Connect with us

ព័ត៌មានជាតិ

មូលនិធិគន្ធបុប្ផាអរគុណគ្រួសារលោក ទីវ តារារិទ្ធិ ដែលអនុញ្ញាតឱ្យកូនប្រុសតែមួយគត់ជិះកង់ផ្សងព្រេងរៃអង្គាស ដើម្បីជីវិតកូនអ្នកដទៃ

បានផុស

នៅ

មូលនិធិគន្ធបុប្ផាកម្ពុជាអរគុណក្រុមគ្រួសារលោក ទីវ តារារិទ្ធិ ដែលបានអនុញ្ញាតឱ្យកូនប្រុសតែមួយគត់នៅក្នុងគ្រួសារជិះកង់រៃអង្គាសប្រាក់ ដើម្បីសង្គ្រោះជីវិតកុមារនៅកម្ពុជា។ លោក ឃាន តួក ប្រធានផ្នែក ទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងដូច្នេះ ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីជំនួបពិភាក្សាជាមួយក្រុមគ្រួសារលោក ទីវ តារារិទ្ធិ នៅសាលមន្ទីរពេទ្យគន្ធបុប្ផា នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃាន តួក  វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលោក ទីវ តារារិទ្ធ ដែលបានលះបង់កម្លាំងកាយ​ កម្លាំងចិត្ត ពេលវេលា ជិះកង់ធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន៤០ លើចម្ងាយដ៏វែងឆ្ងាយ ជួបប្រទះគ្រោះថ្នាក់ជាច្រើន  ដើម្បីកៀរគថវិកាសម្រាប់អនាគតកុមារនៅកម្ពុជា។  ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជាអំពាវនាវយុវជនកម្ពុជា យកគំរូតាមលោក ទីវ តារារិទ្ធ រួមគ្នាបង្កើតកម្មវិធីកៀរគថវិកាសង្គ្រោះកុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា។

លោក ឃាន តួក  ចាត់ទុកបេសកកម្មជិះកង់រៃអង្គាសប្រាក់សង្គ្រោះជីវិតកុមារកម្ពុជារបស់លោក ទីវ តារារិទ្ធ​ថាពិតជាមានសារៈសំខាន់ខ្លាំង ក្នុងការធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្ត្រីនៅកម្ពុជាបន្តទៀត។  

ក្នុងគោលដៅជិះកង់រៃអង្គាសថវិកាឱ្យបាន២៥ម៉ឺនដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់កិច្ចការសង្រ្គោះជីវិតកុមារកម្ពុជា  កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ លោក ទីវ តារារិទ្ធិ បានជិះកង់ចេញពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទៅកាន់ប្រទេសចំនួន៤០ លើចម្ងាយផ្លូវ៥៧០០០គីឡូម៉ែត្រ រយៈពេល៧៣០ថ្ងៃ។  

ក្នុងដំណើរផ្សងព្រេងជិះកង់ដោយប្រើកម្លាំងលើផ្លូវដ៏វែងឆ្ងាយ ឆ្លងកាត់អាកាសធាតុអាក្រក់ លោក ទីវ តារារិទ្ធិ រៀបរាប់ថា លោកជួបប្រទះស្ថានភាពអាក្រក់ជាច្រើនស្ទើរតែបណ្ដាលឱ្យបាត់បង់ជីវិត ក្នុងនោះប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរនៅលើផ្លូវដែលមានរថយន្តបើកក្នុងល្បឿនលឿន ជួបប្រទះអាកាសធាតុត្រជាក់ខ្លាំងរហូតដល់-៤០អង្សារ ការធ្វើដំណើរឆ្លងកាត់តំបន់កងទ័ពតាលីបង់ដែលមិនគោរពច្បាប់ ក្នុងប្រទេសអាហ្គានីស្ថាន ជួបប្រទះសត្វព្រៃកាចសាហាវ។

បេសកកម្មជិះកង់ផ្សងព្រេងឆ្លងកាត់របស់លោក ទីវ តារា បានបញ្ចប់ទៅដោយមិនអាចរក​ប្រាក់បានគ្រប់២៥ម៉ឺនដុល្លារតាមផែនការលោកកំណត់មុនពេលធ្វើដំណើរឡើយ។ លោកឱ្យដឹងថា លោករៃអង្គាសប្រាក់បានជាង២១មួយម៉ឺនដុល្លារប៉ុណ្ណោះ ដូច្នេះហើយដើម្បីរៃអង្គាសប្រាក់ឱ្យគ្រប់លោកនឹងជិះកង់ពីភ្នំពេញទៅសៀមរាប ដើម្បីរៃអង្គាសប្រាក់ឱ្យគ្រប់តាមការកំណត់។ យ៉ាងណា ភ្លាមៗក្រោយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបញ្ចប់ទៅ លោក ទីវ តារារិទ្ធិ​ ទទួលបានការឧបត្ថម្ភប្រាក់ចំនួន៣ម៉ឺន៥ពាន់ដុល្លារ ពីក្រុមហ៊ុនភេសជ្ជៈមួយ ដែលការណ៍នេះ ជួយឱ្យផែនការរៃអង្គាសប្រាក់ឱ្យបាន២៥ម៉ឺនដុល្លាររបស់លោកទទួលបានជោគជ័យ។

ជាផែនការបន្ទាប់ពីការជិះកង់លើផ្លូវដ៏វែងឆ្ងាយនេះ លោក តារារិទ្ធិ​ គ្រោងផលិតភាពយន្តឯកសារ នឹងសរសេរសៀវភៅអំពីរឿងរ៉ាវអនុស្សាវរីយ៍ បទពិសោធន៍ល្វីង ជូរចត់ ការប្រឈមគ្រោះថ្នាក់ស្ទើរតែបាត់បង់ជីវិត កើតចេញពីការជិះកង់រយៈពេល២ឆ្នាំ រួចបោះពុម្ពដើម្បីរកប្រាក់បរិច្ចាគជូនមន្ទីរពេទ្យព្យាបាលកុមារបន្តទៀត។

លោក ទីវ តារារិទ្ធិ អំពាវនាវយុវជនកម្ពុជាត្រូវចេះទាញប្រយោជន៍ពីអ្វីដែលខ្លួនស្រឡាញ់ចូលចិត្ត បង្កើតជាប្រយោជន៍រួមសម្រាប់សង្គម ជាពិសេសបង្កើតព្រឹត្តិការណ៍រៃអង្គាសជួយដល់កុមារដែលកំពុងត្រូវការការសង្គ្រោះជីវិតនៅតាមមន្ទីរពេទ្យ ដោយមិនត្រូវធ្វើអ្វីតាមអំពើចិត្តខ្លួនបំពុលសង្គមឡើយ៕

ដោយ៖ ង៉ិល ណារ៉ាត់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម