​សេវា​ជាដើម ឱ្យ​សម​ជា​មន្ត្រី​របស់​រាជរដ្ឋាភិបាល​ដែលមាន​ក្រម​សីលធម៌​ខ្ពស់ ក្មេង ឆ្លាត​វៃ និង​ប៉ិនប្រសព្វ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម