ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ កំណើនចំនួនស្រ្តីក្នុងវិស័យសារព័ត៌មានបង្ហាញពីការចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ អ្នកសារព័ត៌មានជាស្ត្រីមានចំនួនប្រមាណ១៣% នៃចំនួនអ្នកសារព័ត៌មានសរុបចំនួន ៨ ៧៣២ នាក់ ដែលចំនួននេះមានការកើនឡើងបើប្រៀបទៅនឹងឆ្នាំ ២០២៤ ដែលក្រសួងបានផ្តល់បណ្ណសម្គាល់ខ្លួនជូន។ កំណើនចំនួនស្រ្តីក្នុងវិស័យនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការលើកកម្ពស់ស្រ្តីនៅក្នុងវិស័យការងារទាំងស្ថាប័នរដ្ឋ និងឯកជន។

លោក ទេព អស្នារិទ្ធ បានឱ្យដឹងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ចំនួនអ្នកសារព័ត៌មានជាស្ត្រីមានការកើនឡើង ៦% បើប្រៀបធៀបនឹងចំនួនក្នុងឆ្នាំ២០២៤។ កំណើននេះ បើផ្អែកតាមទិន្នន័យនៃការងារបច្ចុប្បន្នកម្មលើចំនួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទូទាំងប្រទេស ខណៈអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន១ ៦២០ អង្គភាព ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី។ លោកបានមានប្រសាសន៍ថា ការធ្វើបច្ចុប្បន្នភាពលើអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ជាកិច្ចការចាំបាច់ក្នុងការរៀបចំនិងគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន ធានាការលើកកម្ពស់ភាពចម្រុះប្រកបដោយគុណភាព បរិយាបន្នស្របតាមលក្ខខណ្ឌគុណវុឌ្ឍិកំណត់ដោយក្រសួង។
ជាមួយគ្នានេះ លោកលើកទឹកចិត្តដល់ស្ត្រីទាំងអស់ដែលមានការស្រលាញ់វិស័យសារព័ត៌មាន ឱ្យស្វែងរក និងចាប់ឱកាសចូលរួមក្នុងវិស័យនេះ ស្របនឹងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្រសួង អង្គភាពសារព័ត៌មានរដ្ឋ ឯកជន បានផ្តល់ជូន ព្រមទាំងចេះបង្កឱកាសថ្មីៗសម្រាប់លើកទឹកចិត្តដល់ខ្លួនឯង និងសហគមន៍ជុំវិញខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាព ជំនាញពិតប្រាកដ ដោយគុណវុឌ្ឍិ និងគោរពក្រមសីលធម៌ សម្រាប់រួមចំណែកលើកកម្ពស់សារព័ត៌មានទាន់សម័យ ប្រកបដោយគុណភាព និងរក្សាការពង្រឹងជំនឿចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
លោក ទេព អស្នារិទ្ធ បានរំលេចអំពីសារៈសំខាន់ និងតថភាពបច្ចុប្បន្ននៃការចូលរួមរបស់ស្ត្រីក្នុងសារព័ត៌មានថា ស្របពេលដែលសង្គមមានការរីកចម្រើន ការអភិវឌ្ឍក្នុងវិស័យព័ត៌មាន បានបង្កឱកាស និងលើកទឹកចិត្តដល់ស្ត្រី ក្នុងការចូលរួមក្នុងសកម្មភាពសង្គម ក្នុងនោះការចូលរួមក្នុងសារព័ត៌មាន ក្នុងការផលិតមាតិកាតាមប្រព័ន្ធផ្សព្វផ្សាយបែបថ្មី និងការផលិតកម្មវិធីផ្សាយព័ត៌មាននានា ដែលមានការកើនឡើង។ ទាំងនេះជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹង ពុទ្ធិ ការកំសាន្ត ពិសេសព័ត៌មានដែលផ្តល់សារៈប្រយោជន៍ដល់សង្គម គិតគូរអំពីបញ្ហាប្រឈមដែលស្ត្រីជួបប្រទះ និងចូលរួមផ្តល់ដំណោះស្រាយសម្រាប់លើកកម្ពស់សិទ្ធិស្ត្រី ជាប្រយោជន៍ដល់វិស័យសិក្សា ការងារ របរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃសម្រាប់ស្ត្រីនិងប្រជាជន។

លោកអ្នកនាំពាក្យក្រសួងព័ត៌មាន បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដោយមានប្រសាសន៍ថា ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានផ្តល់តម្លៃខ្ពស់ដល់ការចូលរួមរបស់ស្ត្រី ជាវិស័យអាទិភាពមួយ ដោយបានដាក់បញ្ចូល «ស្ត្រី និង ក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» ទៅក្នុងផែនការយុទ្ធសាស្ត្រសម្រាប់ការអនុវត្ត។ លោកបានបន្ថែមទៀតថា ជាក់ស្តែងក្នុងអណត្តិទី៧នេះ ក្រសួងបានប្រែក្លាយឱកាសទៅជាមធ្យោបាយ និងបង្កបរិយាកាសអំណោយផលថែមទៀតសម្រាប់ការចូលរួមរបស់ស្ត្រីក្នុងវិស័យព័ត៌មាន ជាពិសេសក្នុងការទទួលបានការបណ្តុះបណ្តាល និងឱកាសការងារ ផ្តល់ការគាំពារ សុវត្ថិភាព និងសម្របសម្រួលការដោះស្រាយបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានជាស្ត្រី។
អ្នកសារព័ត៌មានជាស្ត្រីក៏ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តការងារដោយសម្របខ្លួនទៅនឹងការវិវត្តក្នុងសង្គម ដោយគោរពនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ក្នុងនោះ ក្រសួងព័ត៌មានបានផ្តល់ឱកាសជូនដល់មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាស្ត្រី ព្រមទាំងបន្តលើកទឹកចិត្តដល់ស្ត្រីដែលមានឧបនិស្ស័យ ឱ្យទទួលបានការបណ្តុះបណ្តាលផ្នែកព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ អក្ខរកម្មឌីជីថល បច្ចេកវិទ្យា ធុរកិច្ចឌីជីថល ដែលចំណេះ និងជំនាញទាំងនេះនឹងផ្តល់ឱ្យពួកគាត់នូវភាពអង់អាច លទ្ធភាព និងជំរុញសក្តានុពលក្នុងការអភិវឌ្ឍខ្លួនឯង ដើម្បីចូលរួមក្នុងវិស័យសារព័ត៌មាន និងសកម្មភាពអភិវឌ្ឍន៍៕
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


