ព័ត៌មានជាតិ
ពន្ធដារសម្រួលនីតិវិធី រៀបចំយុទ្ធសាស្ត្រកំណែទម្រង់ លើកទឹកចិត្តជាច្រើនជំរុញ SME ចូលក្នុងប្រព័ន្ធពន្ធដារ
អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវយុទ្ធសាស្រ្តនិងកំណែទម្រង់ជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគ្រាសតាំងពីចាប់ផ្តើមដំបូង រហូតដល់ចូលក្នុងប្រព័ន្ធពន្ធដារ។
ក្នុងវេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម លោក ទូច ជាកាដូ ប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យមនៃអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា កន្លងមកពន្ធដារបានរៀបចំយុទ្ធសាស្ត្រ និងការកែទម្រង់ជាច្រើន ដើម្បីជំរុញសហគ្រាសចូលទៅក្នុងប្រព័ន្ធពន្ធដារ អាចធ្វើឡើងបានយ៉ាងងាយស្រួល។

លោកថា ពន្ធដារបានបង្កើតប្រព័ន្ធចុះបញ្ជីតាំងពីចាប់ផ្តើមដំបូងតាមថ្នាល CamDX ការសម្របសម្រួលការប្រកាសពន្ធតាមអនឡាញ និងការបង់ប្រាក់ពន្ធតាមអនឡាញ (E-payment) ជាដើម។
អគ្គនាយកដ្ឋានពន្ធដារបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ការបណ្តុះបណ្តាល បង្កើតប្រព័ន្ធឆ្លើយតបសំណួរតាមរយៈ Chatbot ឈ្មោះ «បូណ៌មី» នៅក្នុងកម្មវិធី Telegram ដែលអាចឆ្លើយតបសំណួរនានារបស់អ្នកជាប់ពន្ធបានភ្លាមៗ។
បន្ថែមពីនេះ ក៏មានកម្មវិធីផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃព្រហស្បតិ៍វេលាម៉ោង ១១:០០ ដល់ ១២:០០ ថ្ងៃត្រង់ ដើម្បីឆ្លើយតបទៅនឹងចម្ងល់នានារបស់សហគ្រាសតាមប្រធានបទនីមួយៗ និងមានបង្រៀនតាម e-Learning បង្ហោះលើឆានែល YouTube ដើម្បីបង្កើនចំណេះដឹងដល់អ្នកជាប់ពន្ធ។
ដើម្បីផ្តល់សេវាគាំទ្រ អគ្គនាយកដ្ឋានពន្ធដារបានបង្កើតប្រព័ន្ធ Hotline (លេខ 1277) ប្រព័ន្ធឆាត (Chat) ឆ្លើយតបភ្លាមៗ និងប្រព័ន្ធ E-Administration សម្រាប់ដាក់លិខិតស្នាមផ្សេងៗតាមអនឡាញដោយមិនបាច់ធ្វើដំណើរទៅផ្ទាល់។

មន្រ្តីពន្ធដាររូបនេះក៏លើកឡើងពីយន្តការសហការ ដោយបានបង្កើតក្រុមការងាររួមគ្នាជាមួយវិស័យឯកជន អង្គការ និងសមាគមនានា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម (SMEs)។
មុននឹងចេញប្រកាសឬបទដ្ឋានគតិយុត្តណាមួយ ពន្ធដារតែងតែបញ្ជូនសេចក្តីព្រាងទៅឱ្យតំណាងវិស័យឯកជន អង្គការ និងសមាគមពិនិត្យជាមុនសិន ដើម្បីកែសម្រួលឱ្យមានការឯកភាពគ្នា ជៀសវាងការខ្វែងគំនិតគ្នានៅពេលអនុវត្តជាក់ស្តែង។
