Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច ចុះអប់រំណែនាំពលរដ្ឋ ឲ្យបិទអាជីវកម្ម មុនម៉ោងបម្រាមគោចរ ហើយហាមជួបជុំ ផឹកស៊ី

បានផុស

នៅ

នៅយប់ថ្ងៃទី១៧ ខែសីហា កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងគណ:ប​ញ្ជាការឯក ភាពខណ្ឌ បានចុះណែនាំអប់រំប្រជាពលរដ្ឋ ដែលលក់ដូរឲ្យគោរព តាមបម្រាមគោចរ និងបិទអាជីវកម្ម ឲ្យបានមុនម៉ោង ដែលកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសហាមជួបជុំ ផឹកស៊ី។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់​អ្នក​សារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៨ ខែសីហានេះថា ដោយអនុវត្តតាមតាមការណែនាំ របស់លោក ឃួង​ ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ​ និងបទបញ្ជាដោយផ្ទាល់ របស់លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ផ្ដើមសហការជាមួយគណ:បញ្ជាការឯកភាពខណ្ឌ​ និងសង្កាត់​ ចុះណែនាំអប់រំប្រជាពលរដ្ឋ ដែលលក់ដូរឲ្យចូលរួមគោរព តាមបម្រាមគោចរ​ និងបិទអាជីវកម្មឲ្យបានមុនម៉ោង​១០ និង០០នាទីយប់​ ជាពិសេសហាមជួបជុំ​ ផឹកស៊ី​ ល្មើសនឹងបម្រាមគោចរ​។ ការចុះអប់រំណែនាំនេះ បានធ្វើឡើងតាំងពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១មកម្លេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ដោយដាក់​ចេញនូវបម្រាមគោ​ចរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រយៈពេល៧ថ្ងៃ។ នៅក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា ក្នុងអំឡុងពេល នៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវ​បានអនុវត្ត​បម្រាម​គោ​ចរ ដោយផ្អាកជាបណ្ដោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅ​ចន្លោះ​ម៉ោង១០យប់ ដល់ម៉ោង៣ទៀបភ្លឺ សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃ១៣ ខែសីហា ដល់ថ្ងៃទី១៩ ខែ​សីហា ឆ្នាំ២០២១ លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។

អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា នៅយប់​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច បានឃាត់យានយន្តល្មើសបម្រាមគោចរ ចំនួន៧៤គ្រឿង។ ក្នុង​នោះ រថយន្ត២៧គ្រឿង និងម៉ូតូចំនួន៤៧គ្រឿង។ សមត្ថកិច្ច បានផាកពិន័យយានយន្តល្មើសភ្លាមៗ​ ចំនួន១៥​គ្រឿ​ង ហើ​យយានយន្ដ ដែលនៅសល់ផ្សេងទៀត ត្រូវបានយកទៅរក្សាទុក នៅតាមបណ្ដាអធិការដ្ឋាន នគរបាល​ខណ្ឌ​ទាំ​ង១៤ ចំណុះឲ្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយ នៅយប់មិញ ពុំមានការឃាត់​ខ្លួន​មនុស្សនោះឡើយ។

សូមជម្រាបថា ចាប់ពីថ្ងៃទី១៣ ខែសីហា រហូតដល់ថ្ងៃទី១៧ ខែសីហា គឺកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បា​ន​ឃាត់យានយន្ត ល្មើសបម្រាមគោចរ ចំនួន២៦៤គ្រឿង ដោយបានពិន័យរួចរាល់ ចំនួន៧៨គ្រឿង។ ក្នុងនោះ បានបញ្ជូនខ្លួន អ្នកល្មើសវិធានការរដ្ឋបាល ដែលជួបជុំលេងល្បែងស៊ី ចំនួន១៤នាក់​ ទៅតុលាការផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម