Connect with us

ព័ត៌មានជាតិ

សម្តេច​ ម៉ែន សំអន ៖ ស្តូបមិត្តភាពកម្ពុជា-វៀតណាម បង្ហាញពីប្រវត្តិដ៏ជូរចត់ និង វីរភាព នៃការតស៊ូរួមគ្នារវាងកងទ័ពស្ម័គ្រចិត្ត នៃប្រទេសទាំងពីរ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា ស្តូបមិត្តភាពកម្ពុជា-វៀតណាម បង្ហាញពីប្រវត្តិដ៏ជូរចត់ និង វីរភាព នៃការតស៊ូរួមគ្នារវាងកងទ័ពស្ម័គ្រចិត្ត នៃប្រទេសទាំងពីរ ជាមួយគ្នាកន្លងមក មិនអាចបំភ្លេចបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម» ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ ដែលមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ងៀន វ៉ន់ហ្គូវ សមាជិកគណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងពិធីដ៏មហោឡារិកនេះ ក៍មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ , ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា , មន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារប្រទេសវៀតណាម , ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និង ខេត្តដុងថាប់ ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ។

លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ស្តូបមិត្តភាពនេះ គឺជាសក្ខីភាព នៃការដឹងគុណចំពោះវីរកងទ័ពស្ម័គ្រចិត្ត និង ជំនាញការវៀតណាម ដែលបានពលីជីវិតរួមជាមួយកងទ័ពកម្ពុជា ក្នុងការរំដោះជាតិ និង ប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ស្តូបនេះ ចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ និង បញ្ចប់នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ លើផ្ទៃដី ១៥.០០០ ម៉ែត្រការ៉េ ដោយមានកម្ពស់ ២១ ម៉ែត្រ។

សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃសមិទ្ធផលនេះ ដែលជាស្តូបចុងក្រោយគេ ក្នុងចំណោមបណ្តាខេត្តនានា ដោយបានរំលឹកពីប្រវត្តិដ៏ជូរចត់ និង វីរភាព នៃការតស៊ូរួមគ្នារវាងកងទ័ពស្ម័គ្រចិត្តវៀតណាម និង កងទ័ពកម្ពុជា។

សម្តេច សង្កត់ធ្ងន់ថា ទំនាក់ទំនងការទូត កម្ពុជា-វៀតណាម មានរយៈពេល ៥៩ ឆ្នាំ មកហើយ ហើយឆ្ពោះទៅឆ្នាំ ២០២៧ កម្ពុជា-វៀតណាម នឹងប្រារព្ធខួបអនុស្សាវរីយ៍គម្រប់ ៦០ ឆ្នាំ នៃចំណងមិត្តភាពការទូត ដែលជាសញ្ញាណ នៃភាពរឹងមាំ និង ការយល់ចិត្តគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ។ សម្តេច លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវយន្តការច្បាប់អន្តរជាតិ និង អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

សម្តេច បានរំលឹកដោយក្តីឈឺចាប់ចំពោះការឈ្លានពានដែលបង្កឡើងដោយភាគីថៃកន្លងមក ដែលតែងតែមានមហិច្ឆតាចង់បានទឹកដីកម្ពុជា រហូតឈានដល់ការផ្ទុះអាវុធ បណ្តាលឲ្យបាត់បង់អាយុជីវិតកងទ័ព និង ប្រជាពលរដ្ឋស្លូតត្រង់ទាំងសងខាង។ សម្តេច បានអំពាវនាវឲ្យគ្រប់ភាគី គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ដើម្បីសន្តិភាព និង ការអភិវឌ្ឍយូរអង្វែង។

នៅកិច្ចបញ្ចប់ នៃពិធី សម្តេចកិត្តិសង្គហបណ្ឌិត និង គណៈប្រតិភូ បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្តូបមិត្តភាព កម្ពុជា-វៀតណាម និង សមិទ្ធិផលនានា ដោយក្តីសង្ឃឹមយ៉ាងមុតមាំ ថា សមិទ្ធផលនេះ នឹងក្លាយជាទីកន្លែងសម្រាប់បន្តពូនជ្រំចំណងសាមគ្គីភាព រវាងប្រជាជាតិទាំងពីរ ក៏ដូចជាទីកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ផងដែរ៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម