Connect with us

ព័ត៌មានជាតិ

កម្ពុជាដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំសម្រាប់កិច្ចការកុងស៊ុល និងអន្តោប្រវេសន៍អាស៊ាន

បានផុស

នៅ

កម្ពុជាបានបើកទ្វារស្វាគមន៍ប្រទេសសមាជិកអាស៊ានសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៩ របស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកិច្ចការកុងស៊ុលអាស៊ាន (DGICM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើទឹកដីអង្គរ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាម្ចាស់ផ្ទះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំនេះ។

​គួរកត់សម្គាល់ថា ឆ្លងកាត់ការរៀបចំអស់រយៈពេលជិត ៣ទសវត្សរ៍កន្លងមកនេះ វេទិកា DGICM បានដើរតួនាទីជាឆ្អឹងខ្នងនៃសន្តិសុខព្រំដែនអាស៊ាន។ ចាប់តាំងពីកិច្ចប្រជុំលើកទី១ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាទ្បេស៊ី កាលពីឆ្នាំ១៩៩៦ យន្តការនេះបានបង្កើតនូវសមិទ្ធផលធំៗជាច្រើន ដូចជា ផែនការសកម្មភាពអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍ និងការដាក់ចេញនូវទិដ្ឋាការរួមអាស៊ាន ក្នុងដំណាក់កាលបន្តបន្ទាប់។

សម្រាប់កម្ពុជា ការធ្វើជាម្ចាស់ផ្ទះពេលនេះ គឺជាការបន្តវេនប្រវត្តិសាស្ត្រដ៏សំខាន់ បន្ទាប់ពីកម្ពុជាធ្លាប់បានរៀបចំកិច្ចប្រជុំ DGICM លើកទី១១ កាលពីឆ្នាំ២០០៧ និងលើកទី២០ កាលពីឆ្នាំ២០១៦ ជោគជ័យរួចមកហើយ។

កិច្ចប្រជុំ DGICM និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានបើកជាផ្លូវការពេលនេះ ជានិមិត្តរូបនៃការបង្ហាញពីសមិទ្ធផលរយៈពេល៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ ចាប់តាំងពីវេទិកានេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦។ បច្ចុប្បន្នវេទិកានេះបានប្រែក្លាយជាយន្តការដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសន្ទនាក្នុងតំបន់ និងការពិគ្រោះយោបល់ សំដៅសម្រួលដល់ការធ្វើដំណើរ ព្រមទាំងបង្ការ និងទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ ក៏ដូចជាឧក្រិដ្ឋកម្មឆ្លងដែននានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម