ឡើង​កាន់​តំណែង​​ជាង​មួយ​ឆ្នាំ រដ្ឋមន្រ្តី​ថ្មី​​ក្រសួង​ប្រៃសណីយ៍​សម្រេច​ការងារ​ធំៗ ៤ ​ខ្លះ​ចាក់​ស្រេះ​​​រាប់​ឆ្នាំ​ដោះ​មិន​ចេញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានខ្លីៗ

ឡើង​កាន់​តំណែង​​ជាង​មួយ​ឆ្នាំ រដ្ឋមន្រ្តី​ថ្មី​​ក្រសួង​ប្រៃសណីយ៍​សម្រេច​ការងារ​ធំៗ ៤ ​ខ្លះ​ចាក់​ស្រេះ​​​រាប់​ឆ្នាំ​ដោះ​មិន​ចេញ

បានផុស

នៅ

ឯកឧត្តម​ជា វ៉ាន់ដេត​ បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍នៅ​ខែ​មីនា​ឆ្នាំ​២០២០ អំឡុង​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល ​បាន​សម្រេច​​ដោះដូរ​រដ្ឋមន្រ្តី​មួយ​ចំនួន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​អំឡុង​កាន់​តួនាទីជា​​ថ្នាក់ដឹកនាំនៅក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍​ជាង​មួយ​ឆ្នាំ មន្រ្តី​ដែល​មាន​បទ​ពិសោធន៍​កាន់ការងារ​រដ្ឋ​ជាង ២០ ឆ្នាំ​នេះ ​បាន​សម្រេច​​ការងារ​ធំៗ​ចំនួន ៤ ដែល​ការងារ​ខ្លះ​បាន​ចាក់​ស្រេះ​រាប់​ឆ្នាំ​ដោះ​មិន​ចេញ​ ទើប​តែ​សម្រេច​ក្នុង​​អណ្ណត្តិ​របស់​លោក។

១/ ដាក់​ឲ្យ​ប្រើ​លេខ​កូដ ផ្តាច់​សេវា​កាត់​លុយ​​គ្មាន​មូលហេតុ

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឲ្យប្រើប្រាស់​លេខកូដ *1200# ដើម្បីផ្តាច់សេវាកម្មទូរសព្ទបន្ថែម ដែលមិនត្រូវការគ្រប់ប្រព័ន្ធទាំងអស់។

ដោយមានការត្អូញត្អែរពីអ្នកប្រើប្រាស់​មិន​ចេះចប់​ អំពីបញ្ហាកាត់ទឹកប្រាក់ទូរសព្ទ ពីប្រតិបត្តិករដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗ ដោយមិនបានដឹង ក្រសួងបានណែនាំដល់និយ័តករទូរគមនាគមន៍កម្ពុជា ឱ្យសហការជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ រៀបចំយន្តការដាក់ឱ្យដំណើរការលេខកូដ*1200# ដើម្បីឱ្យអ្នកប្រើប្រាស់អាចពិនិត្យនិងផ្តាច់រាល់សេវាបន្ថែម ដែលមិនមានតម្រូវការប្រើប្រាស់ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ តទៅ។

ក្រសួងសូមបញ្ជាក់ថា ប្រតិបត្តិករទូរសព្ទបានបែងចែកសេវាកម្មទូរសព្ទជាពីរប្រភេទគឺ៖

– សេវាទូរសព្ទចល័ត (Mobile Service) សំដៅដល់សេវាដែលប្រើប្រាស់ជាប្រចាំ សម្រាប់ការហៅទូរសព្ទ និងការប្រើអីុនធឺណិត រួមទាំងគម្រោងប្តូរប្រាក់ប្រចាំសប្តាហ៍ ឬប្រចាំខែ ជាដើម។

– សេវាឌីជីថល (Digital Service) សំដៅដល់សេវាបន្ថែមនានា ឬសេវាកម្មកំសាន្ត មានជាអាទិ៍ សេវាហោរាសាស្ត្រសេវាស្វែងរកការងារ សេវាបណ្តាញទំនាក់ទំនងសង្គម សេវាហ្គេម សេវា Missed Call Alert និង សេវា CallTune ជាដើម។

អ្នកប្រើប្រាស់ទូរសព្ទភាគច្រើន អាចមានជួបប្រទះបញ្ហាកាត់ទឹកប្រាក់ ដោយសារ «សេវាឌីជីថល»។

២/ ដាក់​​ឲ្យ​អនុវត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា QR Code ប្រយុទ្ធកូវីដ ១៩

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគន៍​ ​បាន​សម្រេច​ប្រកាស​ដាក់​ឲ្យ​ដំណើការ​ប្រព័ន្ធ​បច្ចេកវិទ្យា QR Code ​ ឬ stopcovid.gov.kh ដើម្បី​ប្រយុទ្ធ​ជំងឺកូវីដ១៩។ ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​​បង្កើត​ឡើង​​ក្នុង​គោលបំណង​គ្រប់គ្រង​ការ​ចេញ​ចូល​នៃ​អ្នក​ដំណើរ​ តាម​ទីតាំង​អាជីវកម្ម​មាន​ដូចជា​ភោជនីយដ្ឋាន​ កន្លែង​កម្សាន្ត​ កន្លែង​ស្នាក់នៅ រោងចក្រសហគ្រាស​នានា ដែល​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​យក​ទៅ​ព្រីន​បិទ​នៅ​ច្រក​ចេញ​ចូល​ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ក្នុង​ការ​ស្វែង​រក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធឬ​ប៉ះពាល់​ ប្រសិន​បើ​ទីតាំង​នោះ​មាន​រកឃើញ​ករណី​វិជ្ជមាន​កូវីដ១៩។

​ប្រព័ន្ធ​នេះ​ នឹង​កត់ត្រា​ទុក​នូវ​ទីតាំង​របស់​បុគ្គល​ដែល​បាន​ចេញ ឬ​ចូលទៅ​​​ក្នុង​ជា​ប្រព័ន្ធ​ ងាយស្រួល​ដល់​ការ​ស្រាវជ្រាវ​ទាន់ពេល​វេលា។

៣/ បង្កើត​ពន្ធ​លើ​សេវា​ឌីជីថល

កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាល​បាន​សម្រេច​អនុវត្ត​ពន្ធអាករ​លើ​តម្លៃ​បន្ថែម​លើ​ទំនិញ​ឌីជីថល ​និង​សេវាឌីជីថល​ដែលធ្វើប្រតិបត្តិ​តាមប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​អនុវត្ត​ពន្ធនេះ​នឹងផ្តោតលើ​ការផ្គត់ផ្គង់​ទំនិញ​ឌីជីថល​ ដោយអ្នក​ជាប់ពន្ធ​ដែលមិនមាន​ទីលំនៅ​ក្នុងប្រទេស​កម្ពុជា​។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​បាន​ធ្វើការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម សិក្សាពីលទ្ធភាពដើម្បីឈានទៅដល់ការរៀបចំការងារបច្ចេកទេស និង​​គោលនយោបាយ​នៃការកំណត់ពន្ធលើសេវាឌីជីថល​(Digital Services Tax) ដែលមិនចុះបញ្ជីនៅកម្ពុជា។

ដោយ​សហការ​ជាមួយភាគីពាក់ព័ន្ធលើបញ្ហាផ្លូវច្បាប់ទាំងច្បាប់ជាតិ និងអន្តរជាតិ ដើម្បីឈានទៅដល់ការប្រមូលពន្ធលើសេវាកម្មឌីជីថលរបស់ក្រុមហ៊ុន ក៏ដូចជាបច្ចេកវិទ្យាបរទេស ដែលមិនចុះបញ្ជីនៅកម្ពុជា។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានជួបជាមួយភាគីពាក់ពន្ធ​ជាច្រើនក្នុងនោះមានដូចជា​ក្រុមហ៊ុន​Facebook, Google, Amazon, Visa, Oracle, Palo Alto Network NTT Communications, Ciena Communication (Malaysia), LE Global Services, F5 Networks, Huawei Cambodia, San Data Systems, Cisco និង IBM ជាដើម។

ការកំណត់ពន្ធលើផលិតផលនិងសេវាឌីជីថល ជាការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជានៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុង​ប្រទេសកម្ពុជា និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន (Cross-border E-Commerce)។

៤/ ដំណើរការ​កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ (Khmer ASR)

កាល​ពី​ថ្ងៃ ១១ មិថុនា ២០២១ ក្រសួ​ងប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​មាន​ឯកឧត្តម ជា វ៉ាន់ដេត​ជា​រដ្ឋមន្រ្តី បាន​ដាក់​ឲ្យ​ដំណើរការ​កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទមាន​ឈ្មោះ Khmer ASR។ កម្មវិធីនេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) បំប្លែងសំឡេងទៅជាអត្ថបទ សម្រួលដល់ការ​សរសេរ​​បាន​ឆាប់​រហ័ស។

កម្មវីធីនេះអាចប្រើប្រាស់ក្នុងទូរសព្ទដៃតាមប្រព័ន្ធប្រតិបត្តិការ Android និង iOS។ រាល់​ការ​និយាយដោយផ្ទាល់ជាភាសាខ្មែរ ឬពីឯកសារសំឡេងក្នុងទម្រង់ជា WAV, Mp3, M4a និង OGG បំប្លែងទៅជាអត្ថបទភាសាខ្មែរដោយស្វ័យប្រវត្តិ។

ក្រៅ​ពី​សមិទ្ធផល​ទាំង ៤ ដែល​សម្រេច​បាន​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី លោក​រដ្ឋមន្រ្តី​ក៏​កំពុងដាក់អាទិភាព​លើ​ការងារ​មួយ​ចំនួន​ទៀត ក្នុង​នោះ​ក៏​ពាក់ការ​លក់​សិទ្ធិ​​ផ្តាច់​មុខ​សេវា​ទូរគមនាគមន៍​​របស់​ម្ចាស់​បុរី និងអគារខ្ពស់ៗ ផ្ទុយពីគោលការណ៍ប្រកួតប្រជែង ដោយស្មោះត្រង់ ស្មើភាព និងស្របច្បាប់ឡើយ។

ក្នុង​សេចក្តីជូនដំណឹង ក្រសួង​ទូរគមនាគមន៍​និង​ប្រៃសណី​យ៍​ បាន​ណែនាំ​ដល់​ម្ចាស់​បុរី​និង​អគារ​ខ្ពស់ៗ មិនត្រូវចុះកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដល់ប្រតិបត្តិករ ដើម្បីផ្តល់សេវាទូរសព្ទ និងសេវាអ៊ីនធឺណិត ក្នុងទីតាំងបុរី ឬអគារខ្ពស់ ហើយ​ត្រូវសហការជាមួយប្រតិបត្តិករ ដើម្បីបំពាក់ប្រព័ន្ធផ្តល់សេវាក្នុងអគារ (In-building Solutions) និងត្រូវចាត់ទុកថា សេវាទូរគមនាគមន៍ គឺជាសេវាចាំបាច់ដូចគ្នានឹងសេវាអគ្គិសនី និងទឹកដែរ។

ដោយឡែក​ការងារ​ចាំបាច់ជាអាទិភាពមួយ​ទៀត​ គឺ​ការ​ដាក់​ឲ្យ​ដំណើរការ​​ប្រព័ន្ធ​វាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍នៅតាមតំបន់​ដើម្បីកំណត់ចំណុចខ្សោយ ឬបញ្ហានានា ពាក់ព័ន្ធគុណភាពសេវា និងដាក់ចេញនូវវិធានការជាក់ស្តែង ដែល​តម្រូវឲ្យប្រតិបត្តិករទូរគមនាគមន៍​វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធចាំបាច់។

ក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍​បាន​បញ្ជាក់​ថា ការងារទាំងអស់នេះគឺជាសកម្មភាពអាទិភាពបំផុត នៃកម្មវិធីកំណែទម្រង់វិស័យទូរគមនាគមន៍របស់ក្រសួងក្រោយ​ការ​ដឹកនាំ​របស់​ឯកឧត្តម ជា វ៉ាន់ដេត៕

អត្ថបទ៖​ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ២២ នាទី មុន

រដ្ឋាភិបាល​កម្ពុជា ដាក់យុទ្ធសាស្រ្ត​ ៦ ចំណុច ប្រយុទ្ធកូវីដ ១៩

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

ក្តៅៗ អង់គ្លេស រកឃើញវីរុសបំប្លែងខ្លួនថ្មី មួយប្រភេទទៀតហើយ

ព័ត៌មានខ្លីៗ១ ម៉ោង មុន

អ្នកនាំពាក្យប្រាប់​មូលហេតុ​ឆ្មក់​ តាម​ផ្សារ​លក់ដូរ តេស្ត​រកអ្នក​ឆ្លង​កូវីដ​

កូវីដ-១៩៨ ម៉ោង មុន

ការចាក់​វ៉ាក់សាំង​លើ​កុមារ នឹង​ចាប់ផ្តើម​ពី​ភ្នំពេញ តាម​យុទ្ធសាស្ត្រ​ផ្កា​រីក ដែល​ធ្លាប់​បានធ្វើ​កន្លងមក

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខេត្ត​រតនគិរី រក​ឃើញ និង​បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ម្នាក់​នៅក្នុង​ខេត្ត កើនឡើង​ដល់​៦៤៩​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services