Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង នឹងប្រើហ្វេសប៊ុកផ្សព្វ​ផ្សាយសមិទ្ធផលការងារកំណែទម្រង់វិមជ្ឈការ​និងវិសហមជ្ឈការនៅកម្ពុជា

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៧​ខែសីហា​នេះ​ថា ចាប់ពី​ថ្ងៃនេះ​តទៅ​ គេហទំព័រ​ហ្វេ​ស​ប៊ុករបស់​សម្តេច ​នឹងធ្វើ​កា​រ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នូវ​សមិទ្ធផល​ការងារ​កំណែទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​នៅ​កម្ពុជា​ ដែលជា​យន្តការ​មួយ​មានការ​ពាក់​ព័ន្ធ​យ៉ាង​ជិតដិត​បំផុត ទៅនឹង​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ​ប្រទេស​កម្ពុជា​យើង​ក៏​ធ្លាប់មាន​ប្រព័ន្ធ​អភិបាលកិច្ច​មូល​ដ្ឋាន​ជា​យូរលង់​មកហើយ ។ ប៉ុន្តែ​ប្រព័ន្ធ​អភិបាលកិច្ច​នេះ​ មានការ​ប្រែប្រួល​ទៅតាម​ការផ្លាស់ប្តូរ​របប​នយោបាយ​ជាច្រើនលើក​ច្រើនសារ។ ទោះបី​មានការ​ផ្លាស់ប្តូរ​នូវ​របប​នយោបាយ​បែបនេះ​ក្តី​ ក៏​ជាទូទៅ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅក្នុងប្រទេស​យើង​ នៅ​រក្សា​របៀប​គ្រប់គ្រង​តាមបែប​វិមជ្ឈការ​ដែល​បាន​បន្សល់ទុក​តាំងពី​យូរយារ​មកហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​បន្តថា ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការផ្លាស់ប្តូរ​នូវ​របប​នយោបាយ​ទាំងនេះជា​អកុសល ប្រទេស​យើង​ក៏បាន​ជួប​នូវ​សោកនាដកម្ម​ដ៏​សែន​ឈឺចាប់​ជាទីបំផុត​នោះ​ គឺ​សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ​ដែល​បានអូសបន្លាយ​ពេលវេលា​ជាច្រើន​ទសវត្សរ៍​ ជាពិសេស​របប​ប្រល័យពូជសាសន៍​ប៉ុលពត ​ដែល​បានធ្វើ​ទារុណកម្ម​និង​កាប់សម្លាប់​ប្រជាជន​យ៉ាង​រង្គាល​ព្រមទាំង​បានបំផ្លិចបំផ្លាញ​ទាំងស្រុង ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​គ្រប់​វិស័យ ​និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​គ្រប់​ថ្នាក់​ ព្រមទាំង​ធនធានមនុស្ស ។ បើទោះបីជា​ប្រទេសជាតិ​របស់យើង​ត្រូវ​រំដោះ​ឱ្យ​ចាក​ផុតពី​របប​យង់​ឃ្នង​នេះ​ក៏ដោយ ​ក៏​ប្រទេសជាតិ​យើង​នៅតែ​បន្ត​មាន​សង្គ្រាម​ស៊ីវិល​ដែល​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកទៀត​រហូតដល់​យើង​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​នា​ចុងឆ្នាំ​១៩៩៨​។ ​បន្ទាប់ពី​ទទួលបាន​សន្តិភាព ស្ថេរភាព​នយោបាយ ឯកភាព​ជាតិ​និង​ឯកភាព​ទឹកដី​ពេញលេញ​តាមរយៈ​ការអនុវត្ត​“​ន​យោបាយ​ឈ្នះ​-​ឈ្នះ​” ដែល​ផ្តួច​ផ្តើមគំនិត​និង​ដឹកនាំ​អនុវត្ត​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នា​ចុង​ទសវត្សរ៍​៩០ រាជរដ្ឋាភិបាល​កម្ពុជា ​បាន​កំណត់ទិសដៅ​ជា​សារវន្ត​ក្នុងការ​ស្តារ ​និង​អភិវឌ្ឍ​ប្រទេសជាតិ គឺ​ការកសាង​សង្គម​កម្ពុ​ជាមួយ​ដែល​ធានា​ដល់​ការបន្ត​រក្សាបាន​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់​ធ្លាប់សង្គម មានការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរ​ភាព បរិ​យា​ប័ន្ន និង​សមធម៌​សង្គម ឈរលើ​មាគ៌ា​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស មាន​មនសិការ​ផ្សារភ្ជាប់​គ្នា មាន​ប្រជាជន​ប្រកបដោយ​ចំណេះ​ដឹង​ខ្ពស់ វប្បធម៌​ជ្រៅជ្រះ មាន​ជីវភាព​សមរម្យ និង​មានការ​រស់នៅ​ប្រកបដោយ​សុខដុមរមនា​ក្នុង​សង្គមជាតិ​។

សម្តេច​ក្រឡាហោម​បន្តថា ​ដើម្បី​ធានា​ដល់​ការសម្រេចបាន​នូវ​ទិសដៅ​ជា​សារវន្ត​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​សកម្មភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម​នានា ដែល​ក្នុងនោះ​រួមមាន​យុទ្ធសាស្ត្រ​ចតុកោណ​តាម​នីតិកាល​នីមួយៗ​នៃ​រដ្ឋសភា​ដោយ​កំណត់​យក​កំណែទម្រង់​អភិបាលកិច្ច​ធ្វើជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ទាំងនេះ ។ បន្ថែម​លើ​នេះ ផ្អែកលើ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ភាពសម្បូរ​បែប បច្ចេកវិទ្យា​ទំនើប និង​ការកើនឡើង​នូវ​តម្រូវការ​សង្គម រួមជាមួយ​នឹង​ចរន្ត​នៃ​តំបន់​ភាវូបនីយកម្ម សកលភាវូបនីយកម្ម​និងការប្រកួតប្រជែង​ទាំង​នៅក្នុង​តំបន់​និង​លើ​ឆាក​អន្តរជាតិ​ បាន​តម្រូវឱ្យ​រាជរដ្ឋាភិបាល​ត្រូវតែ​បន្តធ្វើ​ការកែ​ទម្រង់​អភិបាលកិច្ច​ឱ្យបាន​ស៊ីជម្រៅ​ថែមទៀត ​ដើម្បី​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅនឹង​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​តម្រូវការ​សង្គម និង​ចរន្ត​តំបន់​ភាវូបនីយកម្ម និង​សកលភាវូបនីយកម្ម​ទាំងនេះ​។

ក្នុងន័យនេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានផ្តល់​នូវ​ទស្សនទាន​ណែនាំ​ជា​គន្លឹះ​ថា ​“​កំណែទម្រង់​រស់ បើ​មិន​ធ្វើកំណែទម្រង់​ស្លាប់​”“​កំណែទម្រង់ គឺជា​កត្តា​ស្លាប់​រស់​របស់​កម្ពុជា​” “​កម្ពុជា​គ្មាន​ជម្រើស​ណា​ល្អប្រសើរ​ក្រៅពី​ការធ្វើកំណែទម្រង់​ទេ​ក្នុងឱកាស​ដែល​ប្រទេសជាតិ​យើង​កំពុងតែ​ទទួលផល​ចំណេញ​ពី​សន្តិភាព​និងស្ថេរភាព​ដែល​យើង​ខិតខំ​កសាង​និង​ការពារ​បាន​យ៉ាង​លំបាក​” ។

សម្តេច​ក្រឡាហោម​បាន​លើក​ជា​សំណួរ​ថា​ កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ ​គឺជា​កំណែទម្រង់​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុងចំណោម​កម្មវិធី​កំណែទម្រង់​នានា​នៃ​ប្រព័ន្ធ​អភិបាល​កិច្ច​របស់​រាជរដ្ឋាភិបាល​។ ដូច្នេះ​តើ​កំណែទម្រង់​វិមជ្ឈការ ​និង​វិសហមជ្ឈការ​មានន័យ​ដូចម្តេច​?​តើ​ហេតុអ្វី​បានជា​រាជរដ្ឋាភិបាល​សម្រេចចិត្ត​ធ្វើកំណែទម្រង់​នេះ​ក្នុង​ប្រព័ន្ធ គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​? តើ​ការអនុវត្ត​កំណែទម្រង់​នេះ​បានសម្រេច​លទ្ធផល​អ្វីខ្លះ និង​មាន​ទិសដៅ​ទៅ​អនាគត​យ៉ាងដូចម្តេច​?

ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​(​គ​.​ជ​.​អ​.​ប​) និង​សហការី​ពិសេស​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប​រីករាយ​ក្នុង ការបកស្រាយ​និង​ជជែក​ពិភាក្សា​ជាមួយ​បងប្អូន​ជនរួមជាតិ​លើ​សំណួរ​ទាំងនេះ​ជា​បន្តបន្ទាប់​នៅក្នុង​គេហទំព័រ​ហ្វេ​ស​បុក​របស់​សម្តេច៕

អត្ថបទ៖​ ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម