ព័ត៌មានជាតិ
ស្ថានទូតចិន បញ្ជាក់ពីដំណើរ ទស្សនកិច្ច របស់លោក Wang Yi នៅកម្ពុជា និងប្រទេសមួយ ចំនួនទៀត
ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា បានបញ្ជាក់អំពីដំណើរទស្សនកិច្ចផ្លូវការ របស់លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នៅប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង ដោយ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
បើតាមស្ថានទូតទូតចិន ដំណើរទស្សនកិច្ច នៅតាមបណ្តាប្រទេសទាំងអស់នេះ ធ្វើឡើងតបតាមការ អញ្ជើញ របស់លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Bui Thanh Son រដ្ឋមន្រ្តីការបរ ទេសវៀតណាម, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា, លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងលោក Chung Eui-yong រដ្ឋមន្ត្រីការ បរទេសកូរ៉េខាងត្បូង។
ជាមួយគ្នានោះ លោក Wang Yi នឹងអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការបញ្ជាការកិច្ច សហប្រតិបត្តិការទ្វេភាគីចិន-វៀតណាម ជាមួយលោក Pham Binh Minh។ ស្ថានទូតចិន បានបញ្ជាក់ដែរថា ប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង សុទ្ធតែជាប្រទេសជិតខាង និងជាដៃគូកិច្ចសហប្រតិ បត្តិការ ដ៏សំខាន់របស់ចិន។ ប្រឈមមុខជាមួយជំងឺវីរុសកូវីដ-១៩ ចិននិងប្រទេសជិតខាងបាន ជួយគ្នាទៅ វិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បានបោះជំហានទៅមុខក្នុងកិច្ចទប់ ស្កាត់ជំងឺវីរុសជាសកល និងការស្តារ ជាថ្មីក្រោយពីបញ្ចប់ជំងឺវីរុសកូវីដ។
ដំណើរទស្សនកិច្ចរបស់លោក Wang Yi បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងទឹកចិត្តដ៏ស្មោះ របស់ ភាគីចិនជូនចំពោះប្រទេសទាំង៤ ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិ ការយ៉ាង ស៊ីជម្រៅ និងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។
ក្នុងឱកាស នៃការបំពេញទស្សនកិច្ចនេះ លោក Wang Yi នឹងពិភាក្សាយុទ្ធសាស្រ្ត កាន់តែស៊ីជម្រៅជាមួយ បណ្ដាភាគី ដើម្បីជំរុញអនុវត្តកុងសុងស៊ីសសំខាន់ៗ ដែលបានឯកភាពគ្នាដោយលោកប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ផ្តោតសំខាន់លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស និងកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍន៍ ជំរុញកិច្ចផ្ទៀងផ្ទាត់រវាងផែនការអភិវឌ្ឍន៍ថ្មី ដែលបង្កើតឡើងដោយចិន និងយុទ្ធសាស្រ្តអភិ វឌ្ឍន៍របស់បណ្ដាប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចកសាងសហគមន៍ វាសនារួមសម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ។
ភាគីចិនរីករាយសហការជាមួយប្រទេសទាំងបួន ជំរុញទំនាក់ទំនងទ្វេភាគីឱ្យទទួលបាន សមិទ្ធផលផ្លែផ្កាថ្មីៗ ឥតឈប់ឈរ រួមគ្នាការពារពហុភាគីនិយម និងយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិ បញ្ចូលថាមពលវិជ្ជមាន កាន់តែច្រើនដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ ក្នុងតំបន់រហូតដល់លើពិភពលោក។
ទោះជាយ៉ាងណា ស្ថានទូតចិនមិនបានបញ្ជាក់ ពីការមកដល់កម្ពុជា របស់លោក Wang Yi នោះទេ តែបើ យោងតាមប្រភពមួយចំនួនបានអះអាងថា លោក Wang Yi នឹងមកដល់កម្ពុជានៅថ្ងៃទី១២ ខែកញ្ញា ហើយ ក្រោយពីជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាដើម លោកនឹង ចូលរួមពិធីប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោឲ្យកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅ ល្ងាចថ្ងៃដដែល។ នេះបើតាមការបញ្ជាក់ពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិ ការជាតិអូឡាំ ពិកកម្ពុជា។
បើតាមលោក វ៉ាត់ ចំរើន ពហុកីឡាដ្ឋានជាតិមរតកតេជោ គ្រោងនឹងធ្វើពិធីប្រគល់ និងទទួល នៅក្នុងដំណើរ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន នាចុងសប្តាហ៍នេះ ដែលការប្រារព្ធនឹងធ្វើឡើង នៅមុខវិមានឈ្នះឈ្នះ។ លោកថា គម្រោងសម្ពោធពហុ កីឡដ្ឋាននេះ ភាគីទាំងពីរកម្ពុជា ចិនបានព្រមព្រៀងគ្នារួចហើយ ដោយកំណត់យកឱកាស នៃដំណើរបំពេញ ទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសចិន ធ្វើពិធីសម្ពោធជាផ្លូវការតែម្តង។ ប៉ុន្តែមិនទាន់កំណត់ថ្ងៃឲ្យបាន ច្បាស់លាស់ នឹងត្រូវប្រារព្ធធ្វើពិធីអ្វីខ្លះនោះទេ។
លោក វ៉ាត់ ចំរើន បានបន្តទៀតថា ការផ្ដល់កិត្តិយសចូលរួមសម្ពោធ ពហុកីឡដ្ឋានមរតកតេជោ ពីសំណាក់ លោក វ៉ាង យី ដែលជាមន្ត្រីដ៏មានឥទ្ធិពលខ្លាំងរបស់ចិននេះ នឹងធ្វើឲ្យពហុកីឡដ្ឋានមរតកតេជោ កាន់តែ ល្បីខ្ទរខ្ទារ និងកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់ពិភពលោកមកលើកម្ពុជាបន្ថែមទៀត។
សូមបញ្ជាក់ថា គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតំាងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ មានទំហំផ្ទៃដីជាង ៨៥ហិកតានេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ប្រមាណ១៦០ លានដុល្លារ គឺដើម្បីត្រៀមសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជានឹងធ្វើ ជាម្ចាស់ផ្ទះ។
ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែ មេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កីឡដ្ឋានលំដាប់ អន្តរជាតិនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជន ត្រឹមរយៈពេល ៧នាទី ក្នុងករណីមានហេតុការណ៍ មិនប្រក្រតីកើតឡើង៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី