Connect with us

ព័ត៌មានជាតិ

ការធ្វើវារីវប្បកម្មខា្នតធំៗ នៅកម្ពុជា​បានផ្អាកដំណើរការ​ដោយសារគ្មានទីផ្សារ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការធ្វើវារីវប្បកម្មខា្នតធំៗនៅប្រទេសកម្ពុជាបានផ្អាកដំណើរការដោយសារមានការលំបាកក្នុងការស្វែងរកទីផ្សារ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹង នៅក្នុងទំព័រហ្វេប៊ុកនៅព្រឹកថ្ងៃទី២៣សីហានេះថា ការធ្វើវារីវប្បកម្មបានជួបប្រទះនឹងបញ្ហាប្រឈមនៅអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដោយកម្មវិធីជួបជុំដូចជា ការរៀបអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និង​ភោជ​​នីយដ្ឋានមួយមួយចំនួនត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នដែលបានធ្វើឱ្យតម្រូវការត្រីសាច់មានការថយចុះ គួបផ្សំផលិតផលវារីវប្បកម្មក្នុងស្រុកមិនអាចធ្វើការប្រកួតប្រជែងបានជាមួយការនាំចូលត្រីពីប្រទេសជិត​ខាង ដែលជាហេតុធ្វើឱ្យវារីវប្បករជួបការលំបាកក្នុងការរកទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានបន្តថា «ក្នុងបរិកានេះ យើងក៏បានសង្កេតឃើញថា វិស័យឯកជន និងវារីវប្បករដែលប្រ​កប​របរវារីរប្បកម្មខ្នាតធំបានជួបប្រទះនូវបញ្ហាការកកស្ទះត្រី ដោយពួកគាត់ផលិតត្រីបានហើយ ប៉ុន្តែគ្មានឈ្មួញ​មកទិញ  ឬលក់បានក្នុងតម្លៃទាបជាងថ្លៃដើមផលិតដែលបញ្ហានេះធ្វើឱ្យមានការអូសបន្លាយរហូតដល់ឆ្នាំ​២០២១ ដែលវិស័យឯកជនមួយចំនួនមានលក្ខណៈនឿយណាយ និងពន្យាពេលក្នុងការដាក់កូនត្រីពូជចិញ្ចឹមបន្ត»។ 

លោករដ្ឋមន្ត្រីបានបន្តទៀតថា ប៉ុន្តែការធ្វើវារីវប្បកម្មខ្នាតតូច និងមធ្យមនៅដំណើរការធម្មតា ព្រមទាំងមានសន្ទុះកើនឡើង ដោយទទួលបានការគាំទ្រតាមរយៈរាជរដ្ឋាភិបាល និងគម្រោងអភិវឌ្ឍន៍នានា ទៅលើការចិញ្ចឹមត្រីអណ្តែង ឬកង្កែបក្នុងតង់ប្លាស្ទីក ការចិញ្ចឹមត្រី ឬបង្កង ក្នុងស្រែ ការចិញ្ចឹមត្រីក្នុងប្រព័ន្ធធារាសាស្ត្រជាដើម។

លោករដ្ឋមន្ត្រីបានបន្ថែមថានៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ និងការកកស្ទះផល ផលិតផលវារីវប្បកម្មនេះ វារីវប្បករមួយចំនួន បានងាកផ្តោតទៅលើការងារកែច្នៃបន្ថែម ដូចជា ការកែច្នៃត្រីឆ្អើ ត្រីងៀត ត្រីប្រាហើម ផ្អក ប្រហុកជាដើម ដើម្បីកាត់បន្ថយការកកស្ទះត្រី ធ្វើសមាហរណកម្មផលិតផលវារីវប្បកម្មកែច្នៃទៅក្នុងទីផ្សារ និងបន្ថែមតម្លៃនៅក្នុងខ្សែច្រវាក់ផលិតកម្ម។

លោករដ្ឋមន្ត្រីបានលើកឡើងរបាយការណ៍មកបញ្ជាក់ថាផលវារីវប្បកម្មទទួលបានចាប់ពីថ្ងៃទី១ ខែមករា រហូតដល់បច្ចុប្បន្ន ផលសរុបចំនួន ១៥១,៤៥៧.២៨ តោន និងកូនពូជវារីសត្វគ្រប់ប្រភេទចំនួន ២៣៨ ៧៥៩ ៩៥២កូន ។

ផលសរុបនេះបានមកពីវារីវប្បកម្មទឹកសាបរួមមាន ត្រីប្រា ពោ ឆ្តោ រ៉ស់ ឆ្ពិន ព្រលូង ក្រាញ់ អណ្តែង ទីឡាព្យា ត្រីចម្រុះ កង្កែប កន្ធាយ បង្កងទឹកសាប បង្កងអូស្ត្រាលី អន្ទង់ទឹកសាបជាដើម និងវារីវប្បកម្មសមុទ្ររួមមាន ត្រីឆ្ពង់ ត្រីតុកកែ បង្គា ក្តាមថ្ម គ្រែងឈាម សារាយសមុទ្រ គ្រំចំពុះទា ត្រីផ្ទក់សមុទ្រ និងគ្រែងឈាម។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថាយ៉ាងណាក៏ដោយក៏នៅតែមាន បញ្ហាជួបប្រទះមួយចំនួនដូចជាហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ក្នុងធ្វើវារីវប្បកម្ម និងគ្រប់គ្រងទីផ្សារត្រី ពុំទាន់មានលក្ខណៈរៀបរយល្អប្រសើរ ទាំងការចិញ្ចឹម ផ្សារបោះដុំ និងចែកចាយ ភាគច្រើនត្រូវបានគ្រប់គ្រងដោយបណ្តាញឈ្មួញនាំចូល ដែលធ្វើឱ្យមានការជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖ មានការកកស្ទះត្រីក្នុងស្រុក ពោលគឺវារីវប្បករផលិតត្រីបានបរិមាណច្រើន ប៉ុន្តែពិបាករកទីផ្សារលក់ និងពិបាកប្រកួតប្រជែងជាមួយផលិតផលវារីវប្បកម្មនាំចូលពីប្រទេសជិតខាង (ដែលមានតម្លៃថោក)។

កង្វះទីផ្សារដែលមានស្ថិរភាពសម្រាប់ឱ្យវារីវប្បករយកត្រីទៅលក់ដោយផ្ទាល់។ដោយសារការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធរឹងគាំទ្រ បានធ្វើឱ្យមានអស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលវារីវប្បកម្មមិនមានជាលក្ខណៈបណ្តាក់គ្នា (ជន់ជោរទៅតាមរដូវ) នៅលើទីផ្សារឱ្យបានពេញមួយឆ្នាំ។កូនត្រីពូជដែលមានគុណភាពបម្រើឱ្យការធ្វើវារីរប្បកម្មមិនទាន់បានបំពេញតម្រូវការរបស់វារីវប្បករ។

ការកែច្នៃ និងការធ្វើពិពិធកម្មផលវារីវប្បកម្មដើម្បីទទួលបានតម្លៃបន្ថែមនៅមានកម្រិត។ការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យតម្រូវការសាច់ត្រីមានការថយចុះ ដោយសារការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និងភោជនីយដ្ឋានមួយមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន។ចំណីត្រីសម្រេច (ចំណីត្រីផលិតពីរោងចក្រ) រួមទាំងវត្ថុធាតុដើមសម្រាប់ផលិតចំណីត្រីឡើងថ្លៃ។

លោករដ្ឋមន្ត្រីបានអះអាងទៀតថាដើម្បីដំណោះស្រាយចំពោះមុខនេះក្រសួងបានដាក់ចេញនូវវិធានការ គោលនយោបាយជំរុញវារីវប្បកម្មនៅកម្ពុជាត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនផលិតភាពវារីវប្បកម្មក្នុងស្រុកឱ្យមានការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព បង្កើនតម្លៃបន្ថែម នៃអនុវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកដល់សន្តិសុខស្បៀង សុវត្ថិភាព និងអាហារូបត្ថម្ភ។

វិធានការគោលនយោបាយនេះគឺស្របគ្នាជាមួយវិធានការដែលបានចែងក្នុងឯកសារផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វារីវប្បកម្មកម្ពុជាឆ្នាំ២០១៦-២០៣០។

គណៈកម្មការជំរុញវារីវប្បកម្មកម្ពុជាត្រូវបានបង្កើតឡើង និងមានការប្រជុំជាមួយសមាគមវារីវប្បករនៅកម្ពុជា និងអាជីវករ ជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍវារីវប្បកម្ម និងស្វែងរកដំណោះស្រាយជូនវារីវប្បករ។

ក្រុមការងារទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ចូនផល ផលិតផលនាំចេញ នាំចូល និងឆ្លងកាត់គ្មានការអនុញ្ញាត ត្រូវបានបង្កើតឡើង ដើម្បីបង្ក្រាបលើបទល្មើសដឹកជញ្ចូនខុសច្បាប់។

ការកាត់បន្ថយ និងតម្រឹមការនាំចូល ដោយជំនួសមកវិញឲ្យមានការបញ្ជាទិញត្រីនៅតាមកសិដ្ឋាន តាមស្រះ និងតាមថង់ផ្លាស់ស្ទីក ក្នុងស្រុក ដែលបានកកស្ទះ និងវិធានការផ្សេងៗទៀត៕ ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៧ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម