Connect with us

ព័ត៌មានជាតិ

តំណាងកម្ពុជានៅ UN ថា ដំណោះស្រាយដោយសន្តិវិធី ពុំអាចកើតឡើងបានទេ បើភាគីម្ខាងងាកទៅប្រើកម្លាំងយោធា

បានផុស

នៅ

«ការដោះស្រាយជម្លោះព្រំដែន ត្រូវធ្វើដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា មិនមែនដោយកម្លាំងយោធានោះឡើយ»។ នេះជាសេចក្ដីថ្លែងការណ៍របស់លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ដែលការថ្លែងដូច្នេះ ចំពេលប្រទេសថៃបាននិងកំពុងប្រើកម្លាំងយោធាសម្រាប់ដំណោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ ដោយផ្ដោតទៅលើការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនៅអាស៊ីកណ្តាល លោក កែវ ឈា រាយការណ៍ពីសកម្មភាពឈ្លានពានដ៏សាហាវ និងធ្ងន់ធ្ងររបស់យោធាថៃលើកម្ពុជា ដោយលោកពណ៌នាថា «កម្ពុជាបាននិងកំពុងរងការឈ្លានពានទ្រង់ទ្រាយធំដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥»

លោក ក៏បានបង្ហាញពីរបាយការណ៍នៃការបាត់ជីវិតរបស់ប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា និងមានមនុស្សរងរបួសជាច្រើននាក់​ ជាមួយនឹងការភៀសសឹក ដោយសារការវាយប្រហារឈ្លានពានពីយោធាថៃដោយមិនរើសគោលដៅ សម្បីតែទីតាំងស៊ីវិល ក្នុងនោះបានបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ទង្វើទាំងនេះ លោក ថា ផ្ទុយពីគោលការណ៍នៃភាពជាអ្នកជិតខាងល្អ មានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ពីទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក តំណាងអចិន្ត្រៃយ៍កម្ពុជា បានគូសរំលេចពីសារៈសំខាន់នៃការដោះស្រាយដោយសន្តិវិធី ដោយលោក បានសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី អាចធ្វើទៅបានតាមរយៈការជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែ ការដោះស្រាយជម្លោះដោយសន្តិវិធី ពុំអាចកើតឡើងបានទេ នៅពេលប្រទេសមួយទាត់ចោលកិច្ចសន្ទនា ងាកទៅប្រើប្រាស់កម្លាំងយោធា ហើយពុំអើពើនឹងយន្តការសន្តិភាពនានាក្នុងការដោះស្រាយជម្លោះ។ នេះបើតាមខ្លឹមសារសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម