Connect with us

ព័ត៌មានជាតិ

នៅចំពោះមុខមន្រ្តីជាន់ខ្ពស់អាមេរិក កម្ពុជាបង្ហាញការព្រួយបារម្ភបញ្ហាមីនតាមព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

នៅចំពោះមុខមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងការព្រួយបារម្ភចំពោះបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅតែមានភាពស្មុគស្មាញតាមបណ្តោយព្រំដែនកម្ពុជា–ថៃ និងត្រូវការពេលវេលា ព្រមទាំងថវិកាច្រើនក្នុងការដោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលលោក លី ធុជ ទទួលជួបពិភាក្សាការងារជាមួយលោក Ethan Rinks នាយកកម្មវិធីនៃការិយាល័យកាត់បន្ថយ និងរំសាយសព្វាវុធ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងគណៈប្រតិភូ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងគោលបំណងពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីនរវាងកម្ពុជានិងសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនោះ លោក លី ធុជ ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះបញ្ហាប្រឈមបញ្ហាមីននាពេលបច្ចុប្បន្ន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានលក្ខណៈស្មុគស្មាញ និងត្រូវការពេលវេលានិងថវិកាយ៉ាងច្រើនក្នុងការដោះស្រាយ ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋអាមេរិកដែលជួយគាំទ្រដល់ការបោសសម្អាតមីនតាមព្រំដែន និងឧបត្ថម្ភគាំទ្រដល់ជនភៀសសឹកផងដែរ។

ការលើកឡើងពីបញ្ហាស្មុគស្មាញដោះស្រាយមីនតាមព្រំដែននាពេលនេះ បន្ទាប់ពីយោធាថៃបានបើកយន្តហោះចម្បាំងទម្លាក់គ្រាប់ និងប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាមឈ្លានពានមកលើទឹកដីកម្ពុជា។ កន្លងទៅ លោក លី ធុជ ក៏បានសម្តែងការព្រួយបារម្ភថាសំណល់យុទ្ធភណ្ឌបន្សល់ទុកដោយយោធាថៃនាសម័យទំនើប នឹងបង្កផលវិបាកដល់មនុស្សជំនាន់ក្រោយ ជាពិសេសស្រ្តី និងកុមារ។ យ៉ាងណាមិញ លោក លី ធុជ បានបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានកំណត់គោលដៅយ៉ាងច្បាស់ក្នុងការដោះស្រាយ និងបញ្ចប់ផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។

ជាមួយគ្នានោះ លោកបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីននៅកម្ពុជា ក្នុងនោះសហរដ្ឋអាមេរិក គឺជាប្រទេសម្ចាស់ជំនួយធំជាងគេរហូតដល់ជាង ២០០លានដុល្លារអាមេរិក។ លោក លី ធុជ បានសម្តែងនូវការអបអរសាទរចំពោះភាពដៃគូយ៉ាងរឹងមាំ និងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រតិបត្តិការជាតិស៊ីម៉ាក់ ក៏ដូចជាប្រតិបត្តិករអន្តរជាតិដទៃទៀត ក្នុងកិច្ចការសកម្មភាពមីនមនុស្សធម៌។

ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ព្រមទាំងបានទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក ដែលបានជួយសង្រ្គោះអាយុជីវិត និងផ្តល់ដីមានសុវត្ថិភាពជូនប្រជាជនកម្ពុជាច្រើន តាមរយៈវិស័យសកម្មភាពមនុស្សធម៌នេះ។

លោកបានបញ្ជាក់ថា ភាពជាដៃគូ និងការបន្តកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នឹងមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ គាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងឈានទៅសម្រេចគោលដៅរួមរបស់កម្ពុជា ក្នុងការកសាងប្រទេសដែលមានសុវត្ថិភាព និងគ្មានមីន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម