Connect with us

ព័ត៌មានជាតិ

អគាររដ្ឋបាលក្រុងបូកគោអាចនឹងសាងសង់នៅទីតាំងស្នាក់ការចាស់របស់មន្ទីរបរិស្ថានខេត្តកំពត

បានផុស

នៅ

នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយ លោកអភិបាលរងខេត្តមន្ត្រីនៃមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញជួបជាមួយនឹង អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសុខា hotel group ដើម្បីពិនិត្យរកទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោនៃខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះពិនិត្យដល់ទីតាំងក្នុងឱកាសនោះ គឺស្ថិតនៅជិតចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវឡើង រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សឋានសួគ៌បូកគោ ដែលជាជម្រើសផ្ដល់ជូន និងបង្ហាញដោយក្រុមហ៊ុន sokha hotel។ អ្នកឧកញ៉ាបាន បង្ហាញទីតាំងដីដែលជាជម្រើសការសាងសង់ គឺនៅទីតាំងស្នាក់ការចាស់របស់មន្ទីរបរិស្ថានខេត្តកំពត ជាប់នឹងផ្លូវនៅជិតប៉ុស្តិ៍ត្រួតពិនិត្យឡើងទៅរមណីយដ្ឋានឋានសួគ៌បូកគោតែម្តង។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ការចុះមកពិនិត្យ និងការជ្រើសរើសរកទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងកំពតពេលៗនេះ គឺផ្អែកតាមអនុសាសន៍ណែនាំ នៅក្នុងកិច្ចប្រជុំលើកទី២ តាមរយៈវីដេអូ Zoom របស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ

ដោយធ្វើយ៉ាងណាឱ្យរដ្ឋបាលខេត្តកំពតមានកិច្ចសហការនឹងដាក់សំណើទៅក្រុមហ៊ុន sokha hotel ដើម្បីជ្រើសរើសកំណត់ទីតាំងឲ្យបានជាក់លាក់ក្នុងដំណើរការសាងសង់អគាររដ្ឋបាលក្រុងបូកគោ រួមនិងហេដ្ឋារចនាសម្ព័ន្ធ ឱ្យមានលក្ខណៈសមរម្យងាយស្រួល បម្រើសេវាជូនប្រជាពលរដ្ឋបានល្អ ក៏ដូចជាការងារដឹកនាំក្នុងកិច្ចអភិវឌ្ឍន៍ក្នុងតំបន់ដែលមានសក្ដានុពលនេះផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានសំណូមពរដល់អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សុខាអូតែល ស្នើឲ្យមានកិច្ចសហការផ្តល់លទ្ធភាព ដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត ដើម្បីធ្វើយ៉ាងណា ឱ្យបានដំណើរការសាងសង់អាគាររដ្ឋបាលក្រុងបូកគោ បានលេចជារូបរាងឡើងឆាប់ៗខាងមុខនេះ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន sokha hotel group ក៏បានសម្ដែងការស្វាគមន៍ នឹងចូលរួមកិច្ចសហការគាំទ្រចំពោះដំណើរការសាងសង់អគាររដ្ឋបាលក្រុងបូកគោខេត្តកំពតនេះ ឲ្យបានឆាប់នៅពេលខាងមុខនេះ ដោយអ្នកឧកញ៉ាបាន បង្ហាញទីតាំងដីដែលជាជម្រើសការសាងសង់ គឺនៅទីតាំងស្នាក់ការចាស់របស់មន្ទីរបរិស្ថានខេត្តកំពត ជាប់នឹងផ្លូវនៅជិតប៉ុស្តិ៍ត្រួតពិនិត្យឡើងទៅរមណីយដ្ឋានឋានសួគ៌បូកគោតែម្តង៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម