ព័ត៌មានជាតិ
យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» បន្តការផ្សព្វផ្សាយដល់សិស្សជិត ១ពាន់នាក់ នៅក្នុងស្រុកបាកាន
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្ត កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ជូនដល់សិស្សានុសិស្សនៃអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ប្រមាណជិត ១,០០០នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាពយល់ដឹង និងកសាងភាពស៊ាំដល់យុវជនចំពោះការវាយលុកនៃព័ត៌មានមិនពិត។

ពិធីនេះបានប្រារព្ធឡើងនៅបរិវេណអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ញឹក បានខេង អភិបាលរងខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីប្រតិភូក្រសួង អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។


ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងបរិបទដែលពិភពលោកកំពុងវិវត្តយ៉ាងលឿនទៅរកសង្គមឌីជីថល ព័ត៌មានក្លែងក្លាយបានក្លាយជាហានិភ័យដ៏ធ្ងន់ធ្ងរមួយ ដែលមិនត្រឹមតែបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងកិត្តិយសបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំភាន់ការយល់ឃើញរបស់យុវជន ដែលជាទំពាំងស្នងឫស្សីរបស់ជាតិទៀតផង។ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» មិនមែនគ្រាន់តែជាការអប់រំទូទៅនោះទេ ប៉ុន្តែវាគឺជាការកសាងប្រព័ន្ធការពារខ្លួនតាមរយៈការបង្កើនចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន

លោកបានបន្តថា ក្នុងនាមជាយុវជនជំនាន់ក្រោយ សិស្សានុសិស្សទាំងអស់ត្រូវមានភាពវៃឆ្លាតក្នុងការប្រើប្រាស់បច្ចេកវិទ្យា។ មុននឹងសម្រេចចិត្តចែករំលែកព័ត៌មានណាមួយ សូមសួរខ្លួនឯងថា៖
តើព័ត៌មាននេះមកពីណា?, តើមានប្រភពផ្លូវការច្បាស់លាស់ដែរឬទេ? ,តើវាផ្តល់ផលប្រយោជន៍ ឬបង្កផលប៉ះពាល់អ្វីខ្លះដល់សង្គម?
ការចេះវិភាគ ត្រិះរិះពិចារណា និងការមិនជឿតាមការល្បួង ឬព័ត៌មានមួលបង្កាច់ គឺជាអាវុធដ៏មុតស្រួចបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។

ក្រសួងព័ត៌មានសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗទាំងអស់នឹងក្លាយជាអ្នកប្រើប្រាស់បណ្តាញសង្គមដែលមានការទទួលខុសត្រូវខ្ពស់ និងជាទូតសុឆន្ទៈក្នុងការនាំយកព័ត៌មានពិតទៅកាន់មិត្តភក្តិ សហគមន៍ និងក្រុមគ្រួសារ ដើម្បីរួមគ្នាបង្កើតសង្គមឌីជីថលមួយដែលមានសុវត្ថិភាព មានភាពថ្លៃថ្នូរ និងពោរពេញដោយចំណេះដឹងពិតប្រាកដ។
លោក ញឹក បានខេង អភិបាលរងខេត្តរួមជាមួយតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមទាំងសិស្សានុសិស្សបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២។ ពួកគេបានប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ វិធីការពារខ្លួនពីការបំភាន់ក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវខ្ពស់។


លោក ញឹក បានខេងបានលើកឡើងថា ក្នុងយុគសម័យឌីជីថលនេះ ព័ត៌មានក្លែងក្លាយមានគ្រប់ទម្រង់ និងបង្កហានិភ័យខ្ពស់ដល់សង្គម។ លោកបានបន្ថែមថា ការយល់ដឹងពីព័ត៌មានពិត ក៏ជាផ្នែកមួយនៃការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យខេត្តមានការអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅវិទ្យាល័យសម្តេចហ៊ុនសែន ប៊ុន រ៉ានី វត្តភ្នំ។


យុទ្ធនាការនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការកសាងភាពធន់ឌីជីថល និងការពារប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យចៀសផុតពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ បច្ចុប្បន្ន យុទ្ធនាការនេះកំពុងអនុវត្តនៅតាមគ្រឹះស្ថានសិក្សាក្នុងរាជធានី-ខេត្តចំនួន ១២ រួមមាន៖ ភ្នំពេញ, ព្រះវិហារ, តាកែវ, កំពង់ស្ពឺ, សៀមរាប, កំពង់ចាម, កំពង់ធំ, ពោធិ៍សាត់, កំពត, កែប, កោះកុង និងខេត្តបាត់ដំបង។ យុទ្ធនាការនេះនឹងបន្តពង្រីកសកម្មភាពផ្សព្វផ្សាយតាមបណ្តាខេត្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៦នេះ៕


-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


