Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ដល់សិស្សផ្នែកអប់រំបច្ចេកទេសជាង ៣ ពាន់កន្លែង ចូលរៀនថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ឱ្យ​សិស្សានុសិស្ស​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​ ៣ ​ប្រញាប់​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​ ដើម្បី​ទទួលបាន​ឱកាស​ចូលរៀន​ថ្នាក់​បរិញ្ញាបត្ររង​ និង​ថ្នាក់​បរិញ្ញាបត្រ​ នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ខណៈ​ឆ្នាំ​សិក្សា ២០២៥-២០២៦ ​នេះ​ ក្រសួង​នឹងធ្វើ​ការ​ជ្រើសរើស​បេក្ខជន​ចំនួន ៣០២៥ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​ ២៥ តុលា​ នេះ​ បានឱ្យដឹងថា ​ក្នុងចំណោម​បេក្ខជន​ចំនួន ៣០២៥ កន្លែង ក្នុងនោះ ថ្នាក់​បរិញ្ញាបត្រ ចំនួន ៥០១ កន្លែង និង​បរិញ្ញាបត្ររង ចំនួន ២ ៥២៤ កន្លែង ឱ្យទទួល​អាហារូបករណ៍​ចូលរៀន ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់​បរិញ្ញាបត្រ​តាម​កម្មវិធី Competency Based នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ សម្រាប់​ឆ្នាំ​សិក្សា ២០២៥-២០២៦។

បើតាម​ក្រសួង​អប់រំ​ចំពោះ​លក្ខខណ្ឌ​ចុះឈ្មោះ​សុំ​អាហារូបករណ៍​សិស្ស​ផ្នែក​អប់រំ​បច្ចេកទេស​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​បច្ចេកទេស ​និង​វិជ្ជាជីវៈ​កម្រិត ​៣ នៅ​តាម​វិទ្យាល័យ​ចំណេះ​ទូទៅ​ និង​បច្ចេកទេស អាច​ចុះឈ្មោះ​សុំ​អាហារូបករណ៍​ចូលរៀន​តាម​មុខជំនាញ​របស់ខ្លួន​នៅតាម​គ្រឹះស្ថាន​ឧត្ត​ម​សិក្សា​សាធារណៈ ឬ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាលបច្ចេកទេស​ និង​វិជ្ជាជីវៈ ដោយ​មិន​កំណត់​ឆ្នាំ​ប្រឡង​ជាប់​ឡើយ​ ហើយ​លក្ខខណ្ឌ​ នៃ​ការជ្រើសរើស​ត្រូវ​កំណត់​ដោយឡែក​តាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នីមួយៗ។

រីឯ​លក្ខណវិនិច្ឆ័យ​ នៃ​ការជ្រើសរើស​សិស្ស​ឱ្យចូល​រៀន គឺ​ជ្រើសរើស​តាម​និទ្ទេស​រួម និទ្ទេស​តាម​មុខវិជ្ជា និង​និទ្ទេស​មុខជំនាញ ដែល​ពាក់ព័ន្ធ​។

បេក្ខជន​ត្រូវ​មក​ទទួល​ពាក្យសុំ​អាហារូបករណ៍នៅតាម​បណ្តា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ ឬ គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស​និង​វិជ្ជាជីវៈ ដែល​ខ្លួន​ជ្រើសរើស ឬ​នៅ​វិទ្យាល័យ​ចំណេះ ទូទៅ ​និង​បច្ចេកទេស​ដែល​ខ្លួន​សិក្សា ឬ នៅ​នាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ នៅ​រាល់​ម៉ោង​ធ្វើការ​។

ចំណែក​លទ្ធផល​ នៃ​ការជ្រើសរើស​ដោយ​ពិន្ទុ មាន​បិទ​ផ្សាយ​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ ឬ គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស​ និង​វិជ្ជាជីវៈ នីមួយៗ​ ដែល​ខ្លួន​បាន​ជ្រើសរើស មន្ទីរអប់រំ យុវជន និង​កីឡា​សាមី និង​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ​ និង​បច្ចេកទេស​សាមី របស់​បេក្ខជន។

គួរ​បញ្ជាក់​ថា បេក្ខជន​ ០១​ នាក់ មាន​សិទ្ធិ​ស្នើសុំ​ចុះឈ្មោះ​សុំ​អាហារូបករណ៍​បាន​ ០១ ជំនាញ ហើយ​អាច​ជ្រើសរើស គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ ឬ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស​ និង​វិជ្ជាជីវៈ តែមួយគត់ បេក្ខជន​ដែល​សុំ​អាហារូបករណ៍​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ត្រូវ​ទៅ​ទទួល​ពាក្យ ដាក់ពាក្យ មើល​ឈ្មោះ​ប្រឡង និង​ប្រគល់​សលាកបត្រ​របស់ខ្លួន នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​ផ្ទាល់ ឬ​នៅ​ការិយាល័យ​តំណាង​ក្នុង​នាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ។ ចំពោះ​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​ជាមួយ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ ឬ​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល បច្ចេកទេស​ និង​វិជ្ជាជីវៈ ដែល​បេក្ខជន​បានដាក់​ពាក្យសុំអាហារូបករណ៍ ឬ​មកនាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ នៅ​រាល់​ម៉ោង​ធ្វើការ​តាមរយៈ​ទូរ​សព្ទ​លេខ ០៩២ ៥៤៤ ៥៥៤ ឬ ០៩២ ៩៣៧ ៨០០ ឬ ០១២ ៦២១ ៥៤៣ ឬ ០១២ ២២០ ៥៣២៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម