ព័ត៌មានជាតិ
៦ខែ ឆ្នាំ២០២១ មន្ត្រីជំនាញ រកឃើញសារធាតុមេតាណុល បន្លំជាអាល់កុលជិត៥ម៉ឺនលីត្រ
គ្រាន់តែរយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» របស់ក្រសួងពាណិជ្ជកម្ម បានរកឃើញការដាក់លក់ និងស្តុកទុកសារធាតុមេតាណុល ដែលជាសារធាតុពុល និងមិនមានសមត្ថភាពអាចសម្លាប់មេរោគ បន្លំជាអាល់កុល នៅទូទាំងប្រទេសជិត៥ម៉ឺនលីត្រ។ នេះបើតាមលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រសួងពាណិជ្ជកម្ម ដែលបានឆ្លើយតបនឹងសំណួរ របស់អ្នកសារព័ត៌មានកម្ពុជាថ្មី តាមបណ្ដាញសង្គមតេលេក្រាម កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

លោក ផាន អូន បានឲ្យដឹងថា ចាប់តាំងពីជំងឺកូវីដ-១៩ បានរាតត្បាតក្នុងប្រទេលកម្ពុជា កាលពីឆ្នាំ២០២០មក តម្រូវការអាល់កុលសម្រាប់ប្រើប្រាស់ ដើម្បីសម្លាប់មេរោគបានកើនឡើងយ៉ាងគំហ៊ុក។ ស្របពេលជាមួយគ្នានោះ ក៏មានជនខិលខូចមួយចំនួន បានឆ្លៀតឱកាសរកប្រាក់ចំណេញ តាមរយៈការយកសារធាតុមេតាណុល ដែលជាអាល់កុលពុល មកបន្លំធ្វើជាអេតាណុល ដែលជាអាល់កុលធម្មតា លក់ជូនប្រជាពលរដ្ឋសម្រាប់ប្រើ ជាសារធាតុសម្លាប់មេរោគ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់។

អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឲ្យដឹងបន្តថា «រហូតមកដល់ពេលនេះ បើទោះបីជាមានការត្រួតពិនិត្យ និងបង្ក្រាបជាហូរហែ ពីសំណាក់មន្រ្តីមានសមត្ថកិច្ចយ៉ាងណាក្តី ក៏នៅតែមានសារធាតុមេតាណុល ដាក់លក់នៅតាមបណ្តាទីផ្សារ ព្រោះសារធាតុមេតាណុល មានតម្លៃទាបជាងតម្លៃអាល់កុល ឬអេតាណុល ដែលធ្វើឲ្យជនខិលខូចមួយចំនួនតូច ព្រោះតែផលប្រយោជន៍ប្រាក់ចំណេញ នៅតែប្រព្រឹត្តអំពើមិនសុចរិត ដោយមិនខ្លាចរអារច្បាប់ឡើយ។ ម៉្យាងទៀត ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងអាជីវករមួយចំនួន នៅមិនទាន់មានការយល់ដឹងទូលាយ ពីមេតាណុល និងអាល់កុល»។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឲ្យដឹងបន្តថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងកាត់ផ្តាច់ចរន្តរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដោយទទួលបានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យគុណភាពអាល់កុល នៅតាមបណ្តាឃ្លាំងស្តុក ឱសថស្ថាន ផ្សាររៀបរយនិងមិនរៀបរយ និងផ្ទះលក់ទំនិញ ដោយបានរកឃើញការដាក់លក់ និងស្តុកទុកសារធាតុមេតាណុល ដែលជាសារធាតុពុល និងមិនមានសមត្ថភាពអាចសម្លាប់មេរោគ បន្លំជាអាល់កុល នៅទូទាំងប្រទេសចំនួន៤៨ ៨៤៥ លីត្រ ក្នុងរយៈពេល៦ខែ ឬឆមាសទី១ ឆ្នាំ ២០២១ ហើយពេញមួយឆ្នាំ២០២០កន្លងទៅ មន្ត្រីជំនាញបានរកឃើញរហូតដល់ទៅ៩៤ ៦៧០ លីត្រឯណោះ។ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានគូសបញ្ជាក់ថា ផលិតផលទាំងអស់ខាងលើ ត្រូវបានរឹបអូសមកបំផ្លាញចោល កសាងសំណុំរឿងបញ្ជូនទៅតុលាការមានសមត្ថកិច្ច ដើម្បីចាត់ចែងតាមនីតិវិធីបន្ត និងបានពិន័យអន្តរការណ៍ ស្របតាមខ្លឹមសារនៃច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


