ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស្នើសុំផ្ដល់អាទិភាពជូនមន្ត្រីជាជនជាតិដើមភាគតិចក្នុងការជំនួសតំណែងអភិបាលរងខេត្តរតនគិរី
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តរតនគិរី ត្រូវពិភាក្សាគ្នាដើម្បីរៀបចំសមាសភាពអភិបាលរងខេត្តម្នាក់មកជំនួសលោក ញ៉ែម សំអឿន ដែលឡើងពីអភិបាលរងខេត្ត មកធ្វើជាអភិបាលខេត្តក្នុងនោះសម្ដេចបានស្នើឱ្យពិនិត្យលទ្ធភាពផ្ដល់អាទិភាពជូនមន្ត្រីជាជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរីតែងម្តង ។

សម្ដេចក្រឡាហោម ស ខេង បានស្នើបែបនេះ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ លោក ញ៉ែម សំអឿន ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ជំនួសលោក ថង សាវុន ដែលត្រូវតែងតាំងជាអភិបាលនៃគណៈភិបាលខេត្តមណ្ឌលគិរី ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «ដោយសារលោក ថង សាវុន ត្រូវទៅកាន់តំណែងជាអភិបាលខេត្តមណ្ឌលគិរី ហើយត្រូវរើសលោក ញ៉ែម សំអឿន ពីអភិបាលរងខេត្ត មកជំនួយលោក ថង សាវុន ដូចនេះ វាត្រូវខ្វះអភិបាលរងម្នាក់ ដូចនេះខ្ញុំឱ្យថ្នាក់ដឹកនាំក្រុមការងារចុះជួយមូលដ្ឋានខេត្ត ដែលមានលោក ជៀង អំ ជាប្រធាននិងក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តរតនគិរី ថ្មី ពិភាក្សាគ្នាដើម្បីរៀបចំសមាសភាពអភិបាលរងខេត្តម្នាក់មកជំនួសលោក ញ៉ែម សំអឿន ហើយខ្ញុំស្នើឱ្យពិនិត្យលទ្ធភាពផ្ដល់អាទិភាពជូនមន្ត្រីជាជនជាតិដើមភាគតិចដែលកំពុងបំពេញកិច្ចការនៅក្នុងខេត្តនេះតែម្តង» ។

ខេត្តរតនគិរី ស្ថិតនៅភាគឦសាន្តនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ៥៨៨ គ.ម មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកន្ទូមនិងខេត្តយ៉ាឡាយនៃ ប្រទេសវៀតណាម ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងជើងជាប់នឹងខេត្តអត្តពឺ របស់ឡាវ និងត្បូងជាប់នឹងខេត្តមណ្ឌលគិរី ។
ខេត្តរតនគិរី ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩ ព្រះហស្តលេខាដោយសម្តេច ព្រះនរោត្តម សុរាម្រិត ដែលត្រូវបានកាត់ចេញពីខេត្តស្ទឹងត្រែង មានតំបន់រដ្ឋបាលនៅស្រុកអណ្តូងពេជ្រ(ស្រុកបរកែវបច្ចុប្បន្ន )។
ចាប់ពីឆ្នាំ១៩៧៩ ខេត្តរតនគិរី បានរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដោយមានទីរួមខេត្តនៅស្រុកវើនសៃ ក៏ប៉ុន្តែដោយសារស្ថានភាពប្រទេសទើបតែរួចផុតពីសង្គ្រាមរាំរ៉ៃ ខេត្តរតនគិរី នៅពេលនោះពុំទាន់មានផ្លូវគមនាគមន៍តភ្ជាប់ពីខេត្តមួយទៅខេត្តមួយនោះទេ គឺការធ្វើដំណើរត្រូវប្រើប្រាស់មធ្យោបាយយន្តហោះឬត្រូវធ្វើដំណើរ វាងតាមប្រទេសវៀតណាមដើម្បីទៅកាន់រាជធានីភ្នំពេញ ។

អតីតថ្នាក់ដឹកនាំខេត្តរតនគិរី ចាប់ពីឆ្នាំ១៩៧៩ដល់បច្ចុប្បន្នរួមមានលោក ប៊ូ ជួង (១៩៧៩-១៩៨៨)បានកាន់ តំណែងជាអភិបាលខេត្ត ។ លោកស្រី ឡាក់ អូន ជាអភិបាលខេត្ត (ឆ្នាំ១៩៨៨-១៩៩៣) ។ លោក ខាំ ឡែន (ឆ្នាំ១៩៩៣-១៩៩៥) ។ លោក កែប ជុតិមា (ឆ្នាំ១៩៩៥-១៩៩៩)។ លោក ខាំ ខឿន (ឆ្នាំ១៩៩៩-២០០៥) ។លោក មួង ប៉យ (ឆ្នាំ២០០៥-២០០៩) ។ លោក ប៉ាវ ហមផាន (ឆ្នាំ២០០៩-២០១៤) និងលោក ថង សាវុន (ឆ្នាំ២០១៤-២០២១ ) ។ ជាការកត់សំគាល់គណៈអភិបាលខេត្តនេះ ភាគច្រើនជាបងប្អូនជនជាតិភាគតិច ។
បច្ចុប្បន្នរដ្ឋបាលខេត្តរតនគិរី មានផ្ទៃដី ១០,៧៨២គីឡូម៉ែត្រការ៉េ ត្រូវបានបែងចែករចនាសម្ព័ន្ធរដ្ឋបាលដែនដីជា០១ក្រុង ០៨ស្រុក ០៤សង្កាត់ ៤៦ឃុំ និង២៤៣ភូមិមាន ប្រជាជនសរុបចំនួន ២០១.៥៤៧នាក់ ស្រីចំនួន ៩៩.២៣៨ នាក់ គ្រួសារសរុបចំនួន ៤៦.០៨៣ គ្រួសារ,ពលរដ្ឋមានអាយុ១៨ឆ្នាំឡើងមានចំនួន ១០១.៣៩០នាក់មាន ដង់ស៊ីតេប្រជាជន ១៨ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ(ស្ថិតិឆ្នាំ២០១៨) អត្រាកំណើនប្រជាជនប្រចាំឆ្នាំមាន៣,០៦% ។ នៅក្នុងខេត្តរតនគិរីជាខេត្តមួយចម្រុះដោយជន ជាតិដើមភាគតិចមានប្រមាណជាង ៦០%នៃប្រជាពលរដ្ឋសរុបមានចំនួន៨ ជនជាតិរួមមាន៖ជនជាតិទំពួន កាចក់ កាវែត លន់ ព្រៅ ចារាយ ព្នងនិងគ្រឹង៕
អត្ថបទ៖ ណារី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


