Connect with us

សេដ្ឋកិច្ច

ពន្ធដារប្រមូលចំណូលបានជាង២ពាន់លានដុល្លារក្នុង៥ខែ សម្រេចបានជាង៥៣% នៃផែនការ

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារ​ ប្រមូលចំណូលបានប្រមាណ​ ២ ពាន់លានដុល្លារ ​នៅ​ក្នុងរយៈពេល​ ៥ ខែ​ ឆ្នាំ ២០២៦ ​សម្រេចបាន ​៥៣,២២% នៃផែនការ។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ០២ ខែ​មិថុនា ​២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អគ្គនាយកដ្ឋានពន្ធដារ​​ដើរតួនាទី​សំ​ខាន់​ក្នុង​ការ​ប្រមូល​ចំណូល​ជូន​រដ្ឋ ​និង​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍគ្រប់វិស័យ ​ក្នុង​ការ​គាំទ្រ​ដល់វិស័យឯកជន ​ដែល​ជា​ក្បាល​ម៉ាស៊ីន​​នៃកំណើន​សេដ្ឋកិច្ច ​និង​ជា​ឆ្អឹងខ្នង​នៃការ​អភិវឌ្ឍ​សង្គមជាតិ។​

​សម្ដេចតេជោ ​ហ៊ុន ​សែន ប្រមុខរដ្ឋស្តីទីកម្ពុជា មានប្រសាសន៍ក្នុងពេល អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារនៅព្រឹកថ្ងៃទី ០២ ខែមិថុនា ២០២៦ថា៖ «​អ្វីដែលយើងត្រូវការ​​គឺចំណាយចរន្ត​ ហើយចំណាយចរន្តរបស់យើ​គឺមិនឱ្យខ្វះទេ ពីដើមបើក​ប្រាក់​ខែវេទនា​ណាស់លោកព្រះ ​វេទនានៅត្រង់​ថា ​អត់មានលុយហើយ ​អាប្រាក់ខែតិចហើយ ​វាអត់មាន​លុយបើកឱ្យគេទៀត​ បានជាមន្ត្រីយើងនិយាយថា ​ស្រុកខ្មែរ ​មានមួយខែ ​៦០​ ថ្ងៃ ៧០ ថ្ងៃ ៨០​ ថ្ងៃ ៩០ ថ្ងៃ ប៉ុន្តែ​ស្រុក​ខ្មែរ​ឥឡូវ ១ ខែ មានតែ ១៥ ថ្ងៃ ព្រោះអី ១៥ ​ថ្ងៃ​បើក​ប្រាក់​ខែ​ម្ដង»។

សម្ដេច​តេជោ ​ហ៊ុន ​សែន បានរំលឹកថា ​ប្រសិន​បើគ្មានជំងឺកូវីដ១៩ ​កម្ពុជា​មានលទ្ធភាព​សាងសង់ហេដ្ឋា​រចនាសម្ព័ន្ធនានា ​ដោយមិនពឹងពាក់បរទេស​ ប៉ុន្តែកូវីដ​ធ្វើបាបយើង ​ពេលនោះ​យើងសន្សំប្រាក់បាន ៤ ពាន់លានដុល្លារ​។​

​សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា៖ ​«បន្ទាប់ពីកូវីដធ្វើឱ្យយើងងើបឡើងវិញ មកដល់ពេលនេះ បើតាមខ្ញុំគិត យើង​ចំណេញ​ប្រាក់​មិន​តិចជាង​ ១ ពាន់លានដុល្លារ ​តាម​រយៈការ​យក​សេះដូសេះ​ យើង​អត់​មាន​លុយទេ​ ដើម្បី​កសាងអគារចាស់ៗរបស់យើង ​កន្លែង​ខ្លះយកផ្ទះប្រជាជនធ្វើក្រសួង ​ប៉ុន្តែ​ដោយសារដីកន្លែង​ហ្នឹង​ត្រូវប៉ាន់ ​ក៏ដោះដូរ​កន្លែងហ្នឹងជាមួយដី ៣ ឬ៤ហិកតា»។​

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជាយល់ឃើញថា ការ​ប្រមូលពន្ធដើរតួនាទីសំខាន់ក្នុងការរីកចម្រើនសេដ្ឋកិច្ចជាតិ ​និងធានាភាពធន់នៃសេដ្ឋកិច្ច ​ខណៈ​កម្ពុជា​ពឹង​ផ្អែក​សំខាន់​លើការ​ប្រមូលពន្ធ​។ ​

​លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា ​បន្ថែមថា សារពើពន្ធ​​គឺជាគ្រឹះសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីយកទៅ​ប្រើប្រាស់​ធានា​ក្នុង​ការចំណាយសាធារណៈ ជាពិសេសទៅលើការវិនិយោគ​សារធា​រណៈ​ ប្រាក់បៀវត្សរ៍ និង​សេវាសង្គមផ្សេងៗ រួមទាំងការបង់ការប្រាក់ និងថ្លៃដើម​កម្ចីប​រទេស។​

​យោង​តាម​ច្បាប់​ថវិកា ឆ្នាំ​២០២៦ ​រាជរដ្ឋាភិបាលកម្ពុជា ​គ្រោង​ប្រមូល​ចំណូល​សារពើពន្ធ​ឱ្យ​បាន ​៦,៨ ពាន់លានដុល្លារ ​ក្នុង​នោះចំណូល​ពន្ធដារ ៣,៨ ពាន់លានដុល្លារ និងចំណូលពន្ធគយ ៣ ពាន់លានដុល្លារ៕

អត្ថបទ៖​ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម