Connect with us

ព័ត៌មានជាតិ

មូលហេតុឈានដល់សម្លាប់ទាំងគ្រួសារ ៩នាក់ ដោយសារជនសង្ស័យមានការគុំគួនជាមួយប្រពន្ធ

បានផុស

នៅ

ចំពោះមូលហេតុដែលនាំទៅដល់ការបង្កើតឱ្យមានឃាតកម្មសម្លាប់ទាំងគ្រួសារ គឺដោយសារជនសង្ស័យបានសារភាពថា “ខ្លួនមានការគុំគួនប្រពន្ធដែលតែងតែមានជម្លោះគ្នាជាប្រចាំ រហូតដល់ខ្លួនបានសម្រេចចិត្តសម្លាប់ម្តាយក្មេក ប្រពន្ធ ប្អូនថ្លៃ និងក្មួយៗ សរុបទាំងអស់ ៩នាក់”។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា នៅវេលាម៉ោងប្រមាណ ៦:០០ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានទទួលព័ត៌មាន ពីករណីឃាតកម្ម ដុតផ្ទះ និងអារកសម្លាប់ នៅភូមិពោន ឃុំទទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ភ្លាមៗ អភិបាលខេត្តកំពង់ចាម បានបញ្ជាស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ធ្វើការចុះពិនិត្យ ស្រាវជ្រាវអំពីមូលហេតុ និងវែកមុខជនល្មើស ទទួលបានលទ្ធផលដូចខាងក្រោម។

១. ហេតុការណ៍ឃាតកម្ម ដុតផ្ទះ និងអារកសម្លាប់ ខាងលើនេះកើតឡើងនៅវេលាម៉ោង ៥:៣០ ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពោលគឺប្រមាណ ៣០នាទីមុនសមត្ថកិច្ចទទួលបានព័ត៌មាន។ ទីតាំងផ្ទះកើតហេតុ គឺស្ថិតក្នុងដីចម្ការ ដាច់ស្រយ៉ាល។២. ឃាតកម្មដុតផ្ទះ និងអារករសម្លាប់នេះបានបណ្តាលឱ្យ​មនុស្ស ៩នាក់ បាត់បង់ជីវិត ក្នុងនោះ ៨នាក់ បាត់បង់ជីវិតក្នុងភ្នក់ភ្លើងផ្ទះឆេះ និងម្នាក់ទៀតត្រូវបានអារកសម្លាប់នៅចម្ងាយ ប្រហែល ១០០ម៉ែត្រ ពីទីតាំង ផ្ទះឆេះ។ ជនរងគ្រោះទាំង ៩នាក់ មាន ស្រី ៧នាក់ និង ប្រុស ២នាក់ និងសុទ្ធតែជាសាច់ញាតិនឹងគ្នា។

៣.ជនសង្ស័យជាឃាតក ត្រូវបានកំណត់អត្តសញ្ញាណ មានឈ្មោះ សុបិន្ត មិនា អាយុ ២១ឆ្នាំ ត្រូវជា ប្តីរបស់ជនរងគ្រោះម្នាក់ និងត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ ចំណុចអូរហោះ ភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុករបស់ជនសង្ស័យ ហើយជនសង្ស័យ ក៏បានសារភាពនូវឃាតកម្មរបស់ខ្លួនរួចហើយ។ នៅពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យហាក់មានស្មារតីមិនប្រក្រតី។
តាមការពិនិត្យទឹកម៉ូត ជនសង្ស័យពុំត្រូវបានរកឃើញថាមានពាក់ព័ន្ធនឹងសារធាតុញៀនឡើយ។ សមត្ថកិច្ចនឹងបន្តយកឈាមរបស់ជនសង្ស័យទៅពិនិត្យ និងបន្តវិភាគបញ្ហាស្មារតីរបស់គាត់បន្ថែមទៀត។

រដ្ឋបាលខេត្តបញ្ជាក់ថា៖«ជាការសន្និដ្ឋានបឋម ជនសង្ស័យ និងក្រុមជនរងគ្រោះ គឺជាសាញ់ញាតិនឹងគ្នា ដូច្នេះបញ្ហា ឃាតកម្មនេះ គឺជាបញ្ហាផ្ទៃក្នុងគ្រួសារ។ ចំពោះមូលហេតុដែលនាំទៅដល់ការបង្កើតឲ្យមានឃាតកម្មនេះ គឺជនសង្ស័យបានសារភាពថា “ខ្លួនមានការគុំគួនប្រពន្ធដែលតែងតែមានជម្លោះគ្នាជាប្រចាំ រហូតដល់ខ្លួនបាន សម្រេចចិត្តសម្លាប់ម្តាយក្មេក ប្រពន្ធ ប្អូនថ្លៃ និងក្មួយៗ សរុបទាំងអស់ ៩នាក់”។

ជាមួយហេតុការណ៍ដ៏តក់ស្លុតនេះ រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមសោកស្តាយចំពោះសោកនាដ យ៉ាងសាហាវយង់ឃ្នងលើក្រុមគ្រួសារជនរងគ្រោះ និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ព្រមទាំងសូមស្នើឱ្យសមត្ថកិច្ចអនុវត្តទោសយ៉ាងតឹងរ៉ឹងចំពោះជនល្មើស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម