Connect with us

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍លក់ឧបករណ៍​​​តេស្តរហ័សជាង ១លាន​​៧ សែន​ ពលរដ្ឋ​ក្រីក្រក៏អាចទិញបាន

បានផុស

នៅ

មកដល់រសៀលថ្ងៃទី១៧ ខែសីហានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលក់ឧបករណ៍តេស្តរហ័ស​ជូនក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុននានា បានចំនួនជាង ១,៧៨៧,៥០០ តេស្តហើយ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋទូទៅក៏អាចទិញឧបករណ៍តេស្តរហ័សនេះបាន ដោយពុំមានកំណត់លក្ខខណ្ឌ។

យោងតាមមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់ “កម្ពុជាថ្មី” ឱ្យដឹងថា  ដោយសារមានសំណូម​ពរពីប្រជាពលរដ្ឋជាច្រើន ក្រសួងបានចាប់បើកលក់កាន់​តែ​ទូលំទូលាយ​​នូវឧបករណ៍តេស្ដ​ សម្រាប់ ការប្រើប្រាស់តាមក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្លីនីក ឱសថស្ថាន និងសម្រាប់ការប្រើប្រាស់តាមគ្រួសារ ដោយមិនមានកំណត់លក្ខខណ្ឌទេ ប៉ុន្តែសម្រាប់ការប្រើប្រាស់តាមគេហដ្ឋាន​សូមអនុវត្តតាមការណែនាំ​របស់​ក្រសួងសុខាភិបាល ។

មន្ត្រីក្រសួងប្រៃសណីយ៍ បានបញ្ជាក់ទៀតថា ក្នុងរយៈពេល២ខែខាងមុខទៀតនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រៀម​នាំចូល​ឧបករណ៍តេស្តរហ័ស​​ក្នុងបរិមាណគ្រប់គ្រាន់តាមតម្រូវការរបស់ក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្លីនីក ឱសថស្ថាន ជាដើម។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទិញឧបករណ៍តេស្តរហ័សពីរោងចក្រប្រទេសចំនួន២ គឺរោងចក្រនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន។ ឧបករណ៍តេស្តដែលក្រសួងបញ្ជាទិញពីប្រទេសចិន នឹងមកដល់នៅពេលឆាប់ខាងមុន។ បច្ចុប្បន្ន ក្រសួងនៅ​បន្ត​ផ្គត់ផ្គង់ ឧបករណ៍តេស្តមកពីប្រទេសកូរ៉េ ជាធម្មតា។

គួររំលឹកថា កាលដើមសប្ដាហ៍មុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោក ជា វណ្ណដេត បានបញ្ជាក់ថា នៅឆាប់ៗនេះក្រសួងនឹងដាក់លក់ឧបករណ៍ធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ (Rapid Test) ក្នុងតម្លៃដើម ២ដុល្លារតែប៉ុណ្ណោះ ដែលឧបករណ៍នេះ ងាយស្រួលប្រើប្រាស់ និងមានគុណភាពខ្ពស់។

លោក ជា វណ្ណដេត បានអះអាងថា ពេលនេះក្រសួងប្រៃសនីយ៍ បានត្រៀមនាំមកនូវឧបករណ៍តេស្តរហ័សពីប្រទេសចិន ចំនួន២លានគ្រឿង ដើម្បីលក់ជូនប្រជាពលរដ្ឋតម្លៃ ត្រឹម២ដុល្លារ ដើម្បីចូលរួមចំណែកជួយដល់ការស្វែងរកមេរោគកូវីដ-១៩ ក៏ដូចជាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាន់ពេលវេលា។ ឧបករណ៍នេះងាយស្រួលប្រើប្រាស់ជាងមុន ដោយលូកតេស្តចូលរន្ធច្រមុះរាក់ៗ ហើយមានគុណភាពខ្ពស់ដដែល។

សូមបញ្ជាក់ថា យោងតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា កន្លងទៅក្រសួងប្រៃសណីយ៍បាននាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ដុល្លារអាមេរិក ក្នុងមួយឧបករណ៍៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម