ព័ត៌មានជាតិ
បទសម្ភាសនាយករដ្ឋមន្រ្តីកម្ពុជា ជាមួយកាសែតអន្តរជាតិ គឺជាសារទូងស្គរប្រាប់ពិភពលោកឱ្យជួយធ្វើជាសាក្សីជុំវិញអំពើឈ្លានពានរបស់យោធាថៃ
តាមរយៈការផ្ដល់បទសម្ភាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់សារព័ត៌មានអង់គ្លេស Reuter និង Fox News របស់សហរដ្ឋអាមេរិក បានក្លាយជាសារយ៉ាងច្បាស់ទៅកាន់អន្តរជាតិឱ្យជួយធ្វើជាសាក្សីជុំវិញអំពើរំលោភបំពានរបស់យោធាថៃមកលើកម្ពុជា និងរំលេចពីការប្តេជ្ញាចិត្តប្រកាន់យកដំណោះស្រាយដោយសន្តិវិធីផ្អែកលើយន្តការការទូត និងច្បាប់អន្តរជាតិសំខាន់ៗជាមួយថៃ។

រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តជំរុញយ៉ាងសកម្ម និងស៊ីជម្រៅថែមទៀតនូវព័ត៌មានការទូតស្ដីពី «អំពើឈ្លានពានរបស់យោធាថៃមកលើកម្ពុជា» នៅលើឆាកអន្តរជាតិ ដើម្បីឱ្យសហគមន៍អន្តរជាតិឈរជាមួយសច្ចភាព យុត្តិធម៌ និងសន្តិភាព ដែលធ្វើឱ្យកម្ពុជា ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសរងគ្រោះពីការឈ្លានពានរបស់ប្រទេសថៃដោយអយុត្តិធម៌។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា ការផ្តល់បទសម្ភាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដល់សារព័ត៌មានអង់គ្លេស Reuter និង Fox News របស់សហរដ្ឋអាមេរិក គឺជាការបង្ហាញជំហរការទូតកម្រិតខ្ពស់បំផុតរបស់កម្ពុជា និងបង្ហាញថា កម្ពុជា គឺជារដ្ឋស្រលាញ់សន្តិភាព និងចង់បានការដោះស្រាយបញ្ហាផ្អែកលើច្បាប់អន្តរជាតិ។

លោកបណ្ឌិតបន្តថា ប្រមុខរដ្ឋាភិបាល បានលាតត្រដាងដ៏ច្បាស់លាស់បំផុតពីអំពើឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ពិសេសការរំលោភបំពានក្រោយបទឈប់បាញ់។ ចំណុចមួយចំនួនទៀតនៅក្នុងបទសម្ភាសរបស់សម្តេចធិបតី គឺជាការបង្ហាញពីសុឆន្ទៈរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើច្បាប់អន្តរជាតិ។

លើសពីនេះ លោកបណ្ឌិតបញ្ជាក់ថា «យើងកំពុងតស៊ូមតិលើវេទិកាអន្តរជាតិដើម្បីទទួលបានឋានៈជាប្រទេសរងគ្រោះ និងថៃជាប្រទេសឈ្លានពាន។ ហេតុអ្វីខ្ញុំនិយាយដូច្នេះ? យើងត្រូវទទួលស្គាល់ថា មកដល់ម៉ោងនេះ មិនទាន់មានប្រទេសណាមួយថ្លែងការណ៍ថ្កោលទោសថៃជាផ្លូវការថា ថៃឈ្លានពានយើងនៅឡើយទេ គេចាត់ទុកថា នោះជាជម្លោះព្រំដែន ឬការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធប៉ុណ្ណោះ។ មាគ៌ារបស់យើងឆ្ពោះទៅការទាមទារទឹកដីយើងត្រឡប់មកវិញ»។

លោក ថុង ម៉េងដាវីត អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិបានលើកឡើងថា សហគមន៍អន្តរជាតិនៅតែបន្តចាត់ទុកការឈ្លានពានពីសំណាក់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា គឺជាការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធតាមព្រំដែនប៉ុណ្ណោះ ប៉ុន្ដែមិនទាន់មានប្រទេសណាមួយចេញលិខិតថ្កោលទោសទង្វើររបស់យោធាថៃនោះទេ។
លោកបន្តថា ការផ្ដល់បទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិរបស់សម្ដេចធិបតីនៅសហរដ្ឋអាមេរិកនេះ គឺជាការទូងស្គរបន្លឺសំឡេងអយុត្តិធម៌បង្ហាញទៅកាន់ពិភពលោកជុំវិញអំពើក្រឡេចក្រឡុចរបស់ថៃដែលតែងតែប្រើប្រាស់កល់ល្បិចអាក្រក់ឈ្លានពានបូរណភាព និងអធិបតេយ្យទឹកដីកម្ពុជានៅតាមព្រំដែន។

អ្នកជំនាញភូមិសាស្រ្តនយោបាយបញ្ជាក់ថា «ក្នុងស្មារតីទប់ទល់ជាមួយសត្រូវខាងក្រៅបែបនេះ ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយទាំងក្នុង និងក្រៅប្រទេស ត្រូវតែរួបរួមសាមគ្គីគ្នាជាមួយរាជរដ្ឋាភិបាល ខំប្រឹងប្រែងទូងស្គរបំពងសំឡេងអយុត្តិធម៌បន្លែមទៀត ដើម្បីបង្ហាញចរិតអាក្រក់ពិតប្រាកដរបស់ថៃ និងអំពើឈ្លានពានមកលើកម្ពុជា»។
សារព័ត៌មាន Fox News របស់សហរដ្ឋអាមេរិក បានចោទជាសំនួរទៅកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រសិនបើវត្តមានរបស់យោធថៃ នៅតែបន្តរុញច្រានចូលទៅក្នុងទឹកដីរបស់អ្នក តើកម្ពុជាមានគម្រោងឆ្លើយតបយ៉ាងដូចម្តេច? តើកាលៈទេសៈណាដែលបទឈប់បាញ់នឹងលែងមានប្រសិទ្ធភាព?

ជាការឆ្លើយតប សម្តេចធិបតីថ្លែងថា៖ យើងមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពទាំងពីរចូលជាធរមាន ប៉ុន្ដែកងទ័ពថៃនៅបន្តសកម្មភាពរបស់ខ្លួនដាក់ពង្រាយទូរកុងតឺន័រ និងរាយបន្លាលួសចូលជ្រៅក្នុងទឹកដីកម្ពុជា។ នេះជាមូលហេតុដែលយើងនិយាយថា ការកាន់កាប់ទីតាំង គឺហួសពីការទាមទារជាឯកតោភាគីរបស់ប្រទេសថៃ។
សម្ដេចបន្តថា តំបន់ទាំងនោះ គឺជាកម្មសិទ្ធិរបស់កម្ពុជា ដែលឥឡូវនេះពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ មិនអាចវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញបានទេ។ ទង្វើររបស់យោធាថៃទាំងអស់នេះ ត្រូវបានអនុវត្តខុសពីសេចក្តីថ្លែងការណ៍រួម ដែលយើងមានរវាងប្រទេសទាំងពីរ ដែលត្រូវអនុញ្ញាតឱ្យជនស៊ីវិលទាំងអស់ត្រឡប់មកផ្ទះពួកគេវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំហររបស់យើងតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ការសន្ទនាដោយសន្តិវិធី ព្រោះយើងមិនជឿថា ការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ឈប់សង្គ្រាម គឺគ្មាននិរន្តរភាព ឬជាក់ស្តែងនោះទេ។ នេះជាមូលហេតុដែលយើងបានស្នើឱ្យប្រទេសថៃគោរពកិច្ចព្រមព្រៀង ដែលមានលោកប្រធានាធិបតី Trump និងប្រធានអាស៊ាន គឺលោកនាយករដ្ឋមន្ត្រី Anwar បានធ្វើជាសាក្សី ដែលបានកំណត់លក្ខខណ្ឌច្បាស់លាស់មួយ ដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះជម្លោះរវាងប្រទេសថៃ មូលហេតុចម្បងគឺជម្លោះទឹកដី។ លោកប្រធានាធិបតី Trump បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួល និងធានាឱ្យមានបទឈប់បាញ់តាំងតែពីលើកដំបូងរវាងប្រទេសកម្ពុជា និងប្រទេសថៃ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


