Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំណែនាំសាលារដ្ឋនិងឯកជន រៀបចំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរអបអរសាទរបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនរៀបចំកម្មវិធីលេងល្បែង និងរាំរបាំប្រជាប្រិយខ្មែរ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែល​នឹងឈានមកដល់នាពេលដ៍ខ្លីខាងមុខនេះក៏ដូចជាចូលរួមអភិរក្ស និងលើកកម្ពស់ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់ឱ្យបានគង់វង្ស និងរីកចម្រើន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងអប់រំបានណែនាំ​ឲ្យ​គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវបង្កលក្ខណៈគ្រប់បែបយ៉ាងឱ្យសិស្សានុសិស្ស​និងយុវជន ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ល្បែងស្តេចចង់ ឈូង ចាប់កូនខ្លែង លោតអន្ទាក់ បោះអង្គញ់ លាក់កន្សែង ទាញព្រ័ត្រ វាយក្អម ដណ្តើមស្លឹកឈើ ឆក់កូនខ្លែង លោតបាវជាដើម និងរាំរបាំប្រជាប្រិយខ្មែរដូចជា របាំត្រុដិ គោះត្រឡោក គោះអង្រែ នារីជាជួរ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ តាលុង ចូកកំពិស កន្ទឺម។ល។ នៅមុនពេល និង អំឡុងពេលនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

បន្ថែមពីនេះត្រូវបង្កលក្ខណៈ និងលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន យុវជនស្ម័គ្រចិត្ត ឱ្យចូលរួមសហការ និងសម្របសម្រួល រៀបចំតុបតែងតាមបែបប្រពៃណី ដើម្បីគាំទ្រដល់ដំណើរការ លែងល្បែងប្រជាប្រិយ រាំរបាំប្រពៃណីជាតិ និងធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយ។ លើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនយើងតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់ ប្រពៃណីខ្មែរ ឬស្លៀកពាក់សមរម្យ ប្រកបដោយកាយវិការសុភាពរាបសានិងការទទួលខុសត្រូវខ្ពស់។

ជាមួ​យគ្នានេះ ក្រសួងអប់រំមិនអនុញ្ញាតឱ្យលេងល្បែងនិងរាំច្រៀងទាំងឡាយណាដែលផ្ទុយនឹងការណែនាំខាង​លើជៀសវាង ការលេងបាញ់ទឹក គប់ទឹក ប៉ាតម្សៅ ប៉ាតធ្យូង លេងភក់ ការរាំច្រៀងដែលមានកាយវិការមិនសមរម្យ ការប្រព្រឹត្តអំពើបៀតបៀន ការស្លៀកពាក់មិនសមរម្យ ការទទួលទានគ្រឿងស្រវឹង ការប្រើប្រាស់បារី គ្រប់ប្រភេទ និងការលេងល្បែងស៊ីសងគ្រប់ប្រភេទជាដើម។

ក្រសួងអប់រំ ក៏បានណែនាំឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី គណៈកម្មការគ្រប់គ្រងសាលារៀន មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ ដើម្បីផ្តល់និងទទួលព័ត៌មានអំពីបាតុភាពមិនប្រក្រតី និងការប្រព្រឹត្តមិនសមរម្យបង្កអំពើហិង្សា និងបាតុភាពអវិជ្ជមានផ្សេងទៀត ក្នុងគ្រឹះស្ថានសិក្សា ក្នុងន័យរួមចំណែកទប់ស្កាត់ និង ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលាផងដែរ។

ក្រសួងអប់រំបានបន្ថែមការណែនាំរបស់ក្រសួងអប់រំនេះត្រូវបានអនុញ្ញាតឱ្យអនុវត្តចាប់ពីថ្ងៃចាប់ផ្តើមនៃវិស្សមកាលតូច និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែប៉ុណ្ណោះ។

គួរបញ្ជាក់ថាពិធីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម