ព័ត៌មានជាតិ
អង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស បញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ក្នុងកិច្ចសហការជាមួយក្រសួងសុខាភិបាល
អង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស (Médecins Sans Frontières Switzerland – MSF) បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ក្នុងកិច្ចសហការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ការសង្គ្រោះវេជ្ជសាស្ត្រជូនប្រជាជនងាយរងគ្រោះ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងនាយកប្រតិភូអង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស (Médecins Sans Frontières Switzerland – MSF) ដែលដឹកនាំដោយ លោក Adrian Guadarrama អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកេនយ៉ា តង់ហ្សានី អ៊ុយក្រែន កៀហ្ស៊ីស៊ីស្ថាន កាហ្សាក់ស្ថាន ហ្វីលីពីន និងកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង ក្រសួងសុខាភិបាល និងអង្គការ MSF Switzerland ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងនាមជាដៃគូបច្ចេកទេស និងវេជ្ជសាស្ត្រ ក្នុងការគាំទ្រក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខភាពចាំបាច់បំផុតជូនដល់ប្រជាជននៅមូលដ្ឋាន។ លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា «ក្រសួងសុខាភិបាលតែងតែចងចាំនូវការរួមចំណែករបស់អង្គការ MSF ដែលជានិមិត្តរូបនៃការជួយសង្គ្រោះ និងជាកម្លាំងចលករ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង»។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់អង្គការ ឱ្យបន្តធ្វើការងារជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលខេត្តគោលដៅ ដើម្បីកំណត់នូវមណ្ឌលសុខភាពអាទិភាពដែលត្រូវការការគាំទ្រ ក្នុងគោលដៅពង្រឹងការត្រៀមលក្ខណៈឆ្លើយតបគ្រាអាសន្នផ្នែកវេជ្ជសាស្ត្រ និងការសង្គ្រោះបន្ទាន់ ក៏ដូចជាការផ្តល់សេវាសុខភាពសំខាន់ៗ ដោយផ្តោតលើការពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងការិយាល័យស្រុកប្រតិបត្តិ។
ជាការឆ្លើយតប លោក Adrian Guadarrama បានជម្រាបជូនអំពីបេសកកម្មរបស់អង្គការ MSF ដែលជាអង្គការមនុស្សធម៌អន្តរជាតិ ឯករាជ្យ អព្យាក្រឹត និងផ្នែកវេជ្ជសាស្ត្រ ដែលផ្តល់ជំនួយវេជ្ជសាស្រ្តសង្គ្រោះជីវិត ដោយមិនគិតពីសាសនា ឬនិន្នាការនយោបាយ។ លោកថា បច្ចុប្បន្ន អង្គការកំពុងបំពេញបេសកកម្មក្នុងប្រទេសចំនួន ១៦៩ ដែលនឹងបន្តតួនាទីជាដៃគូបច្ចេកទេស ដើម្បីគាំទ្រក្រសួងសុខាភិបាល ក្នុងការសម្រេចឱ្យបាននូវគោលដៅសុខាភិបាលជាតិ។

ភាគីទាំងពីរ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីធានាឱ្យបាននូវសេវាសុខភាពដែលមានគុណភាព សមធម៌ និងប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


