Connect with us

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផា ជាកន្លែងផ្តល់ក្តីសង្ឃឹម និងជីវិតថ្មីដល់គ្រួសារកម្ពុជា

បានផុស

នៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងថា មន្ទីរពេទ្យគន្ធបុប្ផា មិនមែនគ្រាន់តែជាមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារកម្ពុជា ជាពិសេសគ្រួសារដែលមានជីវភាពខ្វះខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលជាមួយគណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស គណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងជួបសួរសុខទុក្ខអាណាព្យាបាល និងកុមារ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។ លោកជំទាវបណ្ឌិត បានបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា ជាទីកន្លែងផ្តល់សេវាពិនិត្យ និងព្យាបាលប្រកបដោយគុណភាព ដោយគ្មានការរើសអើង និងស្មើភាពគ្នាសម្រាប់កុមារ និងស្ត្រីមានផ្ទៃពោះគ្រប់រូប ខណៈក្រុមគ្រូពេទ្យបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតទារក និងកុមារកម្ពុជា។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ក៏បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីក្រុមហ៊ុន ជីប ម៉ុង ដែលបានឧបត្ថម្ភថវិកាចំនួន ១លានដុល្លារអាមេរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្របេសកកម្មព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផាបន្តទៅមុខទៀត។

ស្ថិតក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» លោកជំទាវបណ្ឌិត បានបញ្ជាក់ដោយក្តីមោទនថា ការចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជាកន្លងមកនេះគឺជាការចូលរួមជួយសង្គ្រោះដល់អាយុជីវិតស្ត្រីមានផ្ទៃពោះ និងកុមារកម្ពុជា ជាច្រើនម៉ឺនសែននាក់។ លោកជំទាវបណ្ឌិត បានបន្ថែមដោយស្មារតីសាមគ្គីភាពថា ចំនួនសរុបនៃថវិកាបរិច្ចាគបានបង្ហាញអំពីបេះដូងរបស់សប្បុរសជន រីឯចំនួនសរុបរបស់អ្នកបរិច្ចាគ គឺពិតណាស់បង្ហាញអំពីកម្លាំងសាមគ្គីភាពរបស់ជាតិទាំងមូល។

បើតាមលោកជំទាវបណ្ឌិត ត្រឹមរយៈពេល ៥ខែ ដើមឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់សេវាពិនិត្យព្យាបាល និងសម្ភពជាង ៥១ម៉ឺនករណី ដោយចំណាយថវិកាជាង ១៦លានដុល្លារអាមេរិក។ ចំណែកក្នុងឆ្នាំ២០២៥ កន្លងទៅ មន្ទីរពេទ្យនេះបានផ្តល់សេវាជាង ១,៥លានករណី ខណៈការចំណាយប្រចាំឆ្នាំសម្រាប់បន្តបេសកកម្មមនុស្សធម៌របស់ខ្លួនមានជាង ៤៦លានដុល្លារអាមេរិក។

លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា និងអំពាវនាវឱ្យបន្តចូលរួមបរិច្ចាគ ដើម្បីរួមគ្នាផ្តល់ក្តីសង្ឃឹម និងឱកាសរស់រានមានជីវិតដល់កុមារកម្ពុជាបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម