ព័ត៌មានជាតិ
ក្រុមអ្នកជំនួញ បានជួយទិញ «ផ្លែមៀន» ពីកសិករជិត៥០ តោន និងគាំទ្រការអន្តរាគមន៍ របស់សម្ដេចតេជោ
គិតមកដល់ពេលនេះ ក្រុមអ្នកជំនួញនៅក្នុង «ក្លឹបសេដ្ឋធុរជន» បានជួយទិញផ្លែមៀនពីប្រជាកសិករ នៅស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង និងនៅខេត្តប៉ៃលិន បានប្រមាណជិត ៥០តោនហើយ ដែលពីដំបូងយុទ្ធនាការទិញ គឺមានត្រឹមតែ១០តោនប៉ុណ្ណោះ តែដោយមានការគាំទ្រច្រើន ទើបមានការជួយទិញរហូតដល់ជិត៥០តោន យ៉ាងដូច្នេះ។ នេះបើតាមលោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា និងជាប្រធាន «ក្លឹបសេដ្ឋធុរជន» ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។
លោក ឌិន សុមេធារិទ្ធ បានថ្លែងថា ចាប់តាំងពីក្រុមរបស់លោក និងក្រុមអ្នកជំនួញមួយចំនួនទៀត បានប្រកាសជួយទិញមៀន ពីប្រជាកសិករនៅស្រុកភ្នំព្រឹក កាលពីសប្ដាហ៍មុនមក គឺមកដល់ពេលនេះ បានជួយទិញបានចំនួនជិត៥០តោនហើយ។ ក្នុងនោះ ក្រុមអ្នកជំនួញនៅក្នុង «ក្លឹបសេដ្ឋធុរជន» ក៏បានជួយ ទិញមៀន ពីប្រជាកសិករនៅខេត្តប៉ៃលិនផងដែរ បន្ទាប់ពីមានការស្នើសុំពីពួកគាត់ ហើយការជួយទិញ ហើយលក់បន្តនេះ មិនមានបំណងចង់យកផលចំណេញឡើយ គឺគ្រាន់តែចង់ជួយប្រជាកសិករប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក ឌិន សុមេធារិទ្ធ ក៏បានគាំទ្រ ចំពោះការប្រកាស របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលឲ្យក្រុមការងាររបស់សម្ដេច ទិញផ្លែមៀនរបស់កសិករ នៅតាមបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស ហើយលោកក៏សូមចូលរួមអបអរសាទរ ជាមួយប្រជាកសិករផងដែរ។
ប្រធាន «ក្លឹបសេដ្ឋធុរជន» បានថ្លែងយ៉ាងដូច្នេះថា «ល្អមែនទែនៗ! ព្រោះយើងអង្គុយចាំរឿងនាំចេញ នាំអី បែបមិនទាន់សភាពការណ៍ ព្រោះអាហ្នឹង (ផ្លែមៀន) តែវាដល់ពេលទុំ គឺទុំហើយ អាចជ្រុះ អាចខូច អញ្ចឹងល្អមែនទែន សូមអបអរសាទរទាំងស្រុង ព្រោះបើខាងខ្ញុំម្នាក់ឯង គឺជួយមិនជាប់ដែរ ព្រោះមិនមែនជំនាញខាងហ្នឹងផង គ្រាន់តែជួយកសិករ ដែលខ្ញុំស្គាល់អញ្ចឹងទៅ ចេះតែពង្រីកវិសាលភាព ទៅតំបន់ជិតខាងគាត់អញ្ចឹងទៅ ព្រោះកាលណា ទិញពីគាត់ទៅ គេត្រូវការទៀត ចេះតែរីកសាយភាយទៅ អ្នកពឹងទៀត ក៏ចេះតែជួយទៅ ព្រោះមានអ្នកគេចេះតែចង់ជួយតៗទៅ មានអ្នកខ្លះឃើញជួយ១តោន កន្លះតោន ហើយក៏មានអ្នកទិញ១០, ២០គីឡូ ៣០, ៤០គីឡូ ៥០ ១០០, ២០០, ៣០០ចឹងទៅណា៎ មានច្រើន ហើយអញ្ចឹងបើមានចលនាហ្នឹងមួយទៀត នឹងល្អមែនទែន ខ្ញុំគាំទ្រ»។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៧ ខែសីហាម្សិលមិញ បានបញ្ជាឲ្យលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជា ការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រមូលទិញផ្លែមៀនរបស់កសិករ នៅតាមបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស។
ប្រជាកសិករដែលមាន ផល្លានុផល ផ្លែមៀន ឬតាង៉ែន សូមទាក់ទងមក ក្រុមការងាររបស់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ចាប់ពីថ្ងៃទី១៨ ខែសីហា។ ទីកន្លែងទទួលទិញ ក្នុងសាលាខេត្តបាត់ដំបង ឬទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ទី១៖ លោក សេង ឌីលីន សមាជិកក្រុមលេខា របស់សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទលេខ៖ 097 777 3737, ទី២៖ លោក ស៊ុន ម៉េងហៃ ទូរស័ព្ទលេខ៖ 088 903 7777។
យ៉ាងណាក៏ដោយលោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា និងជាប្រធាន «ក្លឹបសេដ្ឋធុរជន» បានបញ្ជាក់ថា ប្រសិនបើនៅតែមានការគាំទ្រជួយទិញ ហើយប្រជាកសិករនៅតែស្នើសុំឲ្យជួយទិញនោះ គឺក្រុមរបស់លោក នៅតែបន្តជួយទិញពីក្រុមកសិករបន្តទៀត៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


