Connect with us

ព័ត៌មានជាតិ

ចោរលួចគោអ្នកស្រុក​ដឹកតាមរថយន្ត​ត្រូវប៉ូលិសស្ទាក់ចាប់បាន

បានផុស

នៅ

បុរសជនសង្ស័យម្នាក់ហ៊ានលួចគោអ្នកស្រុក៣ក្បាលដឹកតាមរថយន្ត ត្រូវនគរបាលស្រុកស្វាយចេកឃាត់ខ្លួនបាននៅវេលាម៉ោង ១ រំលងអាធ្រាត្រយប់ ចូលថ្ងៃទី ២៦ខែ កក្កដា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ ៥៦A ចំណុចមុខវិទ្យាល័យកោះ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឱ្យដឹងថា បុរសជនសង្ស័យថាជា​ចោរលួចគោ ឈ្មោះ សោន ម៉ាញ អាយុ ៤៥ឆ្នាំ រស់នៅភូមិស្នោ ឃុំត្រពាំងស្នោ ស្រុកព្រះវិហារ ខេត្តព្រះវិហារ។

លោកបានបន្តថាការឃាត់ចោរនេះបានក្រោយពីទទួលព័ត៌មានពីម្ចាស់គោ ឈ្មោះ វ៉ាត់ ផុន ភេទប្រុសអាយុ៥៣ឆ្នាំ នៅភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យថា នៅយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ មានចោរចូលលួចគោញីរបស់គាត់ដល់ទៅចំនួន៣ក្បាល ដែលចងទុកនៅនឹងផ្ទះ ដឹកតាមរថយន្តម៉ាកហុកឡកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ កំពត ២A ០៥៩៥។

ក្រោយពីបានទទួលព័ត៍មានហើយ លោកបានដឹកនាំកំលាំងនគរបាលមួយក្រុមចាំស្ទាក់ផ្លូវចេញចូលទៅភូមិប្រាសាទលុះនៅវេលាម៉ោងជិត២យប់ឈានចូលថ្ងៃទី២៦ស្រាប់ឃើញរថយន្តដូចមានភិនភាគម្ចាស់គោបានរាយការណ៍កំពុងបើកនៅលើផ្លូវជាតិលេខ៥៦A កម្លាំងនគរបាលបានធ្វើការឃាត់ត្រួតពិនិត្យបានឃើញមានដឹកគោញីចំនួន៣ក្បាលពិតប្រាកដ។

លោកអធិការបានបញ្ជាក់ថាដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលខេត្ត ឃាត់ខ្លួនទាំងគោនិងអ្នកបើករថយន្ត យកមកអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសួរនាំនិងចាត់ការតាមនិតិវិធីច្បាប់ចំណែកសត្វគោទាំង៣ក្បាល ប្រគល់ជូនម្ចាស់ដើមវិញ៕ អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម