Connect with us

ព័ត៌មានជាតិ

ផ្ដន្ទាទោសអតីតប្រធាន ការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តតាកែវ ដាក់ពន្ធនាគារ២៧ឆ្នាំ

បានផុស

នៅ

លោក ឈុន សុមេធា អតីត​ប្រធាន ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២៧​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ ជួញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​ ចំណែក​នារី​កំណាន់ឈ្មោះ កេ​ន ចាន់​រី ត្រូវបានផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​កំណត់​២៣​ឆ្នាំ ក្រោម​បទចោទ​ប្រកាន់​ដូចគ្នា ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ត្រូវ​នាំខ្លួន​មក​កាត់ទោស​កាលពី​ព្រឹក​ថ្ងៃទី០៣​ ខែកញ្ញា ឆ្នាំ​២០២១ ពាក់ព័ន្ធ​និង​ថ្នាំញៀន​ជិត​២​គីឡូក្រាម ។​ ជនជាប់ចោទ​គឺ​លោក ឈុន សុមេធា និង​នារី​កំណាន់​ឈ្មោះ កេ​ន ចាន់​រី រស់នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​អង្គរបុរី ខេត្តតាកែវ ។​ នៅក្នុង​សវនាការកន្លងទៅ ជនជាប់ចោទ ឈុន សុមេធា បាន​បដិសេធ​ដាច់អហង្កា​ថា​ខ្លួន​គាត់​មិនបាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​ទេ​របស់​តុលាការ​ទេ ។

ជនជាប់ចោទ​បាន​ឆ្លើយថា គាត់​ជាម​ន្ត្រី​អាវុធហត្ថ​ផ្នែក​ប្រឆាំង​គ្រឿងញៀន ដូច្នេះ​មិនមាន​ហេតុផល​ណា​ដែល​គាត់​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ទេ ។​ ផ្ទុយ​ពី​ចម្លើយ​បដិសេធ​របស់​លោក ឈុន សុមេធា នារី​កំណាន់​ឈ្មោះ កេ​ន ចាន់​រី បែរជា​សារភាពថា ​ពួកគេ​ជា​អ្នកយក​គ្រឿងញៀន​មក​លក់ តែ​លក់​អោយ​ម៉ូយ​ដែលជា​ភ្នាក់ងារ​ប៉ូលីស​ប្រឆាំង​គ្រឿងញៀន​ទៅវិញ​ទើបត្រូវ​ចាប់ខ្លួន ។​

មន្ត្រីនគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដែល​បាន​ចូលមក​ឆ្លើយបំភ្លឺ​អោយ​តុលាការ​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ ដោយមាន​ការ​អនុញ្ញាត​ពី​ស្ថា​ប័ណ្ណ​អយ្យា​ការ បាន​ប្រើ​វិធាន​ញុះញង់​ទើប​អាច​ចាប់​ជនល្មើស​បាន​និង​រឹបអូស​ភស្តុតាង​នៅ​ក្នុង​ដៃ​ជាក់ស្ដែង ។​

សូម​រំលឹកថា កាលពី​ល្ងាច​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ស្ថានីយ​សាំង​សូគីម៉ិច ក្នុង​សង្កាត់​ស្ទឹងមានជ័យ នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បានធ្វើ​ចាប់ខ្លួនលោក ឈុន សុមេធា នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​បក្សពួក​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ជាង​២​គីឡូក្រាម​។​

បន្ទាប់មក​នគរបាល បានធ្វើ​ការឆែកឆេរ នៅផ្ទះ​របស់​ជនសង្ស័យ ឈុន សុមេធា នៅ​ភូមិ​កំពង់ហ្លួង ឃុំ​អង្គរ​បូរី​ស្រុក​អង្គរ​បូរី ខេត្តតាកែវ បាន​ដកហូត​វត្ថុតាងរួមមាន អាវុធខ្លី​ចំនួន​០២​ដើម (​ប្រើ​ហ្គាស់​) ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១​គ្រឿង និង​រុក្ខជាតិ​ញៀន (​កញ្ឆា​) ក្រៀម​ចំនួន​០២​ស្បោង ។ បន្ទាប់មក​ធ្វើការ​ឆែកឆេរ នៅ​បន្ទប់​ជួល​របស់​ឈ្មោះ កេ​ន ចាន់​រី (​ដែលជា​បក្សពួក ) ភេទ​ស្រី នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដកហូត​បាន​វត្ថុតាងរួមមាន ម៉ាស៊ីន​កាមេរ៉ា​សុវត្ថិភាព​ចំនួន​០១​គ្រឿង ស្លាក​លេខ​ម៉ូតូ​ចំនួន​០៣​គ្រឿង និង​កាត​គ្រី​ម៉ូតូ​២​សន្លឹក ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម