Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ

បានផុស

នៅ

ក្នុងកិច្ចពិភាក្សាស្តីពីវិស័យទេសចរណ៍ តំណាងក្រសួងព័ត៌មាន បានបង្ហាញពីលទ្ធផលផ្លែផ្កានៃកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជាទៅកាន់ពិភពលោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិចម្រុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា៖ «ក្នុងក្របខណ្ឌនៃយុទ្ធនាការទេសចរណ៍រដូវកាលបៃតង ក្រសួងទាំងពីរបានចាប់ដៃគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាឱ្យកាន់តែរីកសុះសាយ ខណៈរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវផែនការសកម្មភាពដើម្បីទាក់ទាញពិភពលោកឱ្យធ្វើដំណើរកំសាន្តមកកាន់ប្រទេសកម្ពុជា»។ ការលើកឡើងនេះ ក្នុងឱកាសលោក ទេព អស្នារិទ្ធ អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាពិសេសមួយក្រោមប្រធានបទ «បណ្ដាញសង្គម៖ សំឡេងឌីជីថលសម្រាប់វិស័យទេសចរណ៍កម្ពុជា» ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ កន្លងទៅ។

លោក ទេព អស្នារិទ្ធ ក៏បានបញ្ជាក់ថា ដើម្បីសម្រេចបានគោលបំណងនេះ ការផ្សព្វផ្សាយ និងការទទួលព័ត៌មានពិត ត្រឹមត្រូវ និងគ្រប់ជ្រុយជ្រោយ ពិតជាមានសារៈសំខាន់ ខណៈប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងទំនើបទាំងជាតិ និងឯកជនបន្តដើរតួនាទីស្នូល និងយ៉ាងសកម្មក្នុងទិសដៅនេះ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ បណ្តាញសារព័ត៌មានជាតិមានវិទ្យុជាតិ ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានAKP និងបណ្តាញផ្សាយព័ត៌មានរបស់មន្ទីរព័ត៌មានក្នុង២៥រាជធានី-ខេត្ត បានផលិត និងផ្សាយព័ត៌មានទាក់ទងនឹងវិស័យទេសចរណ៍ ចំនួនប្រមាណ ៣ ០០០ មាតិកា ក្នុងទម្រង់ចម្រុះដូចជា វីដេអូ សំណេរ រូបថតប្រកបដោយគុណភាព ដោយបានផ្សាយតាមរយៈគេហទំព័រ, APP និងបណ្តាញសង្គមរបស់ក្រសួងព័ត៌មាន មានFacebook, TikTok, យូធូប, X និង Instagram បន្ថែមលើការផ្សាយតាមប្រព័ន្ធប្រពៃណី មានវិទ្យុជាតិ ទូរទស្សន៍ជាតិកម្ពុជា។ ជាមួយគ្នានេះ មន្ទីរព័ត៌មាន២៥រាជធានីខេត្តបានសហការជាមួយមន្ទីរទេសចរណ៍ ក៏ដូចជាតួអង្គពាក់ព័ន្ធមានវិស័យរដ្ឋ និងឯកជន ដើម្បីបង្ហាញពីសក្តានុពលគោលដៅទេសចរណ៍សំខាន់ៗ ជាមួយរមណីយដ្ឋានថ្មី ប្លែក មានភាពទាក់ទាញពីនៅក្នុងមូលដ្ឋានរាជធានី-ខេត្តរបស់ខ្លួន តាមរយៈការផលិត និងផ្សព្វផ្សាយព័ត៌មាន និងរូបភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើម្បីឱ្យចង់មកទស្សនាកម្ពុជាម្ដងហើយម្ដងទៀត។ ជាងនេះទៀត តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ព័ត៌មានស្តីពីទេសចរណ៍កម្ពុជាត្រូវបានបញ្ជូនទៅកាន់ដៃគូសារព័ត៌មានអន្តរជាតិនៅក្រៅប្រទេសចំនួន១៨ ទីភ្នាក់ងារ ដែលមានសកម្មភាពគ្របដណ្ដប់នៅគ្រប់ទ្វីបទាំងអស់លើសកលលោក។

ឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា កិច្ចសហការរវាងក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍មានសារៈសំខាន់ណាស់ ក្នុងការប្រឆាំងនឹងការបំភ្លៃការពិត ការផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចេតនាអាក្រក់បង្ខូចកិត្តិយសជាតិ និងវិស័យទេសចរណ៍ប្រទេសកម្ពុជា។ កិច្ចខិតខំនេះ សំដៅធានាសន្តិសុខព័ត៌មាននៅកម្ពុជា រួមចំណែកជំរុញសេដ្ឋកិច្ចតាមរយៈទេសចរណ៍ ព្រោះនៅពេលមានការផ្សព្វផ្សាយពិតយ៉ាងទូលំទូលាយ វានឹងទាក់ទាញការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដោយភាពជឿជាក់ កក់ក្តៅ និងមានទំនុកចិត្ត។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍បានរៀបចំកិច្ចពិភាក្សាពិសេសមួយដោយផ្តោតលើសារសំខាន់នៃការប្រើប្រាស់បណ្ដាញសង្គមដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍និងសក្តានុពលប្រកបដោយនិរន្តរភាព និងនវានុវត្តន៍។ កិច្ចពិភាក្សាក៏បានផ្តោតផងដែរលើការគិតគូរ រិះរកវិធីសាស្ដ្រ និងមធ្យោបាយថ្មីៗ សម្រាប់ការផ្សព្វផ្សាយដោយប្រព័ន្ធបែបថ្មី ដើម្បីជំរុញការស្គាល់កម្ពុជាឱ្យកាន់តែច្រើន និងលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយភាពទាក់ទាញក្នុងយុគសម័យឌីជីថល។ កិច្ចពិភាក្សានេះត្រូវបានដឹកនាំ និងសម្របសម្រួលដោយ លោក ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស តំណាងស្ថាប័នរដ្ឋ និងឯកជន និងអ្នកបង្កើតមាតិកាល្បីៗជាច្រើននាក់ទៀត។

អង្គពិភាក្សាបានសង្កត់ធ្ងន់ថាការប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមតែជាឧបករណ៍សម្រាប់ផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារផ្នែកទីផ្សារ (Marketing )ដ៏សំខាន់មួយ ក្នុងការបង្ហាញសក្តានុពលទេសចរណ៍ ផលិតផល និងគុណភាពសេវាកម្ម ទេសចរណ៍ របស់កម្ពុជា ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរច្រើនឡើងឱ្យអញ្ជើញមកទស្សនា និងកំសាន្តនៅកម្ពុជា។ ទាំងនេះជាគន្លឹះដ៏សំខាន់មួយរួមចំណែកក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពវិស័យទេសចរណ៍ ខណៈបន្តលើកតម្កើងរូបភាពវិជ្ជមានរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម