ព័ត៌មានជាតិ
ជប៉ុនសន្យាខំប្រឹងជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃឱ្យបានពេញលេញ បន្ថយភាពតានតឹង
ប្រទេសជប៉ុនបានសម្តែងការគោរពចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី និងសន្យាថាខ្លួននឹងធ្វើការជាមួយប្រទេសក្នុងតំបន់ និងដៃគូពាក់ព័ន្ធ ដើម្បីបន្ថយភាពតានតឹង និងធានាថាភាគីជម្លោះកម្ពុជា-ថៃ គោរពយ៉ាងប្រាកដប្រជាចំពោះបទឈប់បាញ់។

ក្នុងសេចក្ដីថ្លែងការណ៍ផ្សាយលើទំព័រហ្វេសប៊ុកស្ថានទូតប្រចាំនៅកម្ពុជា, រដ្ឋាភិបាលទីក្រុងតូក្យូ បានសង្កត់ធ្ងន់ថា៖«ជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា។»។

ទីក្រុងតូក្យូចេញមកថ្លែងបញ្ជាក់ពីជំហររបស់ខ្លួនបែបនេះម្ដងទៀត ស្របពេលដែលទីប្រឹក្សា និងអនុព័ន្ធយោធារបស់ខ្លួនប្រចាំនៅកម្ពុជា លោកវរសេនីយ៍ឯក HARA Takashi បានចូលរួមសកម្មភាពចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែន ដែលរៀបចំដោយក្រសួងការពារជាតិ នៅថ្ងៃទី ២២-២៣ ខែវិច្ឆិកា។

វរសេនីយ៍ឯក HARA Takashi ក្នុងឋានៈជាសមាជិកនៃក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា(MACPP) បានចូលរួមដំណើរទស្សនកិច្ចរៀបចំដោយក្រសួងការពារជាតិកម្ពុជាទៅកាន់ជំរុំភៀសសឹកខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដើម្បីទទួលបានសេចក្តីសង្ខេបព័ត៌មានស្តីពីស្ថានភាពចុងក្រោយបង្អស់។

តំណាងរបស់ជប៉ុនវរសេនីយ៍ឯក HARA Takashi បានចុះទៅសួរសុខទុក្ខដល់ប្រជាជនស្លូតត្រង់កម្ពុជាដែលជាជនភៀសសឹក ស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាម ដែលជាប្រជាជនត្រូវបានជម្លៀសចេញពីផ្ទះសម្បែងនៅក្នុងភូមិព្រៃចាន់ ភ្លាមៗ ក្រោយពីហេតុការណ៍យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ដែលហេតុការណ៍នោះបានបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសធ្ងន់ ចំនួន៣រូប និងបាត់បង់ជីវិតនៅនឹងកន្លែងចំនួន១រូប។

បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែន នៅចំពោះមុខប្រធានាធិបតីអាមេរិក Donald J. Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីចុងខែតុលា រដ្ឋមន្ត្រីការបរទេសជប៉ុន Motegi Toshimitsu បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ និងសង្ឃឹមថា ភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការអនុវត្តដ៏ម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងនេះ។

ជប៉ុនក៏បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ាន ក្នុងការដោះស្រាយបញ្ហាជម្លោះរវាងកម្ពុជា-ថៃ។
រដ្ឋមន្ត្រីការបរទេសជប៉ុនថា ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ មានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធនានា ដូចជាការផ្តល់សម្ភារៈ ដល់ប្រទេសម៉ាឡេស៊ីដែលដឹកនាំក្រុមអ្នកសង្កេតការណ៍បទឈប់បាញ់តាមរយៈជំនួយសន្តិសុខផ្លូវការ(OSA)របស់ជប៉ុន ដើម្បីឆ្ពោះទៅរកការរក្សា និងពង្រឹងសន្តិភាពរវាងកម្ពុជា-ថៃ រយៈពេលមធ្យម និងវែង៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


