ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ៖ បញ្ឈប់ការចែកចាយព័ត៌មានមិនពិត ដើម្បីសង្គមមានរបៀបរៀបរយ
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់សាធារណជន ជាពិសេសយុវជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់មុននឹងចែករំលែកព័ត៌មានលើបណ្តាញសង្គម ហើយបញ្ចប់ការចែកចាយព័ត៌មានមិនពិត ដើម្បីចៀសវាងការបង្កភាពច្របូកច្របល់ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ក្នុងពិធីអនុវត្តន៍ផ្សព្វផ្សាយ យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនចរិយាវង្ស ក្រុងកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដែលការចូលរួមពីលោក ស្រី គឹម ចន្នី អភិបាលរងនៃគណៈអភិបាលខេត្តកែប តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រួអ្នកគ្រូ សិស្សានុសិស្សប្រមាណ១,០០០នាក់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា ការប្រើប្រាស់បណ្តាញសង្គមដោយខ្វះការពិចារណា អាចបង្កជាភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។

លោកបានបញ្ជាក់ថា ក្រសួងព័ត៌មានបានរកឃើញព័ត៌មានក្លែងក្លាយប្រមាណ ៤,០០០ ករណីកាលពីឆ្នាំ២០២៥។ ដោយឡែក ក្នុងឆមាសទី១ ឆ្នាំ២០២៦ ករណីនេះមានចំនួនជាង ២,០០០ ករណី ដែលបង្ហាញពីការកើនឡើងជិត ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឆ្លៀតក្នុងឱកាសនោះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវមានការទទួលខុសត្រូវខ្ពស់លើរាល់ការបញ្ចេញមតិ និងការចែកចាយបន្ត ដោយត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីរួមគ្នាកសាងបរិយាកាសសង្គមមួយដែលមានសុវត្ថិភាព និងភាពសុខដុមរមនា។

លោកបញ្ជាក់ដូច្នេះថា «យើងត្រូវប្រុងប្រយ័ត្ន យើងកំពុងតែសប្បាយនឹងការប្រើមធ្យោបាយឌីជីថលរបស់យើង ដែលមានព័ត៌មាននៅនឹងបាតដៃរបស់អ្នក។ ក្នុងនោះព័ត៌មានក្លែងក្លាយ ក៏នៅនឹងបាតដៃរបស់អ្នកដែរ។ អ៊ីចឹងយើងត្រូវឲ្យព័ត៌មានក្លែងក្លាយ បញ្ចប់នៅត្រឹមបាតដៃរបស់យើងហ្នឹងតែម្តង កុំឲ្យវាចែកចាយបន្តទៅទៀតទេ។»
យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានីវត្តភ្នំ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងរបៀបការពារខ្លួនពីការបំភាន់នានាក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវ ។ មួយវិញទៀត កិច្ចការនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មានក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថលជូនដល់ពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជាឱ្យចៀសផុតពីមហន្តរាយនៃព័ត៌មានក្លែងក្លាយ។

សូមបញ្ជាក់ថា យុទ្ធនាការជំហានទី២ បានឈានដល់ដំណាក់កាលអនុវត្តនៅតាមបណ្តាវិទ្យាល័យ និងអនុវិទ្យាល័យក្នុងរាជធានី-ខេត្តគោលដៅចំនួន ១០ រួចមកហើយ រួមមានៈ រាជធានីភ្នំពេញ និងខេត្តព្រះវិហារ, តាកែវ, កំពង់ស្ពឺ, សៀមរាប, កំពង់ចាម, កំពង់ធំ, ពោធិ៍សាត់, កំពត និងខេត្តកែប។ ជាមួយគ្នានេះ ក្រុមការងារនឹងបន្តយុទ្ធនាការនេះទៅកាន់ខេត្តនានាឱ្យគ្រប់ ២៥ រាជធានី-ខេត្ត ក្នុងឆ្នាំ ២០២៦នេះ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


