ព័ត៌មានជាតិ
លោក ហេង សួរ នាំយកឱកាសការងារជាង ៥ពាន់កន្លែង ដល់អតីតពលករមកពីថៃ នៅស្រុកមោងឫស្សី
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកទី៥៧៩ ត្រូវបានរៀបចំឡើងនាបរិវេណអនុវិទ្យាល័យកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយនាំមកនូវឱកាសការងារជាង ៥ ០០០ កន្លែង ពីក្រុមហ៊ុន-សហគ្រាសធំៗចំនួន ៦ ដើម្បីផ្ដល់ការសម្ភាស និងទទួលបានការងារភ្លាមៗជូនដល់អតីតពលករមកពីថៃ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ថ្លែងក្នុងឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា វេទិកាការងារនេះ គឺជាយន្តការដ៏មានប្រសិទ្ធភាព ដោយមានអ្នកចូលរួមសរុបដល់ទៅ ១៥០ ៨៩៩ នាក់ ហើយក្រសួងនឹងបន្តរៀបចំជាហូរហែបន្ថែមទៀតនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦ នេះ។ លោករដ្ឋមន្ត្រី បានបង្ហើបឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានឱកាសការងារក្នុងស្រុកសរុបចំនួន ៨៩ ៥៣៩ កន្លែង នៅទូទាំងប្រទេស ដែលជាសញ្ញាណវិជ្ជមានសម្រាប់ពលរដ្ឋដែលចង់កសាងជីវភាពក្នុងស្រុកកំណើត។
លោករដ្ឋមន្ត្រី បានធ្វើការប្រៀបធៀបយ៉ាងស៊ីជម្រៅ ដើម្បីឱ្យបងប្អូនពលករងាយស្រួលក្នុងការសម្រេចចិត្ត។ លោកបានគូសបញ្ជាក់ថា ការធ្វើការនៅប្រទេសថៃ ទោះបីទទួលបានប្រាក់ឈ្នួលខ្ពស់ជាងបន្តិច ប៉ុន្តែត្រូវប្រឈមនឹងការរើសអើង ហានិភ័យសុវត្ថិភាព ខ្វះការគាំពារសុខភាព និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារបានឡើយ។ ផ្ទុយទៅវិញ ការធ្វើការក្នុងស្រុកគឺជាជម្រើសដ៏ប្រសើរ ដែលផ្ដល់នូវសុភមង្គលក្នុងគ្រួសារ និងអត្ថប្រយោជន៍គាំពារសង្គមដ៏លើសលប់ពីប័ណ្ណ ប.ស.ស. រួមមាន៖ (១)សេវាព្យាបាលឥតគិតថ្លៃ៖ ការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយមិនអស់ប្រាក់។ (២)ប្រាក់សោធននិវត្តន៍៖ ការធានានូវប្រាក់ចំណូលប្រចាំខែនៅពេលចាស់ជរាដូចមន្ត្រីរាជការ។ (៣)ការគាំពារមាតា និងទារក៖ ទទួលបានប្រាក់ឧបត្ថម្ភជាច្រើនលើក ចាប់ពីពេលមានផ្ទៃពោះ រហូតដល់សម្រាលកូន និងការឈប់សម្រាកដែលមានប្រាក់ឈ្នួល។

ស្របតាមការយកចិត្តទុកដាក់បំផុតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងការងារ បានជំរុញឱ្យយុវជនចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស (TVET ១.៥ លាននាក់)។ ជាពិសេស សម្រាប់អតីតពលករដែលមានបទពិសោធន៍ស្រាប់ ក្រសួងនឹងរៀបចំការវាយតម្លៃការសិក្សាពីមុន (RPL) ដើម្បីផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញជាផ្លូវការលើវិស័យសំណង់ចំនួន ៨ មុខជំនាញ ដោយឥតគិតថ្លៃ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ។
ដោយឡែកសម្រាប់ពលរដ្ឋដែលមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំស្វែងរកទីផ្សារការងារដែលមានស្ដង់ដាខ្ពស់ លក្ខខណ្ឌការងារល្អ និងប្រាក់ចំណូលខ្ពស់ ដូចជានៅប្រទេស ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម ដើម្បីធានាថាបងប្អូនទទួលបានឧត្តមភាព និងសេចក្ដីថ្លៃថ្នូរ។

ជាចុងក្រោយ លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិឱ្យកាន់តែរឹងមាំ៕

-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


