ព័ត៌មានជាតិ
លោក កឹម សុខា មិនគាំទ្រក្រុមអ្នកនយោបាយណា ដែលប្រើប្រាស់ហិង្សា ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន
លោក មុត ចន្ថា មន្ត្រីជំនិតរបស់លោក កឹម សុខា បានថ្លែងប្រាប់កម្ពុជាថ្មី ថា លោក កឹម សុខា តែងបង្ហាញនូវឆន្ទៈ និងបំណងប្រាថ្នា ដោយឥតប្រែប្រួល ពីការបង្រួបបង្រួមខ្មែរ ហើយលោក កឹម សុខា ក៏ធ្លាប់បានបញ្ជាក់អំពីគោលការណ៍ និងជំហររបស់លោក នៅសាលា ដំបូងភ្នំពេញថា លោកមិនគាំទ្រ ឬធ្វើសហការជាមួយអ្នកនយោបាយ ឬក្រុមអ្នកនយោបាយណា ដែលនិយមហិង្សា ឬប្រកាសប្រើប្រាស់ហិង្សាជាមធ្យោបាយ ដើម្បីសម្រេចនូវមហិច្ឆតានយោបាយរបស់ខ្លួន និងនាំឱ្យប៉ះពាល់ ដល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
ការលើកឡើងរបស់លោក មុត ចន្ថា បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានប្រកាសពីជំហររបស់ខ្លួននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃម្សិលមិញ និងបន្ទាប់ពីលោក សម រង្ស៊ី ក៏ដូចជាក្រុមបក្ខពួកមួយចំនួន ដែលកំពុងរស់នៅក្រៅប្រទេស បានប្រកាសពីការវិលត្រឡប់ចូលមកប្រទេសកម្ពុជា ជាថ្មី នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ខាងមុខ ដើម្បីដឹកនាំប្រជាពលរដ្ឋ បះបោរប្រឆាំងរាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមលេស និងហេតុផលថា ជារដ្ឋាភិបាលមិនស្របច្បាប់ និងផ្តាច់ការជាដើម។

លោក មុត ចន្ថា បញ្ជាក់យ៉ាងនេះថា “ឯកឧត្តម កឹម សុខា បានបញ្ជាក់អំពីជំហរនយោបាយយ៉ាងជាក់លាក់ជាច្រើន លើកថា “ប្រទេសកម្ពុជា ជាមាតុភូមិ ជាទឹកដីកំណើត ជាកន្លែងដែលខ្ញុំ កើត រស់ និងស្លាប់ ដែលខ្ញុំមិនអាចបោះបង់ និងមិនគាំទ្រអ្នកណា ដែលបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ និងមាតុភូមិកម្ពុជាឡើយ ទោះបីខ្ញុំស្ថិតក្នុងស្ថានភាពណាក៏ដោយចុះ”។ លោកបន្តថា ខណៈដែលលោក កឹម សុខា កំពុងតែជាប់បម្រាបតុលាការដល់ទៅពីរជាន់ គឺសាលដីការបស់តុលា ការកំពូល ខែវិច្ឆិកា ឆ្នាំ២០១៧ និងសាលាដំបូងភ្នំពេញ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលហាមលោកធ្វើសកម្មភាពនយោបាយ ឬថ្លែងសារនយោបាយ ឬចេញសេចក្តីថ្លែងការណ៍នយោបាយជាសាធារណៈ។
ទោះជាយ៉ាងនេះក្តី លោក មុត ចន្ថា បានអះអាងថា “លោក កឹម សុខា បានបញ្ជាក់អំពីគោលការណ៍ និងជំហររបស់លោកយ៉ាងច្បាស់ខ្លាំងៗ នៅចំពោះមុខអង្គសវនការជាច្រើនលើក នៃសាលាដំបូងភ្នំពេញថា លោកមិនគាំទ្រ ឬធ្វើការជាមួយ ឬធ្វើសហប្រតិបត្តិការជាមួយអ្នកនយោបាយ ឬក្រុមអ្នកនយោបាយណាដែលនិយមហិង្សា ឬប្រកាសប្រើប្រាស់ហិង្សាជាមធ្យោបាយ ដើម្បីសម្រេចនូវមហិច្ឆតានយោបាយរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់និងខូចប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរឡើយ”។
លោកមានជំនឿយ៉ាងមុតមាំថា លោក កឹម សុខា នឹងប្រកាសអំពីជំហរនយោបាយរបស់លោក នៅពេលលោកមានឱកាសសមរម្យភ្ជាប់ជាមួយសេរីភាពនយោបាយពេញលេញ។
លោកដឹងយ៉ាងប្រាកដដោយគ្មានភាពសង្ស័យថា លោក កឹម សុខា មិនកំសាកក្នុងការធ្វើសេចក្តីសម្រេចចិត្ត ឬការប្រកាសណាមួយ ដែលបម្រើ និងការពារប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ ហើយនិងភាពសុខសាន្តរបស់ជាតិ។ ដូច្នេះ លោកជឿជាក់ថា ពេលវេលា នឹងបញ្ជាក់ពីសច្ចភាព។

សូមបញ្ជាក់ថា លោក កឹម សុខា កាលពីថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ការបង្រួបបង្រួមខ្មែរ គឺជាកាតព្វកិច្ច និងជាកិត្តិយសរបស់ខ្មែរ ជាពិសេសរបស់អ្នកដឹកនាំគ្រប់រូប។ ការកម្ចាត់គ្នា នាំឲ្យបាត់បង់ពេលវេលា និងធនធាន ដើម្បីបម្រើ ការពារ និងកសាងមាតុភូមិកម្ពុជា ដើម្បីខ្មែរទាំងអស់គ្នា។ លោកដឹងច្បាស់ថា លោកមិនមានសិទ្ធិ សេរីភាពពេញលេញចង់ធ្វើអ្វី ចង់និយាយស្តីអ្វី ដើម្បីជាប្រយោជន៍ឲ្យបានច្រើនសម្រាប់មាតុភូមិកម្ពុជា សង្គមខ្មែរ និង ប្រជាពលរដ្ឋខ្មែរជាទីស្រឡាញ់របស់លោកឡើយ ក៏ប៉ុន្តែអ្វីដែលលោកអាចធ្វើបាន ដោយមិនរំលោភច្បាប់ទម្លាប់ត្រឹមត្រូវ ឬមិនប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃ លោកព្យាយាមធ្វើតាមលទ្ធភាព ដើម្បីខ្មែរ ។ ទោះបី នៅកន្លែងខ្លះមានសមត្ថកិច្ចសហការណ៍ល្អ កន្លែងខ្លះមិនសហការក៏ដោយ ហើយអ្វីដែលមិនអាចធ្វើបាន ទោះបីមានអ្នកខ្លះប្រឹងរុញច្រានឲ្យចូលក្នុងអន្ទាក់គេក៏ដោយ លោកនៅតែរក្សាជំហរ អហិង្សា មិនយកខ្មែរណាជាសត្រូវ មិនបង្កជម្លោះ មិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ និងប្រទេសជាតិខ្លួនឡើយ។
លោក កឹម សុខា បានអះអាងខ្លួនឯងទៀតថា “ខ្ញុំបានកំណត់ហើយថា “ប្រជាពលរដ្ឋខ្មែរ ជាជនរួមជាតិ ជាជនរួមឈាម ជាបងប្អូនរបស់ខ្ញុំ” ហើយ “ប្រទេសកម្ពុជា ជាមាតុភូមិ ជាទឹកដីកំណើត ជាកន្លែងដែលខ្ញុំ កើត រស់ និងស្លាប់” ដែលខ្ញុំមិនអាចបោះបង់ និងមិនគាំទ្រអ្នកណា ដែលបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ និងមាតុ ភូមិកម្ពុជាឡើយ ទោះបីខ្ញុំស្ថិតក្នុងស្ថានភាពណាក៏ដោយចុះ”។
បើតាមលោក កឹម សុខា ក្នុងរយៈពេលប្រមាណបីខែចុងក្រោយនេះ លោកអាចធ្វើដំណើរទៅតាមមូលដ្ឋានខ្លះ ដើម្បីចូលរួមក្នុងពិធីទំនៀមទម្លាប់ប្រពៃណី សាសនាខ្មែរ បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងបានស្វែងយល់ពីជីវភាពរស់នៅរបស់ជនរួមជាតិដោយផ្ទាល់ ហើយកាន់តែធ្វើឲ្យលោកអាណិត ស្រឡាញ់ និងដឹងគុណបំផុតចំពោះមាតុភូមិកម្ពុជា និងជនរួមជាតិខ្មែរ មិនអាចបោះបង់បានឡើយ។ លោកបន្តថា ទឹកដីយើង មានភូមិសាស្ត្រ និងធនធានធម្មជាតិ អំណោយផលល្អណាស់ ឲ្យតែយើងគ្រប់ គ្រងបានត្រឹមត្រូវ មិនបំផ្លិចបំផ្លាញ រីឯប្រជាពលរដ្ឋខ្មែរភាគច្រើនជាទូទៅមានទឹកចិត្តល្អគួរឲ្យគោរពស្រឡាញ់ណាស់ បើយើងមិនលើកទឹកចឹត្តឲ្យមានការរើសអើង សងសឹកគ្នានោះទេ ខ្មែរអាចរស់នៅដោយឯករាជ្យភាព ដោយសុខដុមរមនា និងដោយវឌ្ឍនភាពសម្រាប់ខ្មែរដូចគ្នា៕
អត្ថបទ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


