ព័ត៌មានជាតិ
បាឋកថាឈ្វេងយល់ពីផែនការ៥ឆ្នាំលើកទី១៥ ប្រទេសចិននាយុគសម័យថ្មី គឺដើម្បីបង្កើតឱកាសថ្មីដល់ប្រទេសកម្ពុជា
ភ្នំពេញ ៖ រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសមាគមមិត្តភាពកម្ពុជា-ចិន ក្រុមបញ្ញវន្តជាន់ខ្ពស់និងក្រុមអ្នកសារព័ត៌មាន កម្ពុជា-ចិន ៦រូប បានរួមគ្នារៀបចំបាឋកថាឈ្វេងយល់ពី «ផែនការ ៥ឆ្នាំលើកទី១៥ ៖ ប្រទេសចិនក្នុងយុគសម័យថ្មី បង្កើតឱកាសថ្មីដល់ប្រទេសកម្ពុជា»។

នៅក្នុងវេទិកាដែលបានសហការរៀបចំឡើងដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មជ្ឈមណ្ឌលកម្ពុជាដើម្បីសិក្សារស្រាវជ្រាវផ្លូវសូត្រសមុទ្រ និងវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។
លោក ហ្វុង ហ៊ុយ ប្រធានវិទ្យុមិត្តភាពកម្ពុជា-ចិន បានរំលេចថា«ផែនការ៥ឆ្នាំលើកទី១៥» ទំនើបកម្មសង្គមនិយមតាមបែបចិន ដោយបានទាញភ្ជាប់ជាមួយនិងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងគំនិតផ្តួចផ្តើមសកលទាំង៤របស់ចិន ហើយលោកបានបញ្ជាក់ថាការអភិវឌ្ឍរបស់ប្រទេសចិនមិនត្រឹមតែជាវឌ្ឍនភាពរបស់ខ្លួនប៉ុណ្ណោះទេ វាថែមទាំងជាកាលានុវត្តភាពប្រវត្តិសាស្ត្រមួយដើម្បីបង្កើត ឱកាសសហប្រតិបត្តិការបន្ថែមទៀត និងផ្តល់ទីផ្សារកាន់តែទូលំទូលាយសម្រាប់ពិភពលោក ជាពិសេសសម្រាប់ប្រទេសជិតខាងដ៏ជិតស្និទ្ធ និងរួសរាយរាក់ទាក់ដូចជាប្រទេសកម្ពុជា។

លោកស្រី Liang Wei ប្រធានមជ្ឈមណ្ឌលសិក្សាកម្ពុជានៃបណ្ឌិត្យសភាសង្គមនៃភូមិភាគស្វយ័តក្វាងស៊ី ប្រទេសចិន ដោយថ្លែងតាមវីដេអូ លោកស្រីបានរំលេចថា «ផែនការ៥ឆ្នាំលើកទី១៥» នឹងផ្តល់កាលានុវត្តភាពដល់កម្ពុជារួមមាន៖ ១-ពង្រីកការបើកចំហយ៉ាងសកម្ម ២-ជំរុញពាណិជ្ជកម្មដោយការច្នៃប្រឌិត ៣-បង្កើនការវិនិយោគិនចិននៅកម្ពុជា និង៤-ពន្លាតកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន។
លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បានរំលេចថា «ផែនការ៥ឆ្នាំលើកទី១៥» នឹងរួមចំណែកបង្កើនលទ្ធភាពកាន់តែខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសយើងទាំងពីរលើទម្រនៃយន្តការដែលមានស្រាប់ក្នុងនាមជាមិត្តដែកថែប។

លោកបណ្ឌិត សន ពៅ នាយករងខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា បានគូសបញ្ជាក់ពីខ្លឹមសារ «ផែនការ៥ឆ្នាំលើកទី១៥» ដែលមាន២ម៉ឺនពាក្យ ចែកជា១៥ផ្នែក និង៦១ប្រការ ដោយផ្តោតលើគ្រប់ទិដ្ឋភាពរបស់ប្រទេសចិនថាបានផ្តល់លក្ខណៈពិសេស៤តាមបែបផែនរបស់ចិន៖ ១-ទំនើបកម្មដែលមានប្រជាជនជាស្នូល ២-ទំនើបកម្មសន្តិភាពនិយម ៣-ទំនើបកម្មបៃតងភាព និង៤-ទំនើបកម្មរួមចំណែកដោយបង្កើតអត្ថប្រយោជន៍ដល់មនុស្សជាតិ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានយល់ថា ដោយប្រកាន់ខ្ជាប់នូវការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន «ផែនការ៥ឆ្នាំលើកទី១៥» គឺជាមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយនិយាមគរុសភាដោយឈរលើមូលដ្ឋាននៃវិធីបដិសំយោគសម្ភារនិយមវិចារវិទ្យានៃការរួមបញ្ចូលលទ្ធិម៉ាក្សនិយម និងគោលការណ៍គ្រឹះនៃទស្សនវិជ្ជាចិន ព្រមទាំងការទទួលយកនូវប្រព័ន្ធវប្បធម៌សុខដុមនីយកម្មលោកបណ្ឌិតក៏បានគូសបញ្ជាក់ពីកាលានុវត្តភាពដល់កិច្ចអភិវឌ្ឍសកលក្រោមទម្រនៃលំនឹងសន្តិភាព ព្រមជាមួយនឹងការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិនដោយមានវត្តមានរបស់កោះតៃវ៉ាន់ក្នុងការវិលត្រឡប់មកកាន់មាតុភូមិរបស់ខ្លួនវិញ។

លោក ឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានវាយតម្លៃជារួមថា «ផែនការ៥ឆ្នាំលើកទី១៥»របស់ប្រទេសចិន នឹងផ្តល់កាលានុវត្តភាពដល់កម្ពុជាក្នុងការបន្តចាប់ដៃរួមគ្នា «កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» ដែលមានភាពប្រទាក់ក្រឡាគ្នាបន្ស៊ីជាមួយគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងគំនិតផ្តួចផ្តើមសកលទាំង៤របស់ប្រទេសចិនរួមមាន «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» «គំនិតផ្តួចផ្តើមសន្តិសុខសកល» «គំនិតផ្តួចផ្តើមអរិយធម៌សកល» និង «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» រួមបញ្ចូលជាមួយ«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដែលនឹងនាំប្រទេសទាំងពីរឈានឆ្ពោះទៅសម្រេចបាននូវរបៀបវារៈរៀងៗខ្លួនដែលបានកំណត់ទុក។

ជារួម អង្គវេទិកាវិទ្យាសាស្រ្តទាំងមូលបានយល់ស្របគ្នាថា វាគ្មិន៦រូបទាំងកម្ពុជា ទាំងចិន បានរួមគ្នាផ្តល់ពន្លឺពុទ្ធិកាន់តែភ្លឺច្បាស់ក្នុងការឈ្វេងយល់កាន់តែស៊ីជម្រៅពី «ផែនការ៥ឆ្នាំលើកទី១៥» ដែលនឹងផ្តល់ផលកាន់តែច្រើនដល់ប្រទេសកម្ពុជានិយាយដោយឡែក ដល់ពិភពលោកនិយាយរួម ក្រោមកិច្ចកសាងសហគមន៍ដែលមានវាសនារួមគ្នានៃមនុស្សជាតិ៕







-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៧ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


