Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ ការទប់ស្កាត់ពលកម្មកុមារ ជាទំនួលខុសត្រូវរួមរបស់គ្រួសារ និយោជក និងសង្គមទាំងមូល

បានផុស

នៅ

កម្ពុជាតែងតែប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពី ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ។
នៅថ្ងៃទី ១២ មិថុនា ឆ្នាំ ២០២៦ នេះ គឺជាខួបលើកទី ២៥ នៃ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ហើយកម្ពូជារៀបចំទិវានេះឡើងក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ​នៃពលកម្មកុមារ​នៅគ្រប់ខ្សែ​ច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់និងការងារសមរម្យ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារលិខិតរបស់នាយករដ្ឋមន្រ្តី សម្តេចធិបតិ ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា គឺជាយុទ្ធនាការនិងចលនាប្រជាជាតិសកល ដើម្បីលើកកម្ពស់ការយល់ដឹងនិងកៀរគរការគាំទ្រពីសាធារណជន ក្នុងដំណើរឆ្ពោះទៅរកការ លុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។

ការណ៍នេះ បានស្តែងឱ្យឃើញតាមរយៈការផ្តល់សច្ចាប័នដោយប្រទេស ជាច្រើនលើសកលលោក លើអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារលេខ១៨២ ស្តីពីការហាមប្រាមនិង សកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងអនុសញ្ញានៃអង្គការអន្តរជាតិ ខាងការងារលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការងារ សំដៅទប់ស្កាត់ការប្រើប្រាស់ ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ ជាអាទិ៍ទាសករកុមារ ការជួញដូរកុមារ ពេស្យាចារកុមារ និងការប្រើប្រាស់កុមារ ក្នុងជម្លោះប្រដាប់អាវុធនិងក្នុងស្ថានភាពងាយរងគ្រោះ។

ដោយឡែក កម្ពុជាប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជានេះឡើង ដើម្បីលើកកម្ពស់សុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ ព្រមទាំងការពារកុមារពីការរំលោភបំពាន គ្រប់រូបភាព។ ជាពិសេស ទិវានេះក៏រម្លឹកនូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលកាលនោះកុមារត្រូវបានបំបិទសិទ្ធិសេរីភាពទាំងស្រុង ទទួលរងនូវការកាប់សម្លាប់ ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការជាទម្ងន់ ការបង្អត់អាហារ និងការរស់នៅយ៉ាងលំបាកវេទនាដោយអយុត្តិធម៌ ព្រមទាំងបានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត។ 

យកឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារាចរណែនាំ ឱ្យស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ រៀបចំ «ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា» ទៅតាមមូលដ្ឋានរៀងៗខ្លួន បង្កើតកម្មវិធីកម្សាន្ត និងបានបញ្ចេញខ្លឹមសារមួយចំនួន។

ខ្លឹមសារ និងពាក្យស្លោករួមមាន រួមគ្នាលើកកម្ពស់ការគោរពនិងការការពារសិទ្ធិកុមារឱ្យបានពេញលេញ,
កុមារកម្ពុជាចង់រស់នៅក្នុងសន្តិភាពដោយទទួលបានការអប់រំនិងភាពរីករាយ ,សន្តិភាព គឺជាគ្រឹះនៃសិទ្ធិរស់រានមានជីវិតនិងការអភិវឌ្ឍរបស់កុមារ, រួមគ្នាគាំពារកុមារពីគ្រប់ទម្រង់នៃអំពើហិង្សា, រួមគ្នាគាំពារកុមារក្នុងស្ថានភាពមានជម្លោះ ។ការពារកុមារភៀសសឹកពីអំពើហិង្សានិងការកេងប្រវ័ញ្ចផ្លូវភេទ រួមគ្នាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅថ្ងៃនេះ ដើម្បីទទួលបានការងារសមរម្យនៅថ្ងៃស្អែក,គ្មានពលកម្មកុមារ នាំឱ្យសហគ្រាសមួយក្លាយជាសហគមន៍សុខសាន្តមួយ,​ ការទប់ស្កាត់ពលកម្មកុមារ ជាទំនួលខុសត្រូវរួមរបស់គ្រួសារ និយោជក និងសង្គមទាំងមូល។

នៅក្នុងឱកាសនេះ នៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ព្រមទាំងវិស័យការងារ និងវិស័យសុខាភិបាល អប់រំ បានចេញសារអបអរសាទរ និងជំរុញរួមគ្នាឱ្យលុបបំបាត់រាល់ទម្រង់ពលកម្មលើកុមារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម