ព័ត៌មានជាតិ
ប្រមុខការពារជាតិ៖ ពិភពលោកបច្ចុប្បន្នពោរពេញដោយភាពមិនប្រាកដប្រជា ដោយសារការវិវត្តមេរោគបំប្លែងថ្មី
សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ពិភពលោកបច្ចុប្បន្ននេះ ពោរពេញទៅដោយភាពមិនប្រាកដប្រជា ដោយសារតែការវិវត្ត នៃមេរោគបំប្លែងថ្មី ជាបន្តបន្ទាប់ ជាពិសេសប្រភេទ Delta ដែលកំពុងវាយលុកពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា។

សម្ដេចពិជ័យសេនា មានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន៥០ម៉ឺនដូស ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ផ្តល់ជូនក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា៖ “ជាការពិត ស្ថានភាពបច្ចុប្បន្ននេះ ពោរពេញទៅដោយភាពមិនប្រាកដប្រជា ដោយសារតែមេរោគកូវីដ-១៩ បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរ ជាពិសេសប្រភេទដែលតា (Delta) ដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំងលើពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា”។
សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ទៀតថា បច្ចុប្បន្នប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាច្រើនលើពិភពលោក បាន និងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏សមស្របបំផុត ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាប្រភេទមេរោគបំប្លែងថ្មីផងដែរ។
សម្ដេចពិជ័យសេនា មានប្រសាសន៍ថា៖ “ដូច្នេះនៅក្នុងបរិការណ៍នេះ វ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ នៅទូទាំងពិភពលោក”។

ដោយយល់ពីសារសំខាន់ និងអត្ថប្រយោជន៍ នៃវ៉ាក់សាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានព្យាយាមខិតខំស្វែងរកប្រាសាទតាមរយៈយន្តការផ្សេងៗ ជាទ្វេភាគីក្តី ជាពហុភាគីក្តី និងក្នុងនាមជាជំនួយមនុស្សធម៌ក្តី តាមរយៈការបញ្ជាទិញក្តី ដើម្បីធានាបាននូវចំនួនវ៉ាក់សាំងគ្រប់គ្រាន់ និងទាន់ពេលវេលាដែលបានកំណត់។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា នៅថ្ងៃទី០១ ខែសីហា រាជរដ្ឋាភិបាលបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមានចំនួនសរុបប្រមាណជិត២លាននាក់បន្ថែមទៀត និងបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនដល់មន្ត្រីបំរើសេវាសាធារណៈជួរមុខ ដែលកំពុងបម្រើការនៅតាមបណ្ដាខេត្តនានា នៅតាមព្រំដែនជាមួយប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ប្រភេទដែលតា កំពុងវាយលុក។
ជាមួយគ្នានេះរាជរដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់នូវផែនការសុខាភិបាល ជាពិសេសវិធានការ៣ ការពារ ៣កុំ និងងដាក់ចេញនូវវិធានការ និងយុទ្ធសាស្ត្រជំរុញទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ នៅទូទាំងប្រទេស សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា ការទទួលបានវ៉ាក់សាំងដំណាក់កាលទី៣ ចំនួន៥០ ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារប្រទេសចិន ដល់ក្រសួងការពារជាតិកម្ពុជានាពេលនេះ ពិតជារួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកូវីដ-១៩ បំប្លែងថ្មី “ដែលតា” នៅក្នុងសហគមន៍ ប្រទេសកម្ពុជា យ៉ាងសក្កិសិទ្ធិ។

ក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះស្មារតីសាមគ្គីភាព នឹងជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាករបស់ប្រទេសជាមិត្ត ដែលបានផ្ដល់វ៉ាក់សាំងបានទាន់ពេលវេលា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសឈានមុខគេក្នុងការផ្ដល់វ៉ាក់សាំង ទាំងជំនួយមនុស្សធម៌ និងការបញ្ជាទិញ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតចិន និងប្រធានសេនានុព័ន្ធយោធាចិននៅកម្ពុជា ចំពោះការសម្របសម្រួលគ្រប់បែបយ៉ាង ពិសេសការផ្ដល់វ៉ាក់សាំងដល់ក្រសួងការពារជាតិទាំង៣លើក បានទាន់ពេលវេលា និងតាមសំណូមពរចាំបាច់។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់ក្រុមគ្រូពេទ្យ កងទ័ព មន្ត្រីរាជការ ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអោយបានសកម្ម និងពេញលេញជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ និងចូលរួមយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលជាយុទ្ធនាការជាតិទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ ដើម្បីរួមគ្នាការពារសុវត្ថិភាព ក៏ដូចជាសុខមាលភាពរបស់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

គួររំលឹកជូនថា ចាប់តាំងពីដើមឆ្នាំ២០២១ មក ប្រទេសចិនបានផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់កម្ពុជាជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញដោយរាជរដ្ឋាភិបាល។ បើតាមប្រភពពីក្រសួងការពារជាតិក្នុងពេលឆាប់ៗនេះភាគីចិន នឹងផ្តល់ជំនួយជាសម្ភារៈបរិក្ខាពេទ្យសម្រាប់ប្រយុទ្ធកូវីដ-១៩ ជូនភាគីកម្ពុជាសម្រាប់កិច្ចទប់ស្កាត់វីរុសដែលមានតម្លៃសរុបជាង២០លានយ័ន ក្នុងនោះរួមមានម៉ាស៊ីន អុកស៊ីសែនសម្រាប់វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ-១៩។
គិតមកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុប ២១,៤៣៧,០០០ ដូសភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយនិងទិញពីប្រទេសចិន ។ វ៉ាក់សាំងដែលកម្ពុជាទទួល បានរួចមកហើយនោះរួមមានវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន៣,២ លានដូស,វ៉ាក់សាំងស៊ីណូហ្វាម៤ លានដូសទិញពីក្រុមហ៊ុន ស៊ីណូហ្វាម,វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ទិញពីប្រទេសចិនចំនួន១១,៥ លានដូសនិងវ៉ាក់សាំងអាស្ត្រាហ្សេនីកា(Astra Zeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) ចំនួន៣៣០,០០០ ដូស ,វ៉ាក់សាំង Astra Zeneca ជំនួយរដ្ឋាភិបាលជប៉ុនចំនួន ១ លានដូស, វ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិកតាមរយៈ Covax Facility ចំនួន១លានដូសនិង វ៉ាក់សាំង Astra Zeneca របស់ចក្រភពអង់គ្លេសចំនួន ៤១៥,០០០ ដូស៕
អត្ថបទ៖ កោះកែវ

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


