Connect with us

ព័ត៌មានជាតិ

អគារព្រឹទ្ធសភាថ្មី នឹងប្រសិទ្ធនាមថា វិមានសាមគ្គីភាព ដែលគ្រោងសម្ពោធឆាប់ៗ​នេះ

បានផុស

នៅ

អគារព្រឹទ្ធសភាថ្មី ដែលនឹងត្រូវប្រសិទ្ធនាមថា វិមានសាមគ្គីភាព គ្រោងនឹងធ្វើពិធីសម្ពោធជាផ្លូវការនាពេលមុខឆាប់ៗនេះ។ បើតាមព្រឹទ្ធសភា ពិធីសម្ពោធអគារព្រឹទ្ធសភាថ្មី នឹងរៀបចំឡើងក្រោមព្រះរាជាធិបតីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីសប្ដាហ៍កន្លងទៅ លោក ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានជួបប្រជុំជាមួយនឹងលោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងព្រះបរមរាជវាំង ដើម្បីពិនិត្យពិភាក្សាត្រៀមរៀបចំពិធីក្រុងពាលី និងពិធីចម្រើនព្រះបរិត្ត ជាពិសេសត្រៀមលក្ខណៈរៀបចំព្រះរាជពិធីសម្ពោធអគារព្រឹទ្ធសភាថ្មី ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រកម្ពុជា ក៏ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទនៅពេលណានោះទេ។  

ចំពោះការប្រសិទ្ធនាមអគារព្រឹទ្ធសភាថ្មីនេះ បើទោះជាពុំមានការបញ្ជាក់លម្អិត តែពាក្យ សាមគ្គីភាពពេលនេះ ធ្វើឡើងចំពេលដែលកម្លាំងមហាសាមគ្គីជាតិខ្មែរកំពុងពុះកញ្ជ្រោលដ៏រឹងមាំ ក្នុងកាលៈទេសៈប្រទេសជាតិកំពុងរងការឈ្លានពានពីប្រទេសក្បែរខាង។ ដូច្នេះ វិមានសាមគ្គីភាព អាចជាការបង្ហាញនូវកម្លាំងដ៏រឹងមាំ វេញជាធ្លុងនៃមហាសាមគ្គីជាតិខ្មែរ ក្នុងស្មារតីខ្មែរតែមួយ។

គួរឱ្យដឹងថា អគារព្រឹទ្ធសភាថ្មី មានទំហំបណ្ដោយ៧៩ម៉ែត្រ ទទឹង៤៧ម៉ែត្រ កម្ពស់៤ជាន់ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ទាំងស្រុងនៅដំណាច់ឆ្នាំ២០២៥នេះ៕ ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម