Connect with us

ព័ត៌មានអន្ដរជាតិ

បាត់ទាំងចិន ស្ងាត់​ទាំងរុស្ស៊ី៖ ទីផ្សារទេសចរណ៍ថៃ កំពុងរង្គោះរង្គើខ្លាំង

បានផុស

នៅ

វិស័យទេសចរណ៍ដែលជា «ដង្ហើមសេដ្ឋកិច្ចមាស» របស់ប្រទេសថៃ កំពុងតែធ្លាក់ចូលទៅក្នុងស្ថានភាពព្រួយបារម្ភជាថ្មីម្តងទៀត បន្ទាប់ពីប្រទេសមហាអំណាចធំៗពីរគឺ រុស្ស៊ី និងចិន បានចេញសេចក្តីណែនាំ និងការព្រមានជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋខ្លួន ដែលកត្តានេះត្រូវបានគេរំពឹងថា អាចនឹងធ្វើឱ្យសេដ្ឋកិច្ចថៃកាន់តែជួបការលំបាក និងដុនដាបជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រួយបារម្ភចុងក្រោយបង្អស់បានកើតឡើង បន្ទាប់ពីក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីណែនាំផ្លូវការមួយ ដោយព្រមានពលរដ្ឋខ្លួនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ឬជៀសវាងការធ្វើដំណើរមកកាន់ប្រទេសថៃ ជាពិសេសអ្នកដែលអាចប្រឈមនឹងការតាមចាប់ខ្លួន ឬការធ្វើបត្យាប័នទៅតាមសំណើរបស់អាជ្ញាធរអាមេរិក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod រុស្ស៊ីបានលើកឡើងថា ថៃនៅតែជាគោលដៅមួយ ដែលមានការអនុវត្តច្បាប់ឃាត់ខ្លួនពលរដ្ឋរុស្ស៊ី តាមបញ្ជារបស់អាមេរិក។ ទោះបីជាមានការចេញមុខបកស្រាយពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Surasak Phancharoenworakul ថាថៃនៅតែជាគោលដៅសុវត្ថិភាពក៏ដោយ ក៏ព័ត៌មាននេះ បានបង្កើតជាក្តីបារម្ភដល់ទីផ្សារទេសចរណ៍រុស្ស៊ី ដែលជាទីផ្សារធំជាងគេបំផុតមកពីតំបន់អឺរ៉ុប ដោយកាលពីឆ្នាំកន្លងទៅមានចំនួនរហូតដល់ជិត ១,៩លាននាក់ (នេះ​បើ​យោងតាមសារព័ត៌មាន The Nation Thailand)។

មិនមែនមានតែបញ្ហាជាមួយរុស្ស៊ីនោះទេ ទីផ្សារទេសចរណ៍ចិន ដែលជាប្រភពចំណូលធំបំផុតរបស់ថៃ ក៏កំពុងតែរងការប៉ះទង្គិចយ៉ាងខ្លាំងផងដែរ។ សមាគមទីភ្នាក់ងារទេសចរណ៍ថៃ (ATTA) បានសម្រេចចិត្តកាត់បន្ថយការព្យាករចំនួនភ្ញៀវទេសចរចិនពី ៩លាននាក់ មកនៅត្រឹម ៧លាននាក់វិញ។ ប្រធានសមាគម ATTA លោក Thanapol Cheewarattanaporn បានបង្ហើបប្រាប់សារព័ត៌មាន The Star ថា មូលហេតុចម្បង គឺដោយសារតែ «ក្តីបារម្ភលើបញ្ហាសុវត្ថិភាព»។ ព័ត៌មានអវិជ្ជមានជាច្រើនទាក់ទងនឹងការចាប់ជម្រិត ការបាត់ខ្លួន និងបណ្តាញក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Call-center Scams) ដែលបានរីករាលដាលយ៉ាងលឿននៅលើបណ្តាញសង្គមចិន បានធ្វើឱ្យជនជាតិចិនបាត់បង់ទំនុកចិត្តលើសុវត្ថិភាព នៅក្នុងប្រទេសថៃ។

ការបាត់បង់ ឬថយចុះនៃលំហូរភ្ញៀវទេសចរពីមហាអំណាចទាំងពីរនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចថៃកាន់តែរងសម្ពាធធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍វិភាគសេដ្ឋកិច្ចពី Bangkok Post ថៃកំពុងប្រឈមមុខនឹងហានិភ័យនៃសេដ្ឋកិច្ចធ្លាក់ចុះ អមដោយអតិផរណាខ្ពស់ កើនឡើងតម្លៃថាមពល និងភាពតានតឹងភូមិសាស្ត្រនយោបាយពិភពលោក។ នៅពេលដែលវិស័យទេសចរណ៍ ដែលជាទម្រង់ចំណូលដុតដៃដុតជើងរបស់ជាតិ ជួបបញ្ហា វានឹងជះឥទ្ធិពលអាក្រក់ជាខ្សែសង្វាក់ទៅលើអាជីវកម្មក្នុងស្រុក ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន បុគ្គលិកសេវាកម្ម និងការដឹកជញ្ជូនរាប់លាននាក់។

យ៉ាងណាមិញ អាជ្ញាធរទេសចរណ៍ថៃ (TAT) នៅតែព្យាយាមបង្កើនការផ្សព្វផ្សាយ និងពង្រឹងវិធានការសន្តិសុខជាតិ ដើម្បីទាក់ទាញទំនុកចិត្តពីភ្ញៀវអន្តរជាតិឡើងវិញ ប៉ុន្តែអ្នកជំនាញយល់ថា បើថៃមិនមានចំណាត់ការច្បាស់លាស់ និងម៉ឺងម៉ាត់ក្នុងការដោះស្រាយរូបភាពអវិជ្ជមានទាំងនេះទេ សេដ្ឋកិច្ចថៃសម្រាប់ឆ្នាំនេះ នឹងត្រូវធ្វើដំណើរនៅលើផ្លូវដ៏រដិបរដុបជាមិនខាន៕

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម