Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចាប់បានឈើប្រណិតដែលកាប់ដោយខុសច្បាប់ក្នុងខេត្តកំពង់ធំ និងកំពុងរកមុខជនល្មើស

បានផុស

នៅ

ឈើប្រភេទលេខ១ ចំនួនពីរគោយន្តកន្ត្រៃ ដែលរងការកាប់ដោយខុសច្បាប់ ត្រូវបានកម្លាំងយោធាខេត្តកំពង់ធំ ចាប់បាននៅតំបន់អូរជាំស្វាយ ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខណៈដែលសមត្ថកិច្ចកំពុងបន្តស្វែងរកជនល្មើស ដើម្បីមានវិធានការតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីអាជ្ញាធរ កងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានស្ទាក់ចាប់បានគោយន្តកន្ត្រៃដឹកឈើទាំងពីរគ្រឿងនេះ កាលពីវេលាម៉ោងទៀបភ្លឺ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ក្រោយទទួលបានព័ត៌មានពីបណ្ដាញសម្ងាត់ ដែលបានរាយការណ៍ឱ្យដឹងថាមានក្រុមកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ពីតំបន់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តកំពង់ធំ មកកាន់ភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ដើម្បីនឹងដឹកជញ្ជូនបន្តទៅធ្វើអាជីវកម្មនៅភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ កម្លាំងរឹបអូសបានគោយន្តកន្ត្រៃដែលដឹកឈើប្រភេទលេខ១ ចំនួន២គ្រឿង ប៉ុន្តែជនសង្ស័យត្រូវបានរត់គេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានជំរុញដល់ស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធត្រូវសហការស្រាវជ្រាវវែករកមុខសញ្ញាជន ដែលបានកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែងឡើយ។

រីឯគោយន្ត និងឈើ ដែលចាប់បាននោះ ត្រូវបានប្រគល់ឱ្យទៅជំនាញរដ្ឋបាលព្រៃឈើ នាព្រឹកថ្ងៃទី៣ ខែកក្កដានេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម