Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ៖ គ្មានរបាយការណ៍របស់អាស៊ានបញ្ជាក់ថា មីនដែលទាហានថៃដើរជាន់កាលពីថ្ងៃទី១០វិច្ឆិកា ជាមីនថ្មីទេ

បានផុស

នៅ

មន្ត្រីជំនាញ លើកឡើងថា មិនទាន់មានរបាយការណ៍ណាមួយរបស់អាស៊ាន បញ្ជាក់ថាគ្រាប់មីនដែលទាហានថៃដើរជាន់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ជាមីនថ្មីទេ ហើយការអះអាងរបស់ទាហានថៃដោយយោងលើរបាយការណ៍ AOT ខាងភាគីថៃ គឺមិនឆ្លុះបញ្ចាំងពីការពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពមន្ត្រីជំនាញផ្នែកយោធា ថ្លែងថា សេចក្តីថ្លែងការណ៍របស់កងទ័ពថៃ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសំអាងតាមរបាយការណ៍របស់អ្នកសង្កេតការណ៍អាស៊ានភាគីថៃ (AOT-Th) ថា គ្រាប់មីនដែលយោធាថៃបានជាន់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលដើរចូលតំបន់ចម្ការមីនចាស់ក្នុងខេត្តព្រះវិហារ គឺជាគ្រាប់មីនដាក់ថ្មី ជាសេចក្តីថ្លែងការណ៍ដែលមិនឆ្លុះបញ្ចាំងពីការពិតឡើយ។

មន្ត្រីជំនាញខាងលើ ថា របាយការណ៍របស់អ្នកសង្កេតការណ៍អាស៊ាន ត្រូវតែជារបាយការណ៍រួមរវាងអ្នកសង្កេតការណ៍អាស៊ាននៅកម្ពុជា និងអ្នកសង្កេតការណ៍អាស៊ាននៅថៃ ទើបយកជាការណ៍បាន ពោលគឺមិនមែនផ្តោតលើរបាយការណ៍ជាឯកតោភាគីនោះទេ។ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយរបស់អាស៊ាន បញ្ជាក់ថា គ្រាប់មីនដែលទាហានថៃដើរជាន់នោះ ជាមីនថ្មីដែរ។

ជុំវិញបញ្ហាមីននេះ កម្ពុជាតែងបានបញ្ជាក់អះអាងម្ដងហើយម្ដងទៀតថា គ្រាប់មីនដែលនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃជាគ្រាប់មីនចាស់បន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជា ហើយគ្មានកម្លាំងទាហានកម្ពុជាណាដាក់គ្រាប់មីនថ្មីឡើយ។ មន្ត្រី ថា ការអះអាងអំពីរូបភាពនៃការដាក់គ្រាប់មីនដែលយកចេញពីទូរស័ព្ទគឺគ្មានភាពរឹងមាំក្នុងការចោទប្រកាន់មកលើកងទ័ពកម្ពុជាទេ អាចជាភស្តុតាងប្រឌិតឡើង ហើយជាការចាំបាច់ណាស់ ដែលត្រូវមានការស៊ើបអង្កេតរួមគ្នាមួយ ដើម្បីបញ្ជាក់ភស្តុតាងឱ្យច្បាស់លាស់ មុននឹងធ្វើសេចក្តីសន្និដ្ឋានណាមួយ។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ បន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះមីន ដែលបង្កឡើងដោយទាហានថៃដើរជាន់ ហើយបានផ្ទុះបណ្ដាលឱ្យរងរបួសនៅព្រំដែនកម្ពុជា-ថៃ ស្ថិតជិតប្រាសាទព្រះវិហារ របស់កម្ពុជា ភាគីថៃបានចោទប្រកាន់ជាថ្មីម្ដងទៀតថា កម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែន បើទោះជាកម្ពុជាបានអះអាងម្ដងហើយម្ដងទៀត ថា កម្ពុជាមិនដែលបានប្រើប្រាស់ ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម