Connect with us

ព័ត៌មានជាតិ

ដំណើរការជួសជុលផ្លូវចូលខាងកើតប្រាសាទបន្ទាយស្រី ប្រើ​បច្ចេកទេស​បុរាណ​ ប្រើ​ពេល ៣ ខែ​ទៀត ទើប​រួចរាល់

បានផុស

នៅ

ខេត្តសៀមរាប៖ លោកសារាយ គឹមហូល បានប្រាប់កម្ពុជាថ្មីដឹងថា ការងារជួសជុលផ្លូវចូលខាងកើតប្រាសាទ​បន្ទាយស្រីបានសម្រេចប្រហែល៦០%ហើយ។ អាស្រ័យដោយរដូវភ្លៀង កំបោរបាយអរឹងកកមិនទាន់ពេល ការងារជួសជុលនឹងអាចបញ្ចប់ក្នុងរយៈពេលប្រហែល៣ខែទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់របស់លោក សារ៉ាយ គឹមហួល ជាមន្រ្តីបច្ចេកទេសនិងជាអ្នកទទួលខុសត្រូវកិច្ចការអភិរក្សប្រាសាទបន្ទាយស្រី ផ្លូវចូលប្រាសាទពីខាងកើតមានប្រវែង៥៧ម៉ែត្រ ទទឹង៣,៣ម៉ែត្រ ក្រាលដោយថ្មបាយក្រៀម។

ការជួសជុលនេះគឺត្រូវ​ធ្វើទៅតាមបច្ចេកទេសបុរាណទាំងអស់។ ចំពោះថ្មដែលបាត់បង់ បែកបាក់ និងពុកផុយ ក្រុមការងារមិនបានប្រើប្រាស់ថ្មបាយក្រៀមថ្មីមកជំនួសទេ គឺប្រើប្រាស់កំបោរបាយអរពិសេសម្យ៉ាង ដែលផ្សំឡើងតាមរបៀបបុរាណរួមមាន កំបោរលៀស ម្សៅឥដ្ឋ ម្សៅថ្មបាយក្រៀមហ្មត់ ម្សៅថ្មបាយក្រៀមគ្រើម ខ្សាច់ និងស្ករត្នោត មកបំពេញជំនួសថ្មបាយក្រៀមដែលបានបាត់ឬខូច ធ្វើយ៉ាងណាឱ្យមានលក្ខណះស្រដៀងថ្មបាយក្រៀម។ មកដល់ពេលនេះក្រុមការងារបានធ្វើការជួសជុលបានជិត៥០% ភាគរយហើយ។

ដោយសារអាយុកាល ការប្រែប្រួលនៃធម្មជាតិ រួមផ្សំនឹងកត្តាផ្សេងៗទៀត បានធ្វើឱ្យប្រាសាទដ៏ អស្ចារ្យមួយនេះទទួលរងនូវការខូចខាតនិងមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ដើម្បីសង្រ្គោះប្រាសាទនេះ ឱ្យរួចផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលទល់ទ្រ នៅតាមបណ្តាចំណុចខូចខាតដែលប្រឈមនឹងគ្រោះថ្នាក់ជាច្រើនកន្លែងរួចមកហើយ។ 

បច្ចុប្បន្ននេះ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុង បន្តធ្វើការជួសជុលផ្លូវចូលពីខាងកើតដែលក្រាលដោយថ្មបាយក្រៀម ចន្លោះខ្លោងងទ្វារទី៣និងទី៤មានសភាពទ្រុឌទ្រោមខ្លាំង។ 

គួរបញ្ជាក់ដែរថា ប្រាសាទបន្ទាយស្រីដែលមានឈ្មោះដើម ស្រីត្រិភុវនមហេស្វរៈ នេះត្រូវបានចាប់ផ្តើមសាងឡើងដោយព្រះរាជគ្រូព្រាហ្មណ៍ម្នាក់ឈ្មោះថា យជ្ញវរហ នាអំឡុងសតវត្សរ៍ទី១០ក្រោមរជ្ជកាលរបស់ព្រះបាទ រាជឥន្រ្ទវរ្ម័នទី២ (រវាង គ.ស. ឆ្នាំ៩៤៤ដល់៩៦៨) និងកសាង រួចរាល់ ជាស្ថាពរនៅក្រោមរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (គ.សឆ្នាំ៩៦៨-១០០១)ដើម្បីឧទ្ទិសដល់ព្រះសិវៈ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម