ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរីរំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៩០ម៉ឺននាក់ត្រឹមឆ្នាំ២០៣៥
ភ្នំពេញ៖ សេចក្តីព្រាង“ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី(២០២១-២០៣៥)”ត្រូវបានលើកយកមកធ្វើការពិនិត្យនិងពិភាក្សាជាចុងក្រោយនាព្រឹក ថ្ងៃទី ២៩ ខែមិថុនា ២០២១ ដើម្បីបញ្ជូនទៅរាជរដ្ឋាភិបាលពិនិត្យនិងអនុម័តដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធ វីដេអូ ដឹកនាំដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការជាតិអភិវ ឌ្ឍន៍ទេសចរណ៍និងមានការអញ្ជើញចូលរួមពីសំណាក់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សារៀបចំផែនការ មេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី,លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ។

“ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣០)” ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួងដឹកនាំដោយលោក ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍។“ផែនការមេ”នេះមានលក្ខណៈជាផែនការសមាហរណកម្មជាមួយអន្តរវិស័យគាំទ្រសំខាន់ៗមួយចំនួនដើម្បីជាត្រីវិស័យដ៏សំខាន់ចង្អុល បង្ហាញយន្តការនិងទិសដៅយុទ្ធសាស្រ្តសំខាន់ៗដើម្បីឆ្លើយតបនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈពេល(២០២១-២០៣៥)និងបណ្តាឆ្នាំខាងមុខដោយផ្អែ កលើស្ថានភាពបច្ចុប្បន្ននិងការប្តេជ្ញាចិត្តច្បាស់លាស់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើគោលបំណងសំខាន់៣គឺ៖ទី១.ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ប្រកបដោយឧត្តមានុវត្តន៍ ។ទី២.ខេត្តមណ្ឌលគិរី ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចប្រកបដោយភាពឆ្លាតវៃនិងច្នៃប្រឌិតនិងជាមជ្ឈមណ្ឌលសម្រាប់តំបន់ភាគឦសាន ។ និង ទី៣.ខេត្តមណ្ឌលគិរីជាខេត្តដែលមានការគិតគូរច្បាស់លាស់នូវទស្សនទាន “ការអភិរក្សដើម្បីការអភិវឌ្ឍ ហើយការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស” ។

“ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)” កំណត់ចក្ខុវិស័យសំខាន់ៗដូចតទៅ៖ទី១៖ខេត្តមណ្ឌលគិរីត្រូវកំណត់ ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិនិងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើសម្រាប់បំពេញតម្រូវការក្នុងប្រទេសនិងឈានដល់ការនាំ ចេញទៅទីផ្សារក្រៅប្រទេស ។ ទី២.ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរីនឹងកើនឡើងដល់ប្រមាណ៩០ ម៉ឺននាក់ខណៈដែលចំនួន ភ្ញៀវទេសចរក្នុងស្រុកនឹងកើនឡើងដល់ប្រមាណ ២ លាននាក់បង្កើតការងារប្រមាណ ៨ ម៉ឺនកន្លែងនិងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០ លានដុល្លារ និងដោយប្រយោលប្រមាណ ១.០០០ លានដុល្លារជាមួយមេគុណប្រសិទ្ធភាព (Multiplier Coefficient)ចំនួន២ដងចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិនិង សេដ្ឋ កិច្ចខេត្តមណ្ឌលគិរី ។ ទី៣.រួមចំណែកធ្វើឲ្យភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូលជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាបនិង ធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់ ។ ទី៤.រក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់រវាងការអភិវឌ្ឍ សេដ្ឋកិច្ច ទេសចរណ៍និងអន្តរវិស័យគាំទ្រជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ជនជាតិ ដើមភាគតិចធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច -សង្គមជាអតិបរមាឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ ។

តំបន់អាទិភាពសំខាន់ៗចំនួន ៦ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវបានកំណត់ដូចតទៅ៖តំបន់របៀងអេកូទេសចរណ៍និងទេសចរណ៍ ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង ៥(ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) ដែលអនុញ្ញាតឲ្យមានតែការវិនិយោគនិងអភិវឌ្ឍ ន៍សកម្មភាពទេសចរណ៍ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថាន។ តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំដែលលើកទឹកចិត្ត ឲ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍និងទេសចរណ៍ធម្មជាតិភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច។ ក្រុងសែនមនោរម្យដែលជាបណ្តុំ សកម្មភាពទេសចរណ៍ពហុបំណង ។ តំបន់ស្រុកអូររាំងភ្ជាប់ជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តមណ្ឌលគិរីដែលអាចអភិវឌ្ឍន៍ជាតំបន់ប្រជុំជនរណ បភ្ជាប់ជាមួយក្រុងសែនមនោរម្យ ។ តំបន់ប្រជុំជននៃស្រុកកោះញែកដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍នាពេលអនាគតហើយ ដែលការអភិវឌ្ឍមានវិសាលភាពទូលំទូលាយជាងក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃនិងតំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែនដែលអនុញ្ញាតឲ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណ។

ទន្ទឹមនឹងនេះស្ថាប័នអនុវត្តផែនការមេនេះត្រូវបានស្នើឲ្យបង្កើតឡើងដូចតទៅ៖កម្រិតថ្នាក់ជាតិ៖គណៈកម្មការអន្តរក្រសួងមួយត្រូវបានបង្កើតឡើងដើម្បីដឹកនាំនិងសម្របសម្រួលការអនុវត្តផែនការមេនេះនិងមានលេខាធិការដ្ឋានមួយដើម្បីធានាដំណើរការការងារប្រចាំថ្ងៃ ។ កម្រិតថ្នាក់ក្រោមជាតិ៖គណៈកម្មាធិការអភិ វឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីគឺជាសេនាធិការឲ្យគណៈកម្មការអន្តរក្រសួងខាងលើក្នុងការជំរុញការអនុវត្តផែនការមេនេះ ។យន្តការស្ថាប័នគាំទ្រមួយចំនួន និងត្រូវបានបង្កើតឡើងដើម្បីគាំទ្រការអនុវត្តផែនការមេនេះដូចជាការបង្កើតអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍អាទិភាពទាំង០៦ខាងលើ (DMO-Destination Management Organization) ដែលមានទម្រង់ជាយន្តការអន្តរក្រសួងនិងយន្តការស្ថាប័នចាំបាច់នានា ។
កិច្ចប្រជុំបានពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងផែនការមេនិងសម្រេចដូចតទៅ៖ទី១. គាំទ្រជាស្មារតីរួមលើខ្លឹមសារសំខាន់ៗនៃ“ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី២០២១-២០៣៥” ។ ទី២.ក្រុមការងារបច្ចេកទេសត្រូវបញ្ចូលបន្ថែមធាតុចូលដែលទទួលបានពីកិច្ចប្រជុំនេះដើម្បីរៀបចំជាសេចក្កីព្រាងចុងក្រោ យដើម្បីគោរពជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ៕
ដោយ៖លោក បាន វិបុល
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