ការលើកទឹកចិត្ត អគ្គនាយកដ្ឋានពន្ធដារបានផ្តល់ការលើកលែងពន្ធជាច្រើនដល់វិស័យអាទិភាពចំនួន ៦ រួមមាន ផលិតកម្ម កសិកម្ម និងវិស័យផ្សេងៗមួយចំនួនទៀត ដោយលើកលែងពន្ធលើប្រាក់ចំណេញពី ៣ ឆ្នាំ ទៅ ៥ ឆ្នាំ និងអនុញ្ញាតឱ្យសហគ្រាសកាត់កងចំណាយដែលទទួលស្គាល់ពី ១៥០% ទៅ ២០០% នៃពន្ធលើប្រាក់ចំណេញ។
លើវិស័យកសិកម្ម ផ្តល់ការលើកលែងពន្ធលើប្រាក់ចំណូល ១%, ពន្ធកាត់ទុក ពន្ធអប្បបរមា និងពន្ធអាករលើតម្លៃបន្ថែម (VAT)។ ចំពោះមុខទំនិញអាហារមូលដ្ឋានរដ្ឋជាអ្នករ៉ាប់រងពន្ធទាំងអស់ ខណៈវិស័យអប់រំក៏ទទួលបានការលើកលែងពន្ធកាត់ទុក និងពន្ធផ្សេងៗស្ទើរតែទាំងអស់។
ពាក់ព័ន្ធការលើកពីបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម (SME) លោក ទូច ជាកាដូ បានបញ្ជាក់ថា សហគ្រាស SME មួយចំនួនមិនសូវចាប់អារម្មណ៍ស្វែងយល់ ឬស្រាវជ្រាវឱ្យបានច្បាស់លាស់ពីច្បាប់ពន្ធដារ ដែលនាំឱ្យកើតមាន «បំណុលពន្ធ» ដោយមិនដឹងខ្លួន។
«ការមិនយល់ដឹងពីច្បាប់នាំឱ្យកើតមានបញ្ហាបំណុលពន្ធដោយមិនដឹងខ្លួន។ នៅពេលមានការចុះធ្វើសវនកម្ម ម្ចាស់សហគ្រាសចាប់ផ្តើមភ័យស្លន់ស្លោ និងផ្សព្វផ្សាយព័ត៌មានមិនល្អថាមិនគួរចូលក្នុងប្រព័ន្ធពន្ធដារឡើយ។ ប្រសិនបើពួកគេយល់ដឹងច្បាស់ និងអនុវត្តត្រឹមត្រូវ ពួកគេនឹងមិនរងការពិន័យ ឬការបង់ការប្រាក់ឡើយ ហើយអាចផ្តោតលើការរីកចម្រើននៃអាជីវកម្មដោយស្ងប់ចិត្ត»។ លោក ទូច ជាកាដូ បានបញ្ជាក់។
បន្ថែមពីនេះ មន្រ្តីពន្ធដាររូបនេះក៏លើកឡើងពីការដាក់ចេញ «កម្មវិធីលាងបាប» ដើម្បីសម្រួលដល់អ្នកជាប់ពន្ធ។
លោកអះអាងថា ពន្ធដារបានបង្កើត «កម្មវិធីលាងបាប» ចំនួន ៤ ទៅ ៥ លើករួចមកហើយ ដើម្បីឱ្យសហគ្រាសដែលធ្លាប់ប្រកាសខុស អាចមកប្រកាសឡើងវិញដោយមិនមានការផាកពិន័យ។ បើតាមមន្រ្តីពន្ធដាររូបនេះ កម្មវិធីលាងបាបចុងក្រោយបង្អស់បានបញ្ចប់ត្រឹមខែមិថុនា ឆ្នាំ២០២៥។
អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់ការលើកទឹកចិត្តដល់សហគ្រាស ដែលបំពេញកាតព្វកិច្ចពន្ធបានល្អ តាមរយៈការផ្តល់ជូននូវមេដាយមាស មេដាយប្រាក់ ឬមេដាយសំរឹទ្ធ រួមជាមួយនឹងគុណសម្បត្តិផ្សេងៗទៀត។
លោក ទូច ជាកាដូ បានបញ្ជាក់ថា រដ្ឋាភិបាលបានបង្កើតអង្គភាពពិសេសមួយ ដោយទាក់ទាញអ្នកជំនាញផ្នែកគណនេយ្យ និងសវនកម្មពីក្រុមហ៊ុនអន្តរជាតិធំៗឱ្យមកធ្វើជាមន្ត្រីពន្ធដារ ដើម្បីជួយពង្រឹងការងារឱ្យកាន់តែមានតម្លាភាព និងស្តង់ដារ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


