ព័ត៌មានជាតិ
ក្រសួងចំនួនពីររួមគ្នាជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិត នៅតាមសាលារៀន
ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្ដេជ្ញាជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិត នៅតាមសាលារៀន ដើម្បីបង្កើនប្រសិទ្ធភាពការបង្រៀន និងការរៀនសូត្រនៅកម្ពុជាឱ្យឈានដល់កម្រិតខ្ពស់ស្របតាមនិន្នាការពិភពលោក។

ការប្តេជ្ញានេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ នៅក្នុងកិច្ចប្រជុំរវាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការក្រសួងអប់រំ។

ក្នុងឱកាសនេះ លោក ជា វ៉ាន់ដេត បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការបញ្ចូលជំនាញឌីជីថលទៅក្នុងប្រព័ន្ធអប់រំ គឺជាតម្រូវការចាំបាច់មួយសម្រាប់ការកសាងរដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេស។

ជាមួយគ្នានេះដែរ ក្រសួង នឹងផ្តោតលើការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ICT និងការផ្តល់ជំនួយផ្នែកបច្ចេកទេសក្នុងការបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញឌីជីថលដែលមានគុណភាពខ្ពស់ ជាពិសេសចូលរួមសហការក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងប្រព័ន្ធអប់រំ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងអប់រំ បាននិងកំពុងជំរុញការកែទម្រង់កម្មវិធីសិក្សាតាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀនលើបច្ចេកវិទ្យាថ្មីៗ និងការបង្កើតនូវធនធានរៀន និងបង្រៀន តាមប្រព័ន្ធឌីជីថលជាដើម។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញគាំទ្រទៅលើការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំផងដែរ ព្រោះថា គម្រោងនេះ នឹងក្លាយជាកត្តាដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាពការបង្រៀន និងការរៀនសូត្រនៅកម្ពុជាឱ្យឈានដល់កម្រិតខ្ពស់ស្របតាមនិន្នាការពិភពលោក។
គួរបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ AI នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងវិស័យអប់រំនៅកម្ពុជា។ ទន្ទឹមនេះ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មជ្ឈមណ្ឌលនេះ នឹងមានសក្តានុពលក្នុងការបង្កើនគុណភាព នៃការអប់រំ តាមរយៈការបង្កើតការផ្លាស់ប្តូរវិធីសាស្ត្រ នៃការបង្រៀន និងរៀន ដោយប្រើប្រាស់បច្ចេកវិទ្យា AI ជាឧបករណ៍ជំនួយ សំដៅជំរុញគុណភាពអប់រំប្រកបដោយបរិយាបន្ន ទំនួលខុសត្រូវ សីលធម៌ និងសមធម៌ និងស្របតាមបរិបទសង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា។
ក្នុងឱកាសចូលរួមក្នុងទិវាគ្រូបង្រៀន ៥ តុលាថ្មីៗ នេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីជា AI មានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏បច្ចេកវិទ្យានេះ នៅតែជាឧបករណ៍ជំនួយ និងមិនទាន់អាចមកជំនួសតួនាទីស្នូលរបស់គ្រូបង្រៀនបាននៅឡើយទេ។ ការផ្ទេរចំណេះដឹងអាចធ្វើឡើងតាមបច្ចេកវិទ្យា ប៉ុន្តែការអប់រំតាមរយៈបេះដូង ការបណ្តុះបណ្តាលគុណធម៌ សីលធម៌ ទំនាក់ទំនងផ្ទាល់ និងការជំរុញទឹកចិត្តដល់សិស្ស គឺជាកិច្ចការដែលទាមទារនូវភាពជាមនុស្ស និងភាពឆ្លាតវៃផ្នែកអារម្មណ៍ ដែលជាតម្លៃមិនអាចកាត់ថ្លៃបាន នៃវិជ្ជាជីវៈគ្រូបង្រៀន។ ដូចនេះ គ្រូបង្រៀន ត្រូវតែជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកបំផុសគំនិតឱ្យសិស្សបានស្គាល់ និងប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព។
លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំសាលារៀនគំរូ និងគ្រប់សាលារៀន ឱ្យចាប់ផ្តើមបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងកម្មវិធីសិក្សារបស់សាលាឱ្យបានផុសផុលដោយ ជំរុញឱ្យប្រើប្រាស់ឧបករណ៍ AI ជាជំនួយក្នុងការរៀបចំផែនការបង្រៀន និងវាយតម្លៃសិស្ស ក៏ដូចជាបង្កើតលំហាត់ដែលតម្រូវឲ្យសិស្សានុសិស្សយល់ដឹងពីគោលការណ៍គ្រឹះ នៃ AI និងរបៀបប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយក្រមសីលធម៌។ គោលដៅសំខាន់គឺបណ្តុះបណ្តាលសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋឌីជីថលដែលមានសមត្ថភាព និងអាចទាញយកសក្តានុពល នៃ AI មកបម្រើការងារ និងការសិក្សា ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


