Connect with us

ព័ត៌មានជាតិ

រកឃើញទំនិញនាំចូលពីថៃ ៩១ប្រភេទ និងប៊ីចេងម៉ាក «មេចុងភៅ» ១៥បាវ ដែលវេចខ្ចប់ខុសបទដ្ឋានបច្ចេកទេស

បានផុស

នៅ

សមត្ថកិច្ចចម្រុះ កាលពីថ្ងៃទី១៥ខែមិថុនា ម្សិលម៉ិញនេះ បានរកឃើញទំនិញចម្រុះនាំចូលពីប្រទេសថៃ ដែលគ្មានឯកសារបញ្ជាក់ត្រឹមត្រូវចំនួន ៩១ប្រភេទ និង បានពិនិត្យឃើញមានការវេចខ្ចប់ប៊ីចេងយីហោម៉ាក “មេចុងភៅ” ដែលមានអក្សរថៃនៅលើសម្រកបាវ ចំនួន ១៥បេផងដែរ។ ក្រុមការងារចម្រុះបានសម្រេចបិទឃ្លុំបេ ជាបណ្ដោះអាសន្ន និងបានបញ្ជូនតំណាងម្ចាស់ទីតាំងទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តតាមនីតិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី១៦ ខែ មិថុនានេះថា៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។

លោកស្រីបានបន្តថា តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន២ ក្នុងខណ្ឌសែនសុខ និងខណ្ឌកំបូលដែលជាប់សង្ស័យក្នុងករណីនេះ រួមមាន៖

១. ឃ្លាំងស្តុកគ្រឿងឧបភោគ-បរិភោគ របស់ក្រុមហ៊ុន បេក ឃើរស្មីត ឯ.ក ស្ថិតនៅផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ មានចំនួន០២ទូរគឺ៖ ទូរកក និងទូរស្ងួត ដោយក្រុមការងារចម្រុះបានរកឃើញមានទំនិញក្នុងទូរកក មានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចំនួន ០២គឺ ប្រទេសចិន និងប្រទេសវៀតណាម។ ដោយឡែកក្នុងទូរស្ងួត ក្រុមការងារបានរកឃើញទំនិញចម្រុះនាំចូលពីប្រទេសថៃ ដែលគ្មានឯកសារបញ្ជាក់ត្រឹមត្រូវសរុបចំនួន ៩១ប្រភេទ។ ដោយទទួលបានការសម្របសម្រួល នីតិវិធីផ្លូវច្បាប់ ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារចម្រុះបានសម្រេចបិទឃ្លុំទូរស្ងួត ដែលស្តុកទំនិញចម្រុះរបស់ប្រទេសថៃជាបណ្ដោះអាសន្ន និងបានបញ្ជូនតំណាងម្ចាស់ទីតាំងទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តតាមនីតិវិធី។

២. ទីតាំងដេប៉ូចែកចាយឈ្មោះ រិន សុខា មានទីតាំងនៅផ្លូវរទេះភ្លើង ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ ពេលចុះពិនិត្យដល់បន្ទប់វេចខ្ចប់ ក្រុមការងាររកបានពិនិត្យឃើញមានការវេចខ្ចប់ប៊ីចេងយីហោម៉ាក “មេចុងភៅ” ដែលមានអក្សរថៃនៅលើសម្រកបាវ ដូចខាងក្រោម៖ Chef 55 MONOSODIUM GLUTAMATE

MFG DATE: JAN.28.2026 , EXP DATE: JAN.27.2029 មានចំនួន ០៨បេ Chef 55 MONOSODIUM GLUTAMATE MFG DATE: 03.15.2026 EXP DATE: 03.14.2029 មានចំនួន ១៥បេ

ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងសាលារាជធានីភ្នំពេញ ក្រុមការងារចម្រុះ បានសម្រេចបិទឃ្លុំទីតាំងបន្ទប់វេចខ្ចប់ប៊ីចេងនេះ នៅវេលាម៉ោង១៧:៥០នាទី និងរង់ចាំក្រុមការងារជំនាញបច្ចេកទេសមកពិនិត្យនៅថ្ងៃនេះបន្តទៀត។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ គិតពីថ្ងៃទី១០ដល់១៥ ខែមិថុនា នេះក្រុមការងារចម្រុះបានចុះត្រួតពិនិត្យឃ្លាំងតូច ធំសរុបចំនួន ១៣១ទីតាំង បានរកឃើញ និងបិទបណ្តោះអាសន្ន ឃ្លាំងទំនិញមានស្តុកផលិតផលបង្កក និងទំនិញដែលនាំចូលខុសច្បាប់ពីប្រទេសថៃចំនួន ១៥ ព្រមទាំងបាននាំខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន ១៧នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម