Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលា «រួមគ្នាលើកកម្ពស់សីលធម៌ តាមរយៈការផ្សព្វផ្សាយ» ជំរុញឥទ្ធិពលវិជ្ជមាន ក្នុងសង្គមឌិជីថល

បានផុស

នៅ

ដើម្បីរួមចំណែកលើកកម្ពស់សីលធម៌សង្គម និងជំរុញការផ្សព្វផ្សាយប្រកបដោយទំនួលខុសត្រូវ ក្រសួងព័ត៌មាន បានសហការជាមួយក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំពិធីបើកសិក្ខាសាលាស្តីពី «រួមគ្នាលើកកម្ពស់សីលធម៌ តាមរយៈការផ្សព្វផ្សាយ» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និស្សិតនារីមកពីសាលាប៊ែលធី និងអ្នកសារព័ត៌មានប្រមាណ ២១៨នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនេះ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងពីសារៈសំខាន់នៃវិជ្ជាជីវៈសារព័ត៌មាន និងតួនាទីរបស់អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយក្នុងការរក្សាតម្លៃសង្គម តាមរយៈការផ្តល់ព័ត៌មានដែលមានគុណភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។ លោកគូសបញ្ជាក់ដែរថា ក្រសួងព័ត៌មាន តែងខិតខំគ្រប់គ្រង និងតាមដានការផ្សព្វផ្សាយព័ត៌មាន ដើម្បីកាត់បន្ថយខ្លឹមសារដែលអាចប៉ះពាល់ដល់សង្គម និងសន្តិសុខសាធារណៈ។

ដើម្បីរួមចំណែកលើកកម្ពស់សីលធម៌ គុណធម៌ និងគុណតម្លៃសង្គម ព្រមទាំងការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានលើកឡើងពីបច្ចុប្បន្នភាពក្នុងវិស័យព័ត៌មានឌិជីថល ដែលកំពុងមានឥទ្ធិពលខ្លាំងក្នុងសង្គម ពិសេសការប្រើប្រាស់បណ្តាញសង្គមក្នុងការផលិត និងចែកចាយមាតិកា។ លោកសង្កត់ធ្ងន់ថា សេរីភាពក្នុងការផ្សព្វផ្សាយ គួរត្រូវបានប្រើប្រាស់ដោយការទទួលខុសត្រូវ និងគិតគូរពីផលប៉ះពាល់ដល់សង្គមជាតិ ដោយគួរផ្សព្វផ្សាយតែព័ត៌មានពិត មានប្រយោជន៍ និងចៀសវាងមាតិកាដែលបង្កភាពអសន្តិសុខ ឬជះឥទ្ធិពលអវិជ្ជមានដល់សង្គម។

ជាមួយគ្នានេះ លោក ជុំ កុសល បានលើកឡើងពីបញ្ហាការធ្វើទីផ្សាររបស់អ្នកប្រកបអាជីវកម្មអនឡាញមួយចំនួន ដែលប្រាសចាកសីលធម៌ហួសប្រមាណ និងបង្កការរិះគន់នៅលើបណ្តាញសង្គម។ ជាពិសេស រឿងរ៉ាវដ៏រស៉ើបថ្មីៗនេះ គឺករណីជជែកវែកញែកហែកហួរគ្នាជាសាធារណៈរវាងអ្នកលក់អនឡាញ ដែលត្រូវបានមើលឃើញថា បាននិងកំពុងឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃតម្លៃសីលធម៌ក្នុងសង្គម។

ផ្សារភ្ជាប់នឹងប្រធានបទខាងលើនេះដែរ លោកស្រី ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី
តំណាងក្រសួងកិច្ចការនារី ក្នុងឱកាសធ្វើបទបង្ហាញពីតួនាទី ភារិកិច្ចរបស់​ គ.ជ.ស.ស.ខ ក៏បានលើកឡើងពីគុណតម្លៃ នៃការប្រើប្រាស់សិទ្ធសេរីភាពភាពរបស់បុគ្គល ពិសេសក្រុមអ្នកផលិតមាតិកា ឬអ្នកប្រកបអាជីវកម្មអនឡាញ ដោយសំដៅធានាថាមិនប៉ះពាល់សីលធម៌សង្គម និងកិត្តិយសជាតិ។

ក្នុងនោះ លោកស្រីបានលើកឡើងករណីជាក់ស្តែងកន្លងមក ដែលប៉ះពាល់ដល់មុខមាត់ជាតិ និងសង្គម ដូចជា ការផលិតមាតិកាមិនសមរម្យ បង្ហាញតំបន់ឯកជន ឬផ្សព្វផ្សាយសេវាផ្លូវភេទជាសាធារណៈជាដើម។ល។

បន្ថែមពីនេះ លោកស្រីបញ្ជាក់ថា មន្ត្រីក្នុងនាមជាសេនាធិការក្រសួងពុំដែលនៅស្ងៀមចំពោះបញ្ហាទាំងនេះ ដូចការការដាក់បន្ទុកពីសាធារណជនឡើយ។ តួយ៉ាង រាល់អ្វីដែលក្រសួងពាក់ព័ន្ធទទួលបាន គឺតែងមានក្រុមការងារត្រួតពិនិត្យ និងមានចំណាត់ការភ្លាមៗផងដែរ។

ជាការឆ្លើយតបទៅនឹងមតិមួយចំនួនដែលរិះគន់ថា ក្រសួងព័ត៌មាន បានបណ្តែតបណ្តោយឱ្យមានការផ្សព្វផ្សាយ ប្រាសចាកសីលធម៌នោះ លោករដ្ឋលេខាធិការ បញ្ជាក់ថា ក្រសួងមិនអាចបិទសិទ្ធិសេរីភាពបុគ្គល ឬត្រួតពិនិត្យគ្រប់មាតិកាទាំងអស់បាននោះទេ។ ដូច្នេះការរៀបចំសិក្ខាសាលានេះ គឺជាយន្តការមួយក្នុងការបង្កើនការយល់ដឹង និងបណ្តុះឆន្ទៈដល់អ្នកពាក់ព័ន្ធក្នុងវិស័យផ្សព្វផ្សាយទាំងអស់ ឱ្យរួមគ្នាបង្កើត និងចែកចាយមាតិកាវិជ្ជមាន ដើម្បីលើកកម្ពស់តម្លៃសង្គម និងកិត្តិយសជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម