Connect with us

ព័ត៌មានជាតិ

‎អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានជើងហោះហើរលើកដំបូង​ពីក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo

បានផុស

នៅ

‎យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ IndiGo នៃ​ប្រទេស​ឥណ្ឌា លើកដំបូង បាន​ហោះហើរ​ត​ភ្ជាប់ ពី​ប្រទេស​ឥណ្ឌា មកកាន់​ប្រទេស​កម្ពុជា ដែល​​ធ្វើការ​ចុះចត​ដោយ​សុវត្ថិភាព នៅ​អាកាសយានដ្ឋាន​សៀមរាប​-​អង្គរ កាលពី​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន សិរី​វុត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល មានប្រសាសន៍ថា ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា IndiGo ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ ជា​សញ្ញាណ​មួយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​តភ្ជាប់​ជើង​ហោះហើរ​រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌា ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ មាន​យន្តហោះ​ជាង ៤០០ គ្រឿង បាន​ហោះហើរ​នៅ​លើ​ពិភពលោក និង​មាន​ភាព​លេចធ្លោ​ជាងគេ​នៅ​ប្រទេស​ឥណ្ឌា។

លោក​បន្ត​ថា ជើង​ហោះហើរ​ដំបូង​នេះ ជា​យន្តហោះ​អ៊ែ​បឹ​ស​ហ្វា​ម៉ាលី 320-321 នឹង​ធ្វើការ​ហោះហើរ​បី​ជើង​ក្នុង​មួយ​សប្ដាហ៍ ក្នុង​តំបន់​ទេសចរណ៍​ទឹកដី​សៀមរាប​អង្គរ ប្រទេស​កម្ពុជា។ ការ​ចុះចត​លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ​នេះ មាន​អ្នកដំណើរ​ជិត ១៣០ នាក់ និង​ត្រឡប់​ទៅវិញ​មាន​អ្នកទេសចរ​ជាង ៦០ នាក់ ដែល​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​អធិកអធម​ពី​គណៈប្រតិភូ​កម្ពុជា។

លោក​បន្ត​ទៀត​ថា ប្រទេស​ឥណ្ឌា កំពុង​ក្លាយ​ជា​ទីផ្សារ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដូច្នេះ​ហើយ​ការ​ពង្រីក​ការ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ នឹង​ជួយ​ជំរុញ​ទាំង​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម បាន​កាន់តែ​រីកចម្រើន។ ផ្លូវ​ហោះហើរ​ថ្មី​នេះ នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​មាន​ភាព​ស៊ីជម្រៅ ក៏ដូចជា​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ​ផង​ដែរ។

លោក ង៉ូវ សេង​កាក់ អភិបាល​រង​ខេត្ត​សៀមរាប បាន​បង្ហាញ​ថា ជើង​ហោះហើរ​ជា​លក្ខណៈ​អន្តរជាតិ ដែល​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អង្គរ មាន​ចន្លោះ​ចាប់ពី ២២ ជើង ទៅ ២៣ ជើង​ ក្នុង​មួយថ្ងៃ ហើយ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ពី ២ ០០០ នាក់ ទៅ ៣ ០០០ នាក់។

លោក​រំពឹង​ថា ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ នឹង​មាន​ការ​កើនឡើង​នូវ​ភ្ញៀវ​ទេសចរ​មកកាន់​ខេត្ត​សៀមរាប​ជា​បន្តបន្ទាប់ ហើយ​លោក​ក៏​ណែនាំ​ដល់​ប្រត្ដិបត្ដិករ​ទេសចរណ៍ ត្រូវ​ធ្វើ​យ៉ាងណា​ត្រៀមលក្ខណៈ​ឱ្យ​បាន​ល្អ​សម្រាប់​ទទួល​បដិសណ្ឋារកិច្ច​អ្នកទេសចរ​មកពី​ជុំវិញ​ពិភព​លោក៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម