Connect with us

ព័ត៌មានជាតិ

ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ជាង ១ ម៉ឺនក្បាលដី បានប្រកាសបិទផ្សាយជាសាធារណៈ នៅស្រុកសូទ្រនិគម

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នេះ ឯកសារ​វិនិច្ឆ័យ​សម្រាប់​ការ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ចំនួន ១៤ ៧៨០ ក្បាលដី ស្ថិត​ក្នុង​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ត្រូវ​បាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត សហការ​ជាមួយ​រដ្ឋបាល​ស្រុក បិទ​ផ្សាយ​ជា​សាធារណៈ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកកាន់កាប់ ឬ​ម្ចាស់​ក្បាលដី ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​មុន​នឹង​ឈាន​ដល់​ការ​ទទួល​បាន​បណ្ណ​កម្មសិទ្ធិ​សម្គាល់​ម្ចាស់​អចលនទ្រព្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត បាន​បញ្ជាក់​ថា ក្បាលដី​ដែល​បិទ​ផ្សាយ​នាពេលនេះ ស្ថិត​ក្នុង​ភូមិ​បឹង​ង៉​ត ភូមិ​ដាក់​ផ្កា ភូមិ​ត្រាវ​បាក់ ភូមិ​ផ្ការំចេក ភូមិ​ចំប៉ី ភូមិ​ប៉ោយ​ស្មាច់ ភូមិ​ប្រ​វ៉ាល ភូមិ​បឹង​វៀន និង​ភូមិ​តា​យ៉ែ​ក នៃ​ឃុំ​តា​យ៉ែ​ក។ ការ​បិទ​ផ្សាយ​នេះ មាន​រយៈពេល ១៥ ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី ៦ ដល់​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ក្នុង​បរិវេណ​វត្ត​វត្ត​តា​យ៉ែ​កឯករ​ង្សី ដើម្បី​ឱ្យ​ម្ចាស់​ដី ឬ​អ្នក​កាន់​កាប់​ដី ព្រមទាំង​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ ចូលរួម​ពិនិត្យ​ផ្ទៀងផ្ទាត់​មើល​ទិន្នន័យ​ឱ្យ​បាន​គ្រប់ៗ គ្នា ធានា​បាន​នូវ​ភាព​សុក្រឹត​ត្រឹមត្រូវ​ក្នុង​ការ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន។

លោក ហ៊ី សាយ ក៏បាន​សំណូមពរ​ដល់​ម្ចាស់​ក្បាលដី និង​អ្នកកាន់កាប់​ដី ព្រមទាំង​អ្នក​ពាក់ព័ន្ធ សូម​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដី​របស់​ខ្លួន​ឱ្យ​បាន​គ្រប់ៗ គ្នា ទៅ​លើ​ឈ្មោះ​ម្ចាស់​ដី សាវតារ ទំហំ​ដី ប្រភេទ​ទ្រព្យ ព្រោះ​នេះ​ជា​ឱកាស​ចុងក្រោយ​ដែល​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មាន​សិទ្ធិ​ធ្វើការ​កែតម្រូវ ឬ​ជំទាស់​តវ៉ា ចំពោះ​ករណី​មាន​កំហុស​ឆ្គង សូម​​ប្រជាពលរដ្ឋ​ប្រាប់​ទៅ​មន្ត្រី​ជំនាញ​​ប្រចាំការ​នៅ​ទីនោះ ដើម្បី​ឱ្យ​ពួកគាត់​ធ្វើការ​ពិនិត្យ និង​កែតម្រូវ​ជូន សំដៅ​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ​ទាំង​លក្ខណៈ​បច្ចេកទេស និង​លក្ខណៈ​ច្បាប់។

លោក គឹម វណ្ណៈ អភិបាល​ស្រុក​សូទ្រនិគម មានប្រសាសន៍ថា ការ​ចុះ​បញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ធ្វើឡើង​ដើម្បី​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ជូន​​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ ឬ​អ្នកកាន់កាប់​ដី ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​តម្រូវការ​ផ្សេងៗ។ មុន​នឹង​ឈាន​ទៅ​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី ឬ​អ្នកកាន់កាប់​ដី តាម​នីតិវិធី​តម្រូវ​ឱ្យ​មាន​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​វិនិច្ឆ័យ​ការ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដើម្បី​ផ្ទៀងផ្ទាត់ ធ្វើការ​កែតម្រូវ ឬ​ជំទាស់​តវ៉ា បើ​ពួកគាត់​ពិនិត្យ​ឃើញ​ថា ​មាន​ចំណុច​ខុសឆ្គង។

លោក​អភិបាល​ស្រុក ក៏បាន​សំណូមពរ​ដល់​ម្ចាស់​ក្បាលដី និង​អ្នកកាន់កាប់​ដី សូម​រួសរាន់​ចូលរួម​ពិនិត្យ ផ្ទៀងផ្ទាត់ ឱ្យ​បាន​គ្រប់គ្នា ដើម្បី​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ ច្បាស់លាស់ គ្មាន​កំហុស​ឆ្គង ព្រោះ​វា​ជា​ឱកាស​ចុងក្រោយ ដែល​ម្ចាស់​ក្បាលដី​អាច​មាន​សិទ្ធិ​ពិនិត្យ​តវ៉ា បើ​អាក់ខាន ឬ​យឺតយ៉ាវ នឹង​នាំ​ឱ្យ​បាត់បង់​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម