Connect with us

ព័ត៌មានជាតិ

តំបន់សក្តានុពលទេសចរណ៍ថ្មីមួយ​ក្បែរ​ស្ពាន​ព្រែកទេរ​ កំពុង​ទទួលការចាប់អារម្មណ៍​ពី​ទេសចរក្នុងស្រុក

បានផុស

នៅ

ស្ពានព្រែកទេរអាលច ឬហៅថាស្ពានស្វាយយូរ ដែលមានទីតាំងស្ថិត​នៅ​ភូមិអាលច​ ឃុំកន្ទួត​ ស្រុកចិត្របុរី​ ខេត្តក្រចេះ កំពុងក្លាយជាតំបន់សក្តានុពលទេសចរណ៍ថ្មីមួយក្នុងខេត្តក្រចេះ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរក្នុងស្រុក។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរខេត្តក្រចេះបានឱ្យដឹងយ៉ាងដូច្នេះ ក្នុងឱកាសចុះជួបជាមួយ​អាជីវករ​លក់ដូរម្ហូបអាហារ​ និងភេសជ្ជៈ​ ក៏ដូចជាម្ចាស់រោងទឹក​នៅតំបន់សក្កានុពលទេសចរណ៍ស្ពានព្រែកទេរ​ ដេីម្បីបញ្ជ្រាបបន្ថែម​អំពី​ការទទួលបដិសណ្ឋារកិច្ចភ្ញៀវ​ ការគ្រប់គ្រងសណ្ដាប់ធ្នាប់​ និងសុខសុវត្ថិភាពភ្ញៀវ​ ជាពិសេស​ការគ្រប់គ្រងអនាម័យបរិស្ថាន​ ក្នុង​ និងជុំវិញទីតាំងតំបន់ទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តី​មន្ទីរទេសចរណ៍ខេត្តក្រចេះបាន​ចុះមកពិនិត្យដល់ទីតាំងផ្ទាល់ឃើញថា ទីតាំងទេសចរណ៍នេះ​ជាកន្លែងមានភាពទាក់ទាញដោយហេតុថា មានការសង់រោងទឹកអង្គុយមានលក្ខណៈសមរម្យល្អ។ រីឯទឹកព្រែកទេរក៏ថ្លាស្អាត ទឹករាក់អាចឱ្យអ្នកទេសចរ​លេងកម្សាន្ត​បាន។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរខេត្តក្រចេះបានគូសបញ្ជាក់ថា តាមពិតតំបន់នេះគឺមានការផ្សព្វផ្សាយមកយូរហើយ មានការចាប់អារម្មណ៍ច្រើន។ ក្នុងនាមមន្ទីរជំនាញក៏មិនព្រងើយកន្តើយនោះដែរ ដោយ​បានដាក់សកម្មភាពចុះមកដើម្បីពិនិត្យមើលថា តើមន្ទីរជំនាញអាចចូលរួមជួយអ្វីបានខ្លះក្នុងការគាំទ្រទាំងបច្ចេកទេស ទាំងសេវាកម្ម ក៏ដូចជាការប្រឹក្សាយោបល់ណាមួយពាក់ព័ន្ធនឹងការរៀបចំតំបន់ទេសចរណ៍មួយនេះឱ្យក្លាយទៅជាតំបន់ដែលទាក់ទាញហើយមាននិរន្តរភាព ជៀសជាងការកើតឡើងមួយរយៈពេលខ្លីហើយក៏បាត់ទៅវិញ។

ប្រធានមន្ទីរទេសចរខេត្តបានលើកឡើង​ថា ពាក្យថានិរន្តរភាពគឺសំដៅទៅលើការបង្កើតទីតាំង ត្រូវឱ្យមានជាសេវាកម្មរហូតតទៅ សម្រាប់បម្រើឱ្យជីវភាពសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ណាមួយវិញទៀត ក៏​ដើម្បីបង្កើន​តំបន់ទេសចរក្នុងខេត្តក្រចេះឱ្យមានកាន់តែច្រើនផងដែរ។

ជាមួយសក្តានុពល​ទេសភាពធម្មជាតិដ៏ស្រស់ស្អាត​អមជាមួយសម្លេងទឹកហូរ​ សម្លេងបក្សាបក្សី​ ទេសភាពព្រៃឈេី​ និងខ្យល់បរិសុទ្ធ​ មន្រ្តីទេសចរណ៍​ខេត្ត​​ជំរុញ​ទេសចរមកកម្សាន្ត​ ដែល​នឹងជាប់ចិត្ត​នៅពេលបានទៅកម្សាន្តតំបន់ទេសចរណ៍ថ្មី​ដ៏ទាក់ទាញនេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម