Connect with us

ព័ត៌មានជាតិ

កម្ពុជាបារម្ភបំផុតចំពោះសភាពការណ៍នៅមជ្ឈិមបូព៌ា និងទទួលព័ត៌មានថាពលរដ្ឋខ្មែរជិត៦រយនាក់មានសុវត្ថិភាព

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសបន្តតាមដានដោយយកចិត្តទុកដាក់ និងក្តីបារម្ភបំផុត ចំពោះការវិវត្តនៃសភាពការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលកើតចេញពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិក រួមជាមួយអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេស នៃកម្ពុជា នៅថ្ងៃទី១០ ខែមីនា បានអះអាងក្នុងសេចក្ដីប្រកាសព័ត៌មានថា ស្ថានទូតកម្ពុជាប្រចាំនៅក្នុងតំបន់នោះ បានទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដើម្បីតាមដានអំពីសុខទុក្ខ និងសេចក្តីត្រូវការជំនួយជាយថាហេតុ ដើម្បីធានាសុខសុវត្ថិភាពរបស់ពួកគេ និងទទួលបានព័ត៌មានថាជនជាតិខ្មែរ៥៩៥នាក់ ដែលស្នាក់នៅតំបន់មជ្ឈិមបូព៌ា បានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពទាំងអស់គ្នា។

បើតាមសេចក្ដីរាយការណ៍របស់BBC, ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី៩ ខែមីនា ប្រកាសថា មិនយូរទៀតទេសង្គ្រាមអ៊ីរ៉ង់ នឹងចប់ឆាប់ៗ ប៉ុន្តែមិនមែនក្នុងសប្តាហ៍នេះទេ ព្រោះប្រតិបត្តិការរបស់អាម៉េរិកដំណើរការ«លឿនជាងការគ្រោងទុក» ដោយបានបំផ្លិចបំផ្លាញសមត្ថភាពយោធាអ៊ីរ៉ង់ទាំងកងទ័ពជើងទឹក ទ័ពអាកាស និងប្រព័ន្ធទំនាក់ទំនង។ តែយ៉ាងណាលោកត្រាំ ក៏គំរាមកំហែងទៅលើអ៊ីរ៉ង់ថា អាម៉េរិក វាយប្រហារខ្លាំងជាងមុន២០ដង បើទីក្រុងតេហេរ៉ង់ មិនព្រមបើកច្រក Hormuz ឲ្យមានលំហូរប្រេង។ ក្រោយការព្រមានបែបនេះ  Daily Mail នៅថ្ងៃទី១០ ខែមីនា រាយការណ៍ថា​ ទីក្រុងតេហេរ៉ង់ រប់អ៊ីរ៉ង់ រងការវាយប្រហារដោយមីស៊ីលស្រោចដូចទឹកភ្លៀង បង្កជាការផ្ទុះដ៏មហិមា ដែលជាការវាយប្រហារអាកាសទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានចាប់តាំងពីផ្ទុះសង្គ្រាមថ្ងៃទី២៨ ខែកុម្ភៈ មក។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវដល់ពលរដ្ឋ សិស្ស-និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល កាតា គុយវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសបារ៉ែន ត្រូវបន្តគោរពតាមការ ណែនាំរបស់ប្រទេសម្ចាស់ផ្ទះអំពីកិច្ចការពារសុវត្ថិភាពផ្ទាល់ខ្លួន។

ក្រសួងការបរទេស ក៏ជូនដំណឹងថា បើប្រជាពលរដ្ឋ ឬសិស្ស-និស្សិតកម្ពុជា ត្រូវការជំនួយផ្នែកកុងស៊ុល ឬព័ត៌មានត្រូវទាក់ទងមកក្រសួងការបរទេសតាមទូរស័ព្ទ+855 12 652 497 ឬ 087 999 988  ស្ថានទូតកម្ពុជាប្រចាំតួកគីយ៉េ + 90 534 459 9689 ស្ថានទូតកម្ពុជាប្រចាំគុយវ៉ែត+ 965 960 58678 ស្ថានទូតកម្ពុជាប្រចាំអេហ្ស៊ីប + 20 115 627 9999។

នាយករដ្ឋមន្ត្រី សម្ដេច​ ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែមីនា អះអាងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត ក្នុងនោះសម្ដេចបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការជាមួយភាគីប្រទេសម្ចាស់ផ្ទះនៅតំបន់មជ្ឈិមបូពា៌ និងត្រូវចាត់វិធានការចាំបាច់ ដើម្បីសុវត្ថិភាពពលរដ្ឋ។ សម្ដេចនាយករដ្ឋមន្រ្តី ក៏បញ្ជាឱ្យផ្អាកការបញ្ជូនសិស្សនិស្សិតដែលទៅចុះកម្មសិក្សានៅក្នុងប្រទេសតំបន់មជ្ឈិមបូព៌ាសិន រងចាំស្ថានការណ៍ត្រឡប់មកស្ថានភាពប្រក្រតីដូចដើម។

គួររម្លឹកថា បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើងភ្លាមៗ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរក្សាការអត់ធ្មត់ឱ្យបានខ្ពស់បំផុត ដើម្បីកុំឱ្យស្ថានការណ៍ឡើងកម្ដៅខ្លាំងប៉ះពាល់អាយុជីវិតជនស៊ីវិល និងសន្តិភាព៕

ដោយ៖ ង៉ិល ណារ៉ាត់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម